“Khuoi quan” - ទំនៀមទម្លាប់មនុស្សសាស្ត្ររបស់ជនជាតិ Thai នៅភាគពាយព្យវៀតណាម
(VOVWORLD) - តាំងពីយូរយាណាស់មកហើយ ជនជាតិ Thai នៅភាគពាយព្យវៀតណាមមានទំនៀមទម្លាប់ដ៏វិសេសវិសាល នោះគឺ "Khuoi quan" មានន័យថា កូនកំលោះធ្វើជាកូនប្រសាសាកល្បង។ ពោលគឺបើកូនកំលោះមានបំណងចង់រៀបការជាមួយកូនក្រមុំ គឺកូនកំលោះបង្ខំចិត្តត្រូវឆ្លងកាត់ដំណាក់កាលសាកល្បងនៅផ្ទះខាងកូនក្រមុំយ៉ាងហោចណាស់មួយឆ្នាំ រហូតដល់ច្រើនឆ្នាំ។ នាបច្ចុប្បន្ននេះ ប្រជាជននៅតែគោរព និងបន្សល់ទុកទំនៀមទម្លាប់នេះជារៀងរហូត។
បណ្ណាការក្នុងពិធីរៀបការរបស់ជនជាតិ Thai នៅភាគពាយព្យវៀតណាម |
លោក Ca Van Chung ជាអ្នកភូមិម្នាក់ដែលមានការយល់ដឹងពីវប្បធម៌ Thai ហើយជាសមាជិកនៃសមាគមសិល្បៈ ប្រជាប្រិយវៀតណាម មកពីភូមិ Nong La ឃុំ Chieng Ngan ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖ "Khuoi quan" គឺជាទម្រង់“ ត្រៀមបំរុង”ដើម្បីសាកល្បង អនាគតកូនប្រសា សំដៅតបស្នងសងគុណចំពោះគុណូបការៈបានផ្ដល់កំណើត ចិញ្ចឹមបីបាច់ថែរក្សា របស់ឪពុកម្តាយខាងកូនក្រមុំ។ លោកបានសំណេះសំណាលថា៖ “ជនជាតិ Thai មានទស្សនៈទានថា ឪពុកម្តាយមានគុណូបការៈបានផ្ដល់កំណើត ចិញ្ចឹមបីបាច់ថែរក្សាកូនក្រមុំឲ្យធំដឹងក្ដី ដូច្នេះហើយ មុនពេលទទួលកូនក្រមុំធ្វើជាប្រព័ន្ធ គឺកូនកំលោះត្រូវសងគុណដល់ឪពុកម្តាយខាងកូនក្រមុំ តាមរយៈការធ្វើជាកូនប្រសាប្រុសនៅផ្ទះខាងកូនក្រមុំ។ ពេលវេលាធ្វើជាកូនប្រសាប្រុសនៅផ្ទះកូនប្រមុំគឺអាស្រ័យទៅលើការព្រមព្រៀងរវាងគ្រួសារទាំងពីរ។ ក្នុងអំឡុងពេលនេះ កូនកំលោះ និងកូនក្រមុំមិនមែនជាប្តីនិងប្រពន្ធនឹងគ្នាឡើយ ពោលគឺកូនកំលោះត្រូវបានអនុញ្ញាតឱ្យដេកនៅក្នុងបន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះឈើផុតពីដីប៉ុណ្ណោះ។ ចំណែកកូនក្រមុំវិញ គឺនៅតែមានសិទ្ធិសាសងវាចាជាមួយកំលោះផ្សេងទៀតនៅពេលពួកគេមកចែចង់នាង”។
ពេលវេលា ដែលកូនប្រុសធ្វើជាកូនប្រសានៅផ្ទះកូនក្រមុំ ត្រូវបានចាត់ទុកថាជាអំឡុងពេល ដែលកូនកំលោះធ្វើជាកូនប្រសានៅផ្ទះកូនក្រមុំជាផ្លូវការ។ ដូច្នេះហើយ នៅពេលរង់ចាំដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍គឺ កូនកំលោះតែងតែទៅ "Khuoi quan" ដើម្បីទទួលប្រពន្ធមកផ្ទះខ្លួនឯងយ៉ាងឆាប់ៗ ហើយថែមទាំងមានពេលវេលា ដើម្បីណែនាំ និងយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀតអំពីអនាគតភរិយា របស់ខ្លួន។ លោក Tong Van Hia ព្រឹទ្ធាចារ្យភូមិមួយរូបមកពីភូមិ Mong ឃុំ Hua La ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖ “នៅថ្ងៃដំបូង ដែលកូនកំលោះធ្វើជាកូនប្រសានៅផ្ទះកូនក្រមុំ គឺ អនាគកូនកំលោះ តត្រូវលុតជង្គង់ចំពោះឪពុកម្តាយ និងចាស់ទុំសាច់សារលោហិតខាងកូនក្រមុំ ដើម្បីសុំការអនុញ្ញាតធ្វើជាសមាជិកក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ បើកូនកំលោះមានកំហុសឆ្គងអ្វីមួយ ក៏ត្រូវលុតជង្គង់សុំអភ័យទោសផងដែរ។ ក្រៅពីនេះ កូនកំលោះមិនបានអនុញ្ញាតឲ្យឆ្លងកាត់បន្ទប់គេងរបស់ឪពុកម្តាយក្មេក តុអាសនៈដូនតា បន្ទប់រៀបដាក់ចង្ក្រានរបស់គ្រួសារ ហើយក៏មិនអនុញ្ញាតឲ្យអង្គុយក្បែរចាស់ទុំឡើយ។ ក្នុងអំឡុងពេលនេះ កូនកំលោះនៅតែមានសិទ្ធិធ្វើដំណើរទៅវិញទៅមក និងស្នាក់នៅផ្ទះទាំងសង្ខាងផងដែរ”។
បន្ទាប់ពីកូនកំលោះធ្វើជាកូនប្រសានៅផ្ទះកូនក្រមុំយ៉ាងអត់ធ្មត់ ក្នុងរយៈពេលពី ១ ឆ្នាំ ឬ ២ ឆ្នាំ ខណៈពេលដែលគ្រួសារកូនក្រមុំមានអារម្មណ៍ពេញចិត្តនោះ ពួកគេនឹងអនុញ្ញាតឱ្យគ្រួសារកូនកំលោះនាំយកបណ្ណាការ ដើម្បីរៀបចំពីធីរៀបអាពាហ៍ពិពាហ៍។ នាគ្រានេះ កូនកំលោះបានក្លាយទៅជាកូនប្រសារ ក្នុងគ្រួសារ ព្រមទាំងចាត់ទុកថាជាពេលវេលា ដែលកូនកំលោះធ្វើជាកូនប្រសារ ជាផ្លូវការ។ លោក Tong Van Hia បានឲ្យដឹងថែមទៀតថា៖ “កាលពីមុនកូនប្រសារពិតជានឿយហត់ណាស់ ពោលគឺនៅពេលព្រឹកព្រលឹមគឺត្រូវភ្ញាក់ពីដំណេកមុនឪពុកម្តាយក្មេក ហើយឆ្លៀតពេលវេលាទៅរែកទឹកពីជ្រោះនៅដើមភូមិ ព្រមទាំងឧស្សាហ៍សំលៀងកាំបិត និងពូថៅ។ ជាទូទៅ បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចមក កូនប្រសានឹងធ្វើការងារ ដូចជា ជ្រៀលខ្នួច និងត្បាញរបស់របរជាដើម ហើយត្រូវចូលគេងក្រោយគេ ។ ធ្វើបានដូចច្នេះ ទើបគេចាត់ទុកថាជាកូនប្រសាប្រុសកតញ្ញូតាធម៌ផងដែរ”។
នាបច្ចុប្បន្ននវ ជីវភាពរស់នៅក្រោយពេលរៀប អាពាហ៍ពិពាហ៍របស់ជនជាតិ Thai នៅភូមិភាគពាយព្យកាន់តែរីកចម្រើនឡើងជាបណ្តើរ ៗ។ យុវជន យុវនារីដល់ពេលគ្រប់អាយុរៀបការហើយ គឺអាចស្វែងយល់ចិត្តគ្នា ហើយស្រឡាញ់គ្នាដោយសេរី ពោលគឺទំនៀមទំលាបដ៏ស្មុគស្មាញត្រូវបានលុបចោលជាបណ្តើរ ៗ ។ ដូច្នេះហើយ ទំនៀមទម្លាប់កូនកំលោះធ្វើជាកូនប្រសានៅផ្ទះកូនក្រមុំ កាលពីច្រើនឆ្នាំមុន គឺស្ទើរតែលែងមានទៀតហើយ ប៉ុន្តែប្រជាជននៅតែគោរព ហើយចាត់ទុកថានេះគឺជាទំនៀមទំលាប់ដ៏ល្អប្រពៃ ប្រកបដោយមនុស្ស សាស្ត្រផងដែរ៕