ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមបានបញ្ជាក់ពីអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវការនៅចិនរបស់អគ្គលេខាបក្សលោក Nguyen Phu Trong
(VOVWORLD) - ទាក់ទិននឹងលទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Xiong Bo បានបញ្ជាក់ថា ក្រៅពីឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាលើវិស័យផ្សេងៗ ភាគីទាំងពីរបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងនូវកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងចិន -វៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping (រូបថត៖ Tri Dung/TTXVN) |
បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា ក្នុងបទផ្តល់សម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាមលោក Xiong Bo បានអះអាងថា ដំណើរទស្សនកិច្ចបានបញ្ជូនសារយ៉ាងច្បាស់លាស់ថា ភាគីទាំងពីរនឹងបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើរតាមមាគ៌ាសង្គមនិយមយ៉ាងខ្ជាប់ខ្ជួន ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ចិន-វៀតណាម ក្នុងយុគសម័យថ្មី បន្តឈានឡើងមួយកម្រិតទៀត។
ទាក់ទិននឹងលទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Xiong Bo បានបញ្ជាក់ថា ក្រៅពីឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាលើវិស័យផ្សេងៗ ភាគីទាំងពីរបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងនូវកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងចិន -វៀតណាម។ ជាពិសេស លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញប្រគល់មេដាយមិត្តភាពជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងពិធីបំពាក់មេដាយដ៏ឧឡារិក បង្ហាញពីទំនាក់ទំនងមិត្តភាពរបស់បក្សកុម្មុយនិស្តចិន និងប្រជាជនចិនជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និង ប្រជាជនវៀតណាម។ នៅក្នុងពិធីជប់លៀង លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping បានណែនាំដល់លោកអគ្គលេខាបក្ស Nguyen Phu Trong នូវសមាជិកនីមួយៗនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនីតិកាលថ្មី បង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តផ្នែកនយោ បាយរបស់ថ្នាក់ដឹកនាំថ្មីនៃបក្សកុម្មុយនិស្តចិនដោយមានបំណង ចង់រួមជាមួយ វៀតណាមខិតខំប្រឹងប្រែងអភិវឌ្ឍន៍៕