G7 ប្រកាសគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋ Bayern ប្រទេសអាឡឺម៉ង់ នៅថ្ងៃទី ២៦ ខែមិថុនា ថ្នាក់ដឹកនាំ G7 បានប្រកាសគម្រោង វិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមនៅជុំវិញពិភពលោក។
មេដឹកនាំ G7 និងអឺរ៉ុបចូលរួមកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៦ ខែមិថុនា។ (រូបថត៖ Reuters) |
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបញ្ចប់សម័យពិភាក្សាមួយនៃកិច្ចប្រជុំកំពូល អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីអាមេរិក លោក Joe Biden រួមជាមួយមេដឹកនាំ G7 មួយចំនួនបានប្រកាសពីគំនិតផ្តួចផ្តើម "ភាពជាដៃគូសម្រាប់ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធពិភពលោក”។ ក្រៅពីការវិនិយោគលើការការពារអាកាសធាតុ ចំណុចស្នូលនៃគម្រោងនេះគឺជាកម្មវិធីវិនិយោគលើប្រព័ន្ធគមនាគមន៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា រហូតមកត្រឹមឆ្នាំ២០២៧ ទឹកប្រាក់ប្រហែល ៦០០ ពាន់លានដុល្លារនឹងត្រូវបានវិនិយោគ។ ដោយឡែកសហរដ្ឋអាមេរិកចង់ផ្តល់ថវិកាប្រមាណ ២០០ ពាន់លានដុល្លារក្នុងការវិនិយោគ សាធារណៈ និងឯកជនសម្រាប់កម្មវិធីនេះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) មានបំណងវិនិយោគប្រហែល ៣០០ពាន់លានដុល្លារលើកម្មវិធីនេះ។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា ប្រទេសសមាជិក G7 ចំនួនពីរគឺអង់គ្លេស និងបារាំង នឹងមិនចូលរួមនៅក្នុងគម្រោងវិនិយោគដ៏ធំសម្បើមដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកនោះទេ៕