WFF សង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធស្បៀងអាហារពិភពលោក
(VOVWORLD) - បន្ទាប់ពីរយៈពេលមួយសប្តាហ៍នៃការពិភាក្សាលើបញ្ហាផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារពិភពលោក វេទិកាស្បៀងអាហារពិភពលោកលើកទី ៣ (WFF) បានបិទនាថ្ងៃទី ២០ ខែតុលា នៅទីស្នាក់ការកណ្តាលរបស់អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO) នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ប្រមូលផលស្រូវសាលីនៅវាលមួយក្នុងទីក្រុង Amritsar រដ្ឋ Punjab ប្រទេសឥណ្ឌា។ រូបថត៖ THX/TTXVN |
អគ្គនាយក FAO លោក Qu Dongyu បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារកសិកម្ម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវសំណើដែលបានពិភាក្សា។ លោកបានចាត់ទុកថា បណ្តាប្រទេសចាំបាច់ត្រូវរក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រើប្រាស់វិទ្យាសាស្ត្របច្ចេកទេសវិទ្យា និងការច្នៃប្រឌិត ដើម្បីប្រែក្លាយប្រព័ន្ធកសិកម្ម និងស្បៀងអាហារ។
វេទិកា WFF បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែតុលា ក្នុងឱកាសរំលឹកខួបលើកទី ៧៨ នៃការបង្កើត FAO ដោយបានទាក់ទាញមនុស្សប្រមាណ ៥.០០០នាក់ ជុំវិញពិភពលោកឱ្យចូលរួមដោយផ្ទាល់ រួមជាមួយនឹងអ្នកចូលរួមតាមអ៊ីនធឺណិតជាង ២០.០០០ នាក់ផ្សេងទៀត៕