AEM ៥៤ នឹងផ្តោតលើកំណើនសេដ្ឋកិច្ចជាមួយដៃគូនានារបស់អាស៊ាន

(VOVWORLD) - របៀបវារៈរបស់ AEM ៥៤ ផ្តោត លើកំណើនក្នុងតំបន់ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និង ការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចនានា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ប្រទេស នេះកំពុងត្រៀមរៀបចំឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ (AEM ៥៤) នៅ ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ ដល់ ទី១៨ ខែកញ្ញា។ របៀបវារៈរបស់ AEM ៥៤ ផ្តោត លើកំណើនក្នុងតំបន់ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និង ការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចនានា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីនៅពិធីបើក AEM ៥៤ នៅថ្ងៃទី១៤ ខែកញ្ញា។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសសមាជិក អាស៊ានទាំង១០។ ក្រៅពីនោះ ចាប់ពីថ្ងៃទី ១៦ដល់ទី១៨ ខែកញ្ញា រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាននឹងធ្វើកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយដៃគូដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែល សេឡង់ ឥណ្ឌា សហរដ្ឋអាមេរិក កាណាដា រុស្ស៊ី ដែលជាដៃគូក្នុង ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)។
AEM ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនឹងពិភាក្សាអំពីវឌ្ឍនភាពក្នុងសមាហរណកម្ម សហគមន៍សេដ្ឋកិច្ចអាស៊ាន ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូនៅក្រៅអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ