UN វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់កងកម្លាំងរក្សាសន្តិភាព
(VOVWORLD) - កាលពីថ្ងៃទី ២៩ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យមានការគាំទ្រយូរអង្វែងសម្រាប់ទាហានមួកខៀវ។
ទាហានពេទ្យយោធា មួកខៀវរបស់វៀតណាម។ រូបថត៖ Thanh Vu/VNA |
ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាអន្តរជាតិរក្សាសន្តិភាពអ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Guterres បានសង្កត់ធ្ងន់ថា ទាហានរក្សាសន្តិភាពគឺជា "បេះដូងដែលកំពុងតស៊ូ" ក្នុងការសន្យារបស់អង្គការសហប្រជាជាតិឆ្ពោះទៅរកពិភពសន្តិភាពជាងមុន។
ចាប់តាំងពីការបង្កើតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាឆ្នាំ១៩៤៨មក ទាហានមួកខៀវជាង ២លាននាក់បានបំពេញភារកិច្ចចំនួន៧១ដើម្បីជួយឧបត្ថម្ភបណ្តាប្រទេស ជំនះពុះពារលើសង្គ្រាមដើម្បីឆ្ពោះទៅរកសន្តិភាព។ ទាហានជាង ៤,២០០នាក់បានពលីជីវិតក្នុងពេលបំពេញភារកិច្ចនៅក្រោមទង់អ.ស.ប ចាប់តាំងពីឆ្នាំ ១៩៤៨មក។ ក្នុងឱកាសនេះដែរ អគ្គលេខាធិការលោក Antonio Guterres “សម្តែងការយល់ដឹង និងសាមគ្គីភាពជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ” របស់នាយទាហានដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញភារកិច្ច ហើយលោកបានអះអាងថា “ការលះបង់សម្រាប់បុព្វហេតុសន្តិភាព” របស់ពួកគេគឺជាប្រភពនៃការបំផុសគំនិតគ្មានទីបញ្ចប់សម្រាប់សហគមន៍ពិភពលោក។ បច្ចុប្បន្ន មានទាហានមួកខៀវចំនួនជាង៨៧ពាន់នាក់មកពីប្រទេសចំនួន១២៥ កំពុងបំពេញភារកិច្ចរក្សាសន្តិភាពចំនួន១២ លើទូទាំងពិភពលោក៕