UN អំពាវនាវឱ្យបណ្តាប្រទេសអនុម័តិលើសន្ធិសញ្ញាការពារដែនសមុទ្រអន្តរជាតិ
(VOVWORLD) - នាថ្ងៃទី ២ ខែមីនា នៅក្នុងសារផ្ញើទៅកាន់អ្នកចរចាក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី ៦ (IGC6) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែកុម្ភៈដល់ថ្ងៃទី ៣ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានដាស់តឿនឱ្យបណ្តាប្រទេស អនុម័តិលើសន្ធិសញ្ញាមួយស្តីពីការការពារតំបន់សមុទ្រអន្តរជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣។ (រូបថត៖ THX/TTXVN) |
យោងតាមលោក Guterres ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ត្រូវបានមើលឃើញកាន់តែច្បាស់នៅទូទាំងពិភពលោក ដែលប៉ះពាល់ដល់បរិស្ថាន ការធ្វើអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ប្រសិនបើសន្និសិទបានអនុម័តលើកិច្ចព្រមព្រៀង “រឹងមាំ និងមានមហិច្ឆតា” ពិភពលោកអាចបោះជំហានយ៉ាងសំខាន់ ដោយបញ្ច្រាសនិន្នាការនេះ និងលើកកម្ពស់ “សុខភាព” របស់មហាសាគរសម្រាប់មនុស្សជំនាន់ក្រោយ។
សេចក្តីព្រាងសន្ធិសញ្ញាដែនសមុទ្រអន្តរជាតិនៅមានបទប្បញ្ញត្តិបើកចំហជាច្រើន និងជម្រើសជាច្រើនលើបញ្ហាសំខាន់ៗមួយចំនួនដែលភាគីនានាមិនទាន់ឯកភាពគ្នានៅឡើយ។ បច្ចុប្បន្ន ភាគីទាំងអស់នៅតែខ្វែងគំនិតគ្នាលើវិធានការបង្កើតតំបន់ការពារសមុទ្រ។ ប្រតិភូចរចាក៏បានពិភាក្សាអំពីការបែងចែកប្រាក់ចំណេញពីវត្ថុធាតុដែលរកឃើញថ្មីនៅក្រោមបាតសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានក្នុងការចរចានាប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានសម្តែងសុទិដ្ឋិនិយមថា បណ្តាអ្នកចរចាទំនងជានឹងយល់ព្រមលើសន្ធិសញ្ញានេះ៕