IMF កាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក ដោយសារវីរុសបំប្លែងថ្មី Omicron
(VOVWORLD) - កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា នឹងទាបជាង ០,៣% បើធៀបនឹងការព្យាករណ៍មុននោះ។
កំពង់ផែ Qingdao ខេត្ត Shandong ប្រទេសចិន។ (រូបថត៖THX/TTXVN) |
នៅក្នុងរបាយការណ៍ស្តីពីយថាទស្សន៍នៃសេដ្ឋកិច្ចពិភពលោក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែមករា អង្គការនេះបានបន្ទាបការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ មកត្រឹម ៤,៤% ទាបជាង ០,៥% បើប្រៀបធៀបទៅនឹងការព្យាករណ៍ដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំមុន។ យោងតាម IMF កត្តាដែលនាំឱ្យមានការធ្លាក់ចុះនេះ គឺការផ្ទុះឡើងនៃវីរុសបំប្លែងថ្មី Omicron នាពេលថ្មីៗនេះ។
របាយការណ៍នេះបានគូសបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកបានឈានចូលឆ្នាំ ២០២២ ជាមួយអត្រាកំណើនខ្សោយជាងការរំពឹងទុក ខណៈពេលដែលការកើនឡើងនៃតម្លៃថាមពល និងការរំខានខ្សែសង្វាក់ផ្គត់ផ្គង់បានធ្វើឱ្យអតិផរណាកើនឡើងទូលំទូលាយជាង ក្នុងរយៈពេលយូរជាងការព្យាករណ៍។
របាយការណ៍របស់ IMF ក៏បានវាយតម្លៃវិជ្ជមាន ចំពោះយថាទស្សន៍នៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ការធ្លាក់ចុះនៅឆ្នាំ២០២២នោះទេ។ កំណើនសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា នឹងទាបជាង ០,៣% បើធៀបនឹងការព្យាករណ៍មុននោះ៕