UAE តែងតែចាត់ទុកវៀតណាមគឺជាដៃគូសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ UAE ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភវៀតណាមសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តភ្ជាប់ជាមួយបណ្តាញនវានុវត្តន៍ ការផ្លាស់ប្ដូរថាមពល ការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Sheikh Abdullah bin Zayed Al Nahyan (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១៤ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Sheikh Abdullah bin Zayed Al Nahyan ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានលើកសំណើថា នាពេលខាងមុខ វៀតណាម និង UAE ចាំបាច់ត្រូវសម្រេចរួចរាល់ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA) ឱ្យបានឆាប់ៗបំផុត ព្រមទាំងស្នើឲ្យ UAE ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម សេវាកម្ម Halal និងកសាងយន្តការសហប្រតិបត្តិការស្ដីពីការបញ្ជាក់វិញ្ញាបនបត្រ Halal នៅវៀតណាម តាមនោះ រួមចំណែកលើកកម្ពស់តម្លៃប្រាក់ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លើវិស័យវិនិយោគ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមលើកទឹកចិត្តដល់សហគ្រាស និងមូលនិធិវិនិយោគរបស់ UAE បណ្ដាក់ទុន និង និងផ្ទេរប្រគល់បច្ចេកវិទ្យាលើវិស័យដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ UAE ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភវៀតណាមសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តភ្ជាប់ជាមួយបណ្តាញនវានុវត្តន៍ ការផ្លាស់ប្ដូរថាមពល ការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេស UAE លោក Sheikh Abdullah bin Zayed Al Nahyan បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ UAE តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិនិយោគិន និងសហគ្រាស UAE វាយតំលៃខ្ពស់ចំពោះឱកាស និងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ លោក Abdullah bin Zayed Al Nahyan បានស្នើឲ្យ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនទៀត ដូចជាថាមពលកកើតឡើងវិញ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន៕