Ha Giang មិនត្រូវលះបង់វឌ្ឍនភាព យុត្តិធម៌សង្គម និងបរិស្ថាន ជាថ្នូរនឹងកំណើនសេដ្ឋកិច្ចឯកឯង
(VOVWORLD) - នេះជាការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នាព្រឹកថ្ងៃទី២៨ ឧសភា នៅខេត្ត Ha Giang ក្នុងជំនួបជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Ha Giang ដើម្បីវាយតម្លៃស្ថានភាព និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាលពីឆ្នាំមុន ប៉ុន្មានខែដំបូងនៃឆ្នាំនេះ; កំណត់ទិសដៅ និងភារកិច្ចនាពេលអនាគត។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
យោងតាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Van Son បានឲ្យដឹងថា កាលពីឆ្នាំមុន Ha Giang សម្រេចបាននិងលើសពីគោលដៅដែលបានគ្រោងទុក ២៩/៣៦ ផលិតផលសរុបក្នុងតំបន់កើនឡើង ៧,៦២% លើសពីគោលដៅដែលបានកំណត់។ ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយនៃឆ្នាំនេះបានកើនឡើង ២,៦៥%។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Ha Giang ធានាបាននូវសុខដុមរមនា និងភាពស្អិតរមួតរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចការពារបរិស្ថាន រួមជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ ផ្តោតលើការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ធានាការតភ្ជាប់ក្នុងខេត្ត អន្តរខេត្ត អន្តរតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ ផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។
បន្តផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខ។ កសាងផលិតផលទេសចរណ៍ដែលមានគុណភាពខ្ពស់ និងប្លែកពីគេ ផ្សារភ្ជាប់ជាមួយនឹងប្រពៃណីវប្បធម៌ អត្តសញ្ញាណ និងភាពស្រស់ស្អាតនៃធម្មជាតិ និងប្រជាជន Ha Giang។
មុននោះ នាព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូរដ្ឋាភិបាលបានអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី Vi Xuyen ស្រុក Vi Xuyen ខេត្ត Ha Giang; ចូលរួមក្នុងពិធី និងកាត់ខ្សែបូសម្ពោធសារមន្ទីរខេត្តផងដែរ៕