COVID-19៖ ចំនួនអ្នកឆ្លងទូទាំងពិភពលោកកើនលើសពី ១,២ លាននាក់
(VOVWORLD) - យោងតាមគេហទំព័រ worldometers.info បានឲ្យដឹថា គិតត្រឹមថ្ងៃទី ៥ ខែមេសា (តាមម៉ោងនៅវៀតណាម) ករណីឆ្លងជំងឺរាតត្បាត COVID -19 សរុបនៅលើពិភពលោកបានកើនឡើងលើសពី ១,២ លានករណី ហើយករណីស្លាប់មានចំនួនលើសពី ៦៤ ម៉ឺននាក់ផងដែរ។ ជំងឺរាតត្បាតនេះបានជះឥទ្ធិពលដល់ប្រទេសនិងដែនដីចំនួន ២០៦ នៅលើពិភពលោក។
សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោកដោយមានអ្នកឆ្លងជំងឺ COVID-19 លើសពី ៣០ ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ៨.៤០០ នាក់។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថា “សប្តាហ៍ដ៏តឹងតែងបំផុត” សម្រាប់ប្រទេសអាមេរិក នឹងខិតជិតដល់ ហើយ និងលោកបានព្យាករណ៍ថា “មនុស្សបាត់បង់ជីវិតនឹងមានច្រើនដែរ"។ យ៉ាងណាមិញ លោក Trump ក៏បានសន្យាថា នឹងផ្តល់សម្ភារៈបរិក្ខាវេជ្ជសាស្ត្រចាំបាច់ដល់មណ្ឌលសុខភាពសំខាន់ៗ ដើម្បីព្យាបាលឲ្យអ្នកជំងឺឆ្លងវីរុស Sars-Cov-2 នេះនៅទូទាំងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះដែរ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក អឺរ៉ុបមានអ្នកស្លាប់រាប់ពាន់នាក់បន្ថែមទៀតដោយសារជំងឺរាតត្បាត COVID-19 ខណៈដែលចំនួនករណីឆ្លងថ្មីក៏បានកើនឡើងរាប់ម៉ឺននាក់ផងដែរ។ អង់គ្លេស បានកត់ត្រាអ្នកស្លាប់ថ្មីក្នុងថ្ងៃទី ៤ ខែមេសា មានចំនួន ៧០៨ នាក់ ដែលក្នុងនោះមានកុមារអាយុ ៥ ឆ្នាំម្នាក់ត្រូវបានបាត់ជីវិតផងដែរ៕