WB៖ វៀតណាមនឹងមានកម្រិតប្រាក់ចំណូលខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក RCEP
(VOVWORLD) - កម្រិតប្រាក់ចំណូលរបស់ប្រទេស វៀតណាមនឹងកើនឡើង ៤,៩% បើប្រៀបធៀបទៅនឹងកម្រិតមូលដ្ឋាន ខ្ពស់ជាង ប្រទេសដទៃទៀតដែលមានកំណើនប្រាក់ចំណូលត្រឹមតែ ២,៥% ប៉ុណ្ណោះ។
នាថ្ងៃទី ១៤ មេសា គេហទំព័រ Vietnam Briefing នៃក្រុមហ៊ុនប្រឹក្សាវិនិយោគ Dezan Shira & Associates បានដកស្រង់របាយការណ៍ថ្មីរបស់ធនាគារពិភពលោក (WB) ក្នុងនោះវិភាគយ៉ាងហ្មត់ចត់នូវឱកាស និងបញ្ហាប្រឈមនៃកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចំពោះសេដ្ឋកិច្ចនៃប្រទេស សមាជិកនានា រួមទាំងវៀតណាមផងដែរ។ យោងតាមសេណារីយ៉ូសុទិដ្ឋិនិយមបំផុត នៅពេលទាញយកផលប្រយោជន៍ទាំងអស់ វៀតណាមនឹងមានកម្រិតប្រាក់ចំណូល ខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក RCEP ។ កម្រិតប្រាក់ចំណូលរបស់ប្រទេស វៀតណាមនឹងកើនឡើង ៤,៩% បើប្រៀបធៀបទៅនឹងកម្រិតមូលដ្ឋាន ខ្ពស់ជាង ប្រទេសដទៃទៀតដែលមានកំណើនប្រាក់ចំណូលត្រឹមតែ ២,៥% ប៉ុណ្ណោះ។ ប្រទេស ជាសមាជិក RCEP ទាំងអស់នឹងឃើញការកើនឡើងនៃការនាំចេញ និងការនាំចូល ក្នុងនោះវៀតណាមត្រូវបានរំពឹងថា នឹងសម្រេចបានកំណើននាំចេញខ្ពស់បំផុតជាមួយ នឹងកម្រិត ១១,៤%។ ប្រហាក់ប្រហែលគ្នាដែរ វិស័យនាំចូលរបស់វៀតណាមក៏ទទួល បានកំណើនគួរឲ្យកត់សម្គាល់ ដោយស្ថិតនៅកម្រិត៩,២%។
របាយការណ៍របស់ធនាគារពិភពលោកបន្ថែមថា RCEP ក៏ផ្តល់ឱកាសដើម្បី ជំរុញកំណើន ហើយជួយឧបត្ថម្ភការស្តារឡើងវិញបន្ទាប់ពីជំងឺរាតត្បាត កូវីដ-១៩។ RCEP នឹងជួយវៀតណាមជ្រៀតចូលទីផ្សារអ្នកប្រើប្រាស់ដោយមានទ្រង់ទ្រាយធំជាង ២ដងបើធៀបនឹងទីផ្សារដទៃនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រោះ RCEP រួមមានទាំងចិន កូរ៉េ ខាងត្បូង និងជប៉ុន។ យោងតាមធនាគារពិភពលោក RCEP នាំមកនូវឱកាសដ៏សំខាន់ សម្រាប់សហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម ដើម្បីលើកកំពស់ខ្សែសង្វាក់ តម្លៃ៕