ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធដែលបារព្ធធ្វើឡើងនៅទីក្រុងបាងកកនោះ នាថ្ងៃទី ១ សីហាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងដៃគូនានា បានចូលរួមបណ្តាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងអាស៊ានជាមួយអូស្រ្តាលី ឥណ្ឌា សហភាពអ៊ឺរ៉ុប (EU) កូរ៉េខាងត្បូងនិងកាណាដា។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន - LMI (រូបថតៈ TTXVN) |
អញ្ជើញថ្លែងមតិនៅបណ្តាកិច្ចប្រជុំពោលខាងលើ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមតែងតែ យកចិត្តទុកដាក់យ៉ាងខ្លាំងនិងរួមចំណែកជាវិជ្ជមានជាមួយប្រទេសអាស៊ានទាំងអស់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ មានប្រសិទ្ធិភាពរវាងអាស៊ាននិងដៃគូក្នុងវិស័យដែលមានផលប្រយោជន៍រួម ដូចជា ផ្លាស់ប្តូរពាណិជ្ជ កម្ម ការវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍអនុតំបន់ ការបណ្តុះបណ្តាលប្រភពធន ធានមនុស្ស ជាពិសេសធនធានមនុស្សមានគុណភាពខ្ពស់ជាដើម។
ទាក់ទងនឹងស្ថានភាពអន្តរជាតិនិងតំបន់ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីបម្រែបម្រួលយ៉ាងស្មុគស្មាញ លើសមុទ្រខាងកើត ក្នុងនោះមានការបន្តសកម្មភាពយោធូបនីយកម្មនិងសកម្មភាពឯកតោភាគីដែលប្រឆាំងនឹងច្បាប់អន្តរជាតិ និងដើរផ្ទុយពីស្មារតីនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ធ្វើអោយអន្តរាយដល់ការជឿទុកចិត្ត ផលប៉ះពាល់អវិជ្ជមានដល់សន្តិភាព សន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់។
រដ្ឋមន្រ្តីអាស៊ាន - សហភាពអឺរ៉ុប (រូបថតៈ TTXVN) |
លោកឧបនាយករដ្ឋ មន្រ្តី ក៏បានបញ្ជាក់ជាថ្មីនូវគោលជំហរ គោលការណ៍របស់អាស៊ាន ដែលក្នុងនោះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការជឿទុកចិត្ត គ្មានយោធូបនីយកម្ម មិនប្រើប្រាស់និងការគំរាមកំហែងប្រើប្រាស់កម្លាំង។ លើកពីនេះទៅទៀតគឺត្រូវគោរពច្បាប់អន្ដរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ព្រមទាំងអនុវត្តយ៉ាងតឹងរឹងនិងពេញលេញនូវសេចក្តីថ្លែងការណ៍ DOC រួមទាំងបញ្ចប់យ៉ាងឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន - កាណាដាថតរូបរួមគ្នា (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបាងកកនោះ នាថ្ងៃទី ១ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបពិភាក្សាការ ងារជាមួយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi ផងដែរ។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងអ្នកជិតខាងជាមួយចិនជានិច្ច។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានជួបជាមួយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន Wang Yi (រូបថត៖ TTXVN) |
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រនាពេលបច្ចុប្បន្ននេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងនូវគោលជំហរ គោលការណ៍របស់វៀតណាមដោយបញ្ជាក់ថា ភាគីទាំងពីរត្រូវខិតខំរក្សាសន្តិភាព ស្ថិរភាព គ្រប់គ្រងល្អនូវការខ្វែងគំនិត ពុំមានសកម្មភាពធ្វើអោយស្ថានភាពកាន់តែស្មុគស្មាញឡើង។ ម្យ៉ាងវិញទៀត ត្រូវដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) ផងដែរ។ ចំណែកឯរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា រដ្ឋាភិបាលចិនតែងតែគោរពទំនាក់ទំនងជាមួយវៀតណាម ដោយបានខិតខំប្រឹងប្រែង រក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជា យល់ស្របនឹងគ្នា ក្នុងការផ្លាស់ប្តូរមតិ ដោះស្រាយអោយសមស្របរាល់បញ្ហាកើតមានឡើង។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសកាណាដា Chrystia Freeland, រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo, រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន, រដ្ឋមន្រ្តីក្រសួងការបរទេសនូវែលសេ ឡង់លោក Winston Peters និងរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab។ ក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្រ្តីនិងដៃគូនានាបានផ្លាស់ប្តូរវិធានការដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តដូចគ្នា៕