អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួមទទួលបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ សំដៅប្រក្រតីភាពទំនាក់ទំនង
(VOVWORLD) - អ៊ីស្រាអែលនិង អេមីរ៉ាតអារ៉ាប់រួម (UAE) នៅថ្ងៃទី ១៣ ខែសីហា ទទួលបានកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រជាមួយនឹងការសម្រុះសម្រួលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ដូច្នេះ ប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះបានប្រក្រតីភាពទំនាក់ទំនង។
ទង់ជាតិអេមីរ៉ាតអារ៉ាប់រួម (ខាងលើ) និងអ៊ីស្រាអែល (រូបថត៖ AFP) |
ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ក្រុមមន្ត្រីជាន់ខ្ពស់របស់សេតវិមានបានឲ្យដឹងថា៖ ក្នុងកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលបានឯកភាពបញ្ឈប់ការប្រកាសអធិបតេយ្យភាពចំពោះតំបន់ West Bank ដែលប្រទេសនេះកំពុងពិភាក្សាអំពីការដាក់បញ្ចូល។
មានប្រតិកម្មចំពោះព្រឹត្តិការណ៍នេះ នាថ្ងៃទី១៣ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donlad Trump បានអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិង UAE។ លោកបានសង្កត់ធ្ងន់ថា៖
“ក្រោយរយៈពេល ៤៩ ឆ្នាំ អ៊ីស្រាអែល និង UAE បានប្រក្រតីភាពទំនាក់ទំនងការទូតវិញវិញហើយ។ ភាគីទាំងពីរនឹងបើកស្ថានទូតនៅប្រទេសគ្នាទៅវិញទៅមក ហើយនឹងចាប់ផ្ដើមសហប្រតិបត្តិការលើគ្រប់វិស័យ។ កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងតំបន់មជ្ឈឹមបូព៌ាប្រកបដោយសន្តិភាព សុវត្ថិភាព និងវិបុលភាព”។
បណ្តាប្រទេសអារ៉ាប់នាថ្ងៃទី ១៣ ខែសីហាបានអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្ររវាង អេមីរ៉ាតអារ៉ាប់រួមនិងអ៊ីស្រាអែល ខណៈដែល ប៉ាឡេស្ទីនបានបដិសេធកិច្ចព្រមព្រៀងនេះ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi និងថ្នាក់ដឹកនាំ បារ៉ែនក៏បានអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះផងដែរ៕