ឥណ្ឌានិងចិនកំណត់ពេលវេលាសម្រាប់ការសន្ទនាស្តីពីភាពតានតឹងតាមព្រំដែន
(VOVWORLD) - មន្ត្រីជាន់ខ្ពស់ឥណ្ឌានិងចិននឹងមានកិច្ចសន្ទនាសំខាន់ស្តីពីបញ្ហាព្រំដែននៅថ្ងៃទី ៦ ខែមិថុនា។ នេះជាព័ត៌មានត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh នាំចេញនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN News18 នាថ្ងៃទី ២ ខែមិថុនា។
ប្រធានរដ្ឋចិន លោក Xi Jinping (ខាងស្តាំ) និងនាយករដ្ឋមន្រ្តី Narendra Modi (ឆ្វេង) នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង Bishkek នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន |
នៅក្នុងបទសម្ភាសន៍នេះ លោក Singh បានទទួលស្គាល់ថា នៅតែមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហាព្រំដែនរវាងចិននិងឥណ្ឌា។ កាលពីចុងខែមុន ទីក្រុងប៉េកាំងបានដាក់ពង្រាយទាហានយ៉ាងច្រើនទៅកាន់តំបន់ព្រំដែន។ ជាការតបតវិញ ឥណ្ឌាក៏បានបញ្ជូនទាហានចំនួន ៥០០០ នាក់បន្ថែមទៀត ទៅកាន់តំបន់ Ladakh នៃជួរភ្នំហិម៉ាឡៃយ៉ា ដើម្បីពង្រឹងកងកម្លាំង ដែលកំពុងកាន់កាប់តំបន់ដីនៅតាមបណ្តោយបន្ទាត់ត្រួតពិនិត្យជាក់ស្តែង ដែលឥឡូវនេះត្រូវបានគេចាត់ទុកថាជាព្រំដែនជាមួយចិន។
ទាក់ទងនឹងបញ្ហានេះ នៅថ្ងៃទី ១ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបញ្ជាក់ថា ចិននិងឥណ្ឌានៅតែរក្សាជាប្រចាំនូវទំនាក់ទំនងការទូតនិងយោធា ព្រមទាំងសង្កត់ធ្ងន់ថា ស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរជាទូទៅមានស្ថេរភាពនិងស្ថិតក្រោមការគ្រប់គ្រង។ លោករូបនេះក៏បានបង្ហាញនូវជំនឿថា បញ្ហារវាងចិននិងឥណ្ឌាអាចត្រូវបានដោះស្រាយសមហេតុសមផល តាមរយៈការចរចា៕