UN ព្រួយ​បារម្ភចំពោះ​ការ​រំខានដល់ជំនួយមនុស្សធម៌ បន្ទាប់ពីនីហ្សេបាន​បណ្តេញអ្នកសម្របសម្រួលរបស់ខ្លួន

(VOVWORLD) - នាថ្ងៃទី ២២ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានភាពសោកស្តាយចំពោះការសម្រេចចិត្តរបស់របបយោធានីហ្សេដែលបានបណ្តេញអ្នកសម្របសម្រួលស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីរបបយោធាក្នុងប្រទេសនីហ្សេ កាលពីថ្ងៃទី ១០ ខែតុលា បានស្នើឱ្យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិលោកស្រី Louise Aubin ចាកចេញពីប្រទេសនេះក្នុងរយៈពេល ៧២ម៉ោង។

UN ព្រួយ​បារម្ភចំពោះ​ការ​រំខានដល់ជំនួយមនុស្សធម៌ បន្ទាប់ពីនីហ្សេបាន​បណ្តេញអ្នកសម្របសម្រួលរបស់ខ្លួន - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres ។ រូបថត៖ IRNA/TTXVN

លោក Dujarric បានឲ្យដឹងថា ការសម្រេចចិត្តនេះរារាំងអង្គការសហប្រជាជាតិពីការអនុវត្តការងារសំខាន់ៗសម្រាប់ប្រជាជន ៤,៣ លាននាក់ក្នុងប្រទេសនីហ្សេ ដែលភាគច្រើនជាស្ត្រីនិងកុមារ កំពុងត្រូវការជំនួយមនុស្សធម៌។ លោក Dujarric ក៏បានសង្កត់ធ្ងន់ថា សំណើរបស់នីហ្សេគឺផ្ទុយទៅនឹងក្របខ័ណ្ឌច្បាប់ដែលអនុវត្តចំពោះអង្គការសហប្រជាជាតិ រួមទាំងកាតព្វកិច្ចក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការនេះ។ ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ លោក Guterres នៅតែបញ្ជាក់ជាថ្មីនូវការសន្យាយ៉ាងមុតមាំ ក្នុងការរក្សាវត្តមានរបស់អង្គការសហប្រជាជាតិនិងជួយឧបត្ថម្ភប្រជាជននីហ្សេ តាមរយៈសកម្មភាពមនុស្សធម៌និងការគាំទ្រការអភិវឌ្ឍ។

លោកស្រី Aubin ជាជនជាតិកាណាដា បានចូលកាន់តំណែងជាអ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅប្រទេសនីហ្សេ ចាប់តាំងពីខែមករា ឆ្នាំ២០២១មក។ របបយោធានីហ្សេបានឲ្យដឹងថា ការសម្រេចចិត្តបណ្តេញលោកស្រី Aubin គឺទាក់ទងទៅនឹង "ឧបសគ្គ" ចំពោះការចូលរួមយ៉ាងពេញលេញរបស់ប្រទេសនីហ្សេ នៅក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីខែកញ្ញាកមន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ