FIFA បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ និងជួយឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទាត់វៀតណាម
(VOVWORLD) - ប្រធាន FIFA បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមានគោលនយោបាយអភិវឌ្ឍន៍កីឡាយ៉ាងត្រឹមត្រូវ ក្នុងនោះ គឺការអភិវឌ្ឍបាល់ទាត់។ អាស្រ័យហេតុនេះ ចលនាបាល់ទាត់នៅវៀតណាមកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃកម្មវិធី ចូលរួមសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino។
នៅក្នុងជំនួបនេះ ដោយឯកភាពគ្នាជាមួយប្រធាន FIFA នៅពេលអះអាងថាបាល់ទាត់គឺជាស្ពានតភ្ជាប់វប្បធម៌ប្រកបដោយប្រសិទ្ធភាពបំផុតរវាងប្រជាជន នៃបណ្ដាប្រទេស ហើយតាមនោះបានរួមចំណែកដល់សន្តិភាពពិភពលោក លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានស្នើឲ្យ FIFA បន្តសហប្រតិបត្តិការ និងជួយឧបត្ថម្ភសហភាពបាល់ទាត់វៀតណាម ដើម្បីវិស័យកីឡានេះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមបាល់ទាត់វៀតណាមកាន់តែត្រូវបានលើកកម្ពស់ថែមទៀត។
ចំណែក លោក Gianni Infantino ប្រធាន FIFA បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមានគោលនយោបាយអភិវឌ្ឍន៍កីឡាយ៉ាងត្រឹមត្រូវ ក្នុងនោះ គឺការអភិវឌ្ឍបាល់ទាត់។ អាស្រ័យហេតុនេះ ចលនាបាល់ទាត់នៅវៀតណាមកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ លោកប្រធាន Gianni Infantino បានអះអាងថា FIFA នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ និងជួយឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់វៀតណាម លើវិស័យនេះ ហើយថែមទាំងមានគោលបំណងចង់វិលត្រឡប់មកទស្សនាវៀតណាមក្នុងពេលឆាប់ៗនេះផងដែរ៕