ICJ តម្រូវឱ្យអ៊ីស្រាអែផ្អាករាល់សកម្មភាពយោធានៅទីក្រុងរ៉ាហ្វា
(VOVWORLD) - តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី ២៤ ឧសភា បានចេញសាលក្រមមួយដែលតម្រូវឱ្យ អ៊ីស្រាអែលផ្អាករាល់សកម្មភាពយោធានៅទីក្រុង រ៉ាហ្វានៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ នេះត្រូវបានចាត់ទុកថាជាសាលក្រមដ៏សំខាន់មួយ ដែលអាចនឹងបង្កើនសម្ពាធអន្តរជាតិលើអ៊ីស្រាអែល ក្រោយរយៈពេលជាង ៧ ខែចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា។
នៅក្នុងសាលក្រមនេះ ICJ បានទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅទីក្រុងរ៉ាហ្វា ក៏ដូចជាសកម្មភាពណាមួយដែលអាចបណ្តាលឱ្យមានជនស៊ីវិលប៉ាឡេស្ទីនរងរបួសនៅតំបន់ហ្គាហ្សា។ សាលក្រមក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបន្តបើកចំហរច្រកព្រំដែនរ៉ាហ្វាចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីការផ្តល់ជំនួយមនុស្សធម៌ដោយ "គ្មានការរារាំង" ។
ចៅក្រម Nawaf Salam បានប្រកាសសាលក្រមរបស់ ICJ នៅថ្ងៃទី ២៤ ឧសភា។ រូបថត៖ CNN |
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិទទួលបានការគាំទ្រពីប្រទេស និងអង្គការអន្តរជាតិជាច្រើន។ អេហ្ស៊ីបបានគាំទ្រសាលក្រមរបស់តុលាការ ហើយអំពាវនាវឱ្យអ៊ីស្រាអែលប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់និងការដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង លោកស្រី Naledi Pandor បានស្វាគមន៍ចំពោះសាលក្រមរបស់ ICJ។ លោកស្រីបានប្រកាសថានេះជាការអំពាវនាវឈប់បាញ់យ៉ាងច្បាស់លាស់។
អ្នកនាំពាក្យរដ្ឋប៉ាឡេស្ទីន (PA) លោក Nabil Abu Rudeined បានឲ្យដឹងថា ប៉ាឡេស្ទីនស្វាគមន៍ចំពោះសាលក្រមរបស់ ICJ ។ ក្នុងពេលជាមួយគ្នានោះ កម្លាំង Hamas នៅតំបន់ហ្គាហ្សាបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តតាមសាលក្រមនេះ៕