OPEC+ មិនកែសម្រួលទិន្នផលប្រេងនោះទេ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនៅទីក្រុងវីយ៉ែន (អូទ្រីស) នាថ្ងៃទី ៤ ខែធ្នូ រដ្ឋមន្ត្រីនៃប្រទេសសមាជិក អង្គការបណ្តាប្រទេសនាំចេញប្រេង និងដៃគូ (OPEC+) បានសម្រេចចិត្ត រក្សាទិន្នផលប្រេងមិនផ្លាស់ប្តូរ។ រដ្ឋមន្ត្រីប្រេងគុយវ៉ែត លោក Bader al Mulla បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ OPEC+ គឺផ្អែកលើទិន្នន័យទីផ្សារប្រេង និងមានគោលបំណងធានាស្ថិរភាពទីផ្សារ។
រូបភាព៖ Shutterstock |
នៅក្នុងខែតុលា OPEC + បានបង្កឱ្យមានមតិចម្រុះ នៅពេលបានប្រកាសការសម្រេចចិត្ត កាត់បន្ថយទិន្នផលប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង ២% នៃតម្រូវការពិភពលោក ដែលចូលជាធរមាន ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ចុងឆ្នាំ ២០២៣។ សហរដ្ឋអាមេរិកបានចោទប្រកាន់ OPEC + និង អារ៉ាប៊ីសាអូឌីតថា បានចូលដៃជាមួយរុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ អង្គការ OPEC+ បានប្រកែកថា មូលហេតុនៃការកាត់បន្ថយទិន្នផល គឺដោយសារតែយថាទស្សន៍សេដ្ឋកិច្ចពិភពលោកចុះខ្សោយ។ តម្លៃប្រេងបានធ្លាក់ចុះ ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ ដោយសារកំណើនសេដ្ឋកិច្ចចិន និងពិភពលោកបានធ្លាក់ចុះ ហើយបរិយាកាសអត្រាការប្រាក់កាន់តែខ្ពស់។
មុននោះ នៅថ្ងៃទី ៣ ខែធ្នូ រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប បានអនុម័តជាលាយលក្ខណ៍អក្សរលើតម្លៃពិដាន ៦០ដុល្លារ/បារ៉ែល សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី។ រដ្ឋមន្ត្រី OPEC+ បានឲ្យដឹងថា ការដាក់កម្រិតតម្លៃគឺមានភាពច្របូកច្របល់ ហើយប្រហែលជាមិនមានប្រសិទ្ធភាពទេ ដោយសាររុស្ស៊ីកំពុងលក់ប្រេងភាគច្រើនទៅឱ្យប្រទេសដូចជាចិន និងឥណ្ឌា៕