UNDP ប្ដេ​​ជ្ញា ជួយ​ឧបត្ថម្ម​វៀតណាមសាងសង់ផ្ទះសុវត្ថិភាពធន់នឹងខ្យល់ព្យុះ និងទឹកជំនន់បន្ថែមទៀត

(VOVWORLD) - នេះជាការបញ្ជាក់ដោយលោកស្រី Caitlin Wiesen ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅក្នុងសិក្ខាសាលា "ផ្ទះសុវត្ថិភាពធន់នឹងខ្យល់ព្យុះ និងទឹកជំនន់៖ គំរូនៃភាពជោគជ័យ និងទិសដៅនាពេលខាងមុខ" ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិស្តីពីសេដ្ឋកិច្ចមហាសមុទ្រប្រកបដោយនិរន្តរភាព និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ។
UNDP ប្ដេ​​ជ្ញា ជួយ​ឧបត្ថម្ម​វៀតណាមសាងសង់ផ្ទះសុវត្ថិភាពធន់នឹងខ្យល់ព្យុះ និងទឹកជំនន់បន្ថែមទៀត - ảnh 1ប្រតិភូដែលចូលរួមសិក្ខាសាលាបានថតរូបអនុស្សាវរីយ៍។ (រូបថត៖ qdnd.vn)

ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ តាមរយៈគម្រោង "ពង្រឹងភាពធន់នៃសហគមន៍ឆ្នេរសមុទ្រដែលងាយរងគ្រោះដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅវៀតណាម" ផ្ទះសុវត្ថិភាពធន់នឹងខ្យល់ព្យុះនិងទឹកជំនន់ចំនួន ២.១០០ខ្នង់ ត្រូវបាន UNDP និងរដ្ឋាភិបាលវៀតណាម ជួយឧបត្ថម្ភ សាងសង់សម្រាប់គ្រួសារក្រីក្រនៅក្នុងតំបន់ភូមិភាគកណ្តាល។ នេះជាគំនិតផ្តួចផ្តើមរួមគ្នាដើម្បីជួយសហគមន៍ទប់ទល់នឹងហានិភ័យនិងផលប៉ះពាល់ទាក់ទងនឹងអាកាសធាតុ។ ការកសាងផ្ទះសុវត្ថិភាពធន់នឹងខ្យល់ព្យុះ និងទឹកជំនន់ នៅតាមតំបន់ដែលងាយរងគ្រោះបំផុតនៅវៀតណាម ត្រូវបានចាប់ផ្តើមក្រោមការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងសំណង់ ដោយមានការសម្របសម្រួលជិតស្និទ្ធរបស់ UNDP និងមូលនិធិអាកាសធាតុបៃតង។ នៅក្នុងសិក្ខាសាលានេះ តំណាង UNDP ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen បានមានប្រសាសន៍ថា៖

ផ្ទះសុវត្ថិភាពធន់នឹងខ្យល់ព្យុះ និងរទឹកជំនន់ ដែលបានសាងសង់នាពេលកន្លងមក ដោះស្រាយបានយ៉ាងល្អជាមួយនឹងព្យុះជាបន្តបន្ទាប់ និងទឹកជំនន់ទ្រង់ទ្រាយធំដែលបានវាយប្រហារចូលមកវៀតណាម។ ផ្ទះទាំងនេះបានធានាអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍យ៉ាងច្រើន។ UNDP ជឿជាក់ និងប្តេជ្ញា បន្តជួយឧបត្ថម្ភសកម្មភាពលំនៅដ្ឋានប្រកបដោយសុវត្ថិភាពធន់នឹងខ្យល់ព្យុះ និងទឹកជំនន់ សម្រាប់ប្រជាជនដែលងាយរងគ្រោះនៅក្នុងបណ្តាខេត្តតាមឆ្នេរសមុទ្រ។ នាពេលខាងមុខ UNDP នឹងបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម សាងសង់ផ្ទះសុវត្ថិភាពបន្ថែមទៀត មិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ។

នៅក្នុងសិក្ខាសាលានេះ តំណាងខេត្ត Thua Thien-Hue និងខេត្ត Quang Ngai បានចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការសាងសង់ផ្ទះសុវត្ថិភាពធន់នឹងទឹកជំនន់និងខ្យល់ព្យុះ ប្រសិទ្ធភាពនៃគម្រោង ក៏ដូចជាតម្រង់ទិសដៅ និងដំណោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃគំរូផ្ទះសុវត្ថិភាពប្រឆាំងនឹងខ្យល់ព្យុះ និងទឹកជំនន់ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ