UN អំពាវនាវឱ្យបណ្តាប្រទេសអភិវឌ្ឍន៍គោរពការសន្យានៅ COP26
(VOVWORLD) - នៅថ្ងៃទី ៤ ខែតុលា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed បានអំពាវនាវឱ្យបណ្តាប្រទេសអភិវឌ្ឍន៍បង្កើតផែនទីបង្ហាញផ្លូវយ៉ាងច្បាស់លាស់ ដើម្បីចាប់ផ្តើមការបែងចែកកញ្ចប់ហិរញ្ញវត្ថុដែលបានសន្យាផ្តល់មូលនិធិសម្រាប់ការបន្សាំទៅនឹងអាកាសធាតុនៅ COP26 ក្នុងទីក្រុង Glasgow កាលពីឆ្នាំមុន។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រីAmina Mohammed។ (រូបថត៖ Huu Thanh/TTXVN) |
សេចក្តីថ្លែងការណ៍របស់លោកស្រី Mohammed ដែលកាន់តំណែងជាប្រធានក្រុមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំដំបូងនៅរដ្ឋធានី Kinshasa នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងការរៀបចំសម្រាប់សន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27)។
នៅក្នុងសុន្ទរកថារបស់ខ្លួន អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការវិវឌ្ឍន៍ដ៏មានអត្ថន័យ ដើម្បីដោះស្រាយការខាតបង់ និងការខូចខាតទាក់ទងនឹងអាកាសធាតុ ដោយកត់សម្គាល់ផងដែរថា ការជួយឧបត្ថម្ភដល់ការខាតបង់ និងការខូចខាតទាំងនោះ គឺជាបញ្ហាដែលមិនអាចពន្យារពេលទៀតបានឡើយ។ លោកស្រីក៏បានអំពាវនាវដល់បណ្តាប្រទេសឱ្យគាំទ្របន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការធានាថា ប្រព័ន្ធព្រមានតាំងពីមុនចំពោះការប្រែប្រួលអាកាសធាតុ បានគ្របដណ្តប់លើសកលលោក ១០០% ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕