អេហ្ស៊ីប និងហ្ស៊កដានី បានអំពាវនាវឱ្យបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា និងបានព្រមានអំពីសោកនាដកម្មនៅក្នុងតំបន់
(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែតុលា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi និង ព្រះមហាក្សត្រហ្ស៊កដានី ស្តេច Abdullah II បានជួបពិភាក្សាគ្នានៅទីក្រុងគែរ (អេហ្ស៊ីប) ។ បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានអំពាវនាវឱ្យបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សាជាបន្ទាន់ ហើយបានច្រានចោលផែនការរបស់អ៊ីស្រាអែលក្នុងការបង្ខំឲ្យប្រជាជននៅតំបន់ហ្គាហ្សា ផ្លាស់ទីលំនៅ។
ប្រធានាធិបតី El-Sisi និងស្តេច Abdullah II បានអំពាវនាវឱ្យបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា ។ រូបថត៖ VOV-Cairo |
នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងពីររូបបានព្រមានពីសោកនាដកម្មនៅក្នុងតំបន់ ប្រសិនបើជម្លោះនៅតំបន់ហ្គាហ្សាបន្តរីករាលដាល។ ប្រធានាធិបតី El-Sisi និងស្តេច Abdullah II ក៏បានថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យ Al-Ahli ក្នុងតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យការពារជនស៊ីវិលប៉ាឡេស្ទីន លុបចោលការបិទជិត និងផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។
ក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត កងទ័ពអ៊ីស្រាអែលនាយប់ថ្ងៃទី ១៩ ខែតុលា បានប្រកាសពីការត្រៀមរៀបចំសម្រាប់យុទ្ធនាការលើគោកមួយក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ថា ពលរដ្ឋអ៊ីស្រាអែលចំនួន ២០៣នាក់ត្រូវបានចាប់ខ្លួននៅតំបន់ហ្គាហ្សា និងប្រហែល ១០០នាក់ទៀតកំពុងបាត់ខ្លួន។
នៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ស្ថានទូតអ៊ីស្រាអែលនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ដូចជា បារ៉ែន ហ្ស៊កដានី ម៉ារ៉ុក អេហ្ស៊ីប និងទួរគី ត្រូវបានជម្លៀសចេញប្រកបដោយសុវត្ថភាព។ ក្រសួងការបរទេសអ៊ីស្រាអែលក៏បានតម្រូវឱ្យកម្ត្រីការទូតនៅតាមស្ថានទូតចំនួន ២០ របស់ប្រទេសនេះ នៅជុំវិញពិភពលោក ជាពិសេសអឺរ៉ុប និងអាមេរិកឡាទីន ស្នាក់នៅក្នុងផ្ទះ ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យនៃអសន្តិសុខ៕