ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម
(VOVWORLD) - នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួលស្វាគមន៍មក នាយឧត្តមសេនីយ៍លោក Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ បាញ់ បានឯកភាពថា ឆ្នាំ២០២២ ជាឆ្នាំមានសារសំខាន់ពិសេសសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកំណត់ថាជា “ឆ្នាំមិត្តភាពវៀតណាម- កម្ពុជា កម្ពុជា - វៀតណាម។
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ Trong Duc/TTXVN) |
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការពារប្រទេស (នៃទីក្រុងហាណូយ) លោកនាយឧត្តមសេនីយ៍ Phan Van Giang, រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួលស្វាគមន៍មក នាយឧត្តមសេនីយ៍លោក Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ បាញ់ បានឯកភាពថា ឆ្នាំ២០២២ ជាឆ្នាំមានសារសំខាន់ពិសេសសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកំណត់ថាជា “ឆ្នាំមិត្តភាពវៀតណាម- កម្ពុជា កម្ពុជា - វៀតណាម។ សកម្មភាពជាង ៣០ ដែលមានអត្ថន័យជានិមិត្តរូបខ្ពស់ត្រូវបានក្រសួងការពារជាតិនៃប្រទេសទាំងពីរអនុវត្តន៍ ដូចជាការជួបប្រាស្រ័យមិត្តភាពការពារជាតិតាមព្រំដែនវៀតណាម-កម្ពុជាលើកទីមួយ (ខែឧសភា ឆ្នាំ ២០២២) ពិធីរំលឹកខួបលើកទី ៤៥ ឆ្នាំនៃ “ដំណើរផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត” របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ខែមិថុនា ឆ្នាំ២០២២); កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ និងកម្ពុជា និងសមយុទ្ធសង្គ្រោះ រួមគ្នាលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបីនៅប្រទេសឡាវ (ខែកញ្ញា ឆ្នាំ២០២២)...។
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍លោក ទៀ បាញ់ បានឯកភាពលើខ្លឹមសារនៃផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ២០២៣ រួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន ស្ថានភាព ការសម្របសម្រួលក្នុងការល្បាត ត្រួតពិនិត្យ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់លើគោក និងនៅសមុទ្រ; បង្កើតផែនការឃោសនារយៈពេលវែងស្តីពីទំនាក់ទំនងសាមគ្គីភាព និងជួយគ្នាទៅវិញទៅមករវាងរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ; អនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើខ្លឹមសារពាក់ព័ន្ធក្នុងឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមទី១២; សហការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានស្លាប់នៅកម្ពុជាក្នុងសម័យសង្គ្រាម។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍លោក ទៀ បាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធា និងការពារជាតិ៕