កម្លាំងចលករទាំងពីរចំពោះខឿនសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - ទន្ទឹមនឹងយុទ្ធសាស្ត្រលោតផ្លោះទាំង៣នោះគឺការកែទម្រង់របៀបរបប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សនោះ គឺការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិតដោយឈរលើគ្រឹះស្ថាននៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ត្រូវបានចាត់ទុកថា ជាកម្លាំងចលករទាំង២ចំពោះ កំណើនសេដ្ឋកិច្ចវៀត ណាមនាពេលខាងមុខ។ នេះជាខ្លឹមសារដែលត្រូវបាន ប្រមុខរដ្ឋាភិបាល វៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ ធ្ងន់នៅវេទិកាកែទម្រង់និងអភិវឌ្ឍន៍វៀតណាមលើកទី១ កាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅ នៅរដ្ឋធានីហាណូយ។

ការច្នៃប្រឌិតដោយឈរលើគ្រឹះស្ថានបច្ចេកវិទ្យា៤.០

        ការជំរុញសមត្ថភាពច្នៃប្រឌិត អនុវត្តន៍បច្ចេកវិទ្យា៤.០ និងបង្កើនការចាប់ផ្ដើមអាជីវកម្ម គឺជាវិធានការដើម្បីវៀតណាមលើកកំពស់ផលិតភាពពលកម្ម សមត្ថភាពប្រកួតប្រជែងក៏ដូចជាសមត្ថភាពច្នៃប្រឌិតនាពេលខាងមុខ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ការចាប់ផ្ដើមអាជីវកម្មនៅវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់ ហើយបរិមាណសហគ្រាសចាប់ផ្ដើមអាជីវកម្មដែលទទួលបានជោគជ័យក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ តាមលោកនាយករដ្ឋមន្រ្តីថា ការចាប់ផ្ដើមអាជីវកម្មនេះមិនមែនជាចលនាទេ ប៉ុន្តែនោះគឺជាស្មារតីនិងការប្ដេជ្ញាចិត្តរបស់ប្រទេសជាតិ។ អញ្ជើញថ្លែងនៅវេទិកាយុវជនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០១៨នាពេលថ្មីៗនេះនៅទីក្រុងដាណាំង នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសន្យានឹងបង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មដើម្បីជំរុញស្មារតីចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍នៅវៀតណាម។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “ប្រជាជននិងអាជីវកររួមដំណើរជាមួយរដ្ឋាភិបាលដើម្បីនាំខឿនសេដ្ឋកិច្ចវៀតណាមបន្តរីកចម្រើនថែមទៀត អោយបានទាន់នឹងការអភិវឌ្ឍនៃប្រទេសដទៃលើពិភពលោក។ វេទិកានេះនាំមកនូវឱកាសសម្រាប់បុគ្គលឆ្នើមៗនៅក្នុងសហគមន៍យុវជនចាប់ផ្ដើមអាជីវកម្ម។ ដោយឯកសារនានាដែលត្រូវបានចេញផ្សាយនាពេលកន្លងទៅ យើងបានបង្កើតឡើងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មរបស់វៀតណាមដែលឈរលំដាប់ថ្នាក់ទី៣ក្នុងប្លុកអាស៊ាន។ នៅទីនេះ ខ្ញុំសន្យាថា រដ្ឋាភិបាលនឹងប្ដេជ្ញាចិត្តបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មរបស់វៀតណាមរីកចម្រើនយ៉ាងល្អប្រសើរថែមទៀតនាពេលខាងមុខ”។

        នៅវេទិកាកែទម្រង់និងអភិវឌ្ឍន៍វៀតណាមលើកទី១ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអះអាងថា រដ្ឋាភិបាលនឹងចេញផ្សាយគោលនយោបាយដ៏សមស្រប ដែលក្នុងនោះផ្ដោតទៅលើការកែលម្អបរិយាកាសគតិយុត្ត ការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ព្រមទាំងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងប្រភពថវិការដ្ឋ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនិងជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍ ផងដែរ។

        ពន្លឿនដំណើរការកែទម្រង់ផ្នែករដ្ឋបាលដើម្បីជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជន

        នាពេលកន្លងទៅ តំបន់សេដ្ឋកិច្ចឯកជនវៀតណាមបានអះអាងនូវតួនាទីក្នុងខឿនសេដ្ឋកិច្ចជាតិ ដោយរួមវិភាគទានប្រមាណ៤០%ចូលក្នុង GDP។ តំបន់សេដ្ឋកិច្ចនេះក៏បង្កើតឡើងការងារធ្វើសម្រាប់មនុស្សចំនួន៥លាននាក់ ផងដែរ។ បើទោះបីមានការរីកចម្រើនជាច្រើនក្ដី ប៉ុន្តែ តំបន់សេដ្ឋកិច្ចឯកជននៅវៀតណាមក៏កំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ជាពិសេសគឺឧបសគ្គពាក់ព័ន្ធដល់ក្របខ័ណ្ឌគតិយុត្ត បរិយាកាសវិនិយោគនិងធ្វើអាជិវកម្មរបស់សហគ្រាស។ ដោយហេតុនេះ ដើម្បីអោយតំបន់សេដ្ឋកិច្ចឯកជនបោះជំហានអភិវឌ្ឍដ៏លោតផ្លោះថែមទៀតនោះ គឺត្រូវកាត់បន្ថយលក្ខខ័ណ្ឌធ្វើអាជីវកម្ម។ នោះមិនត្រឹមតែជាការលុបចោលឧបសគ្គសម្រាប់សហគ្រាសប៉ុណ្ណោះទេ ថែមទាំងជាការបង្កលក្ខណៈដើម្បីជំរុញការអភិវឌ្ឍផលិតកម្មនិងបង្កើតឡើងកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។ លោក Dau Anh Tuan ប្រធានគណៈកម្មាធិការគតិយុត្តចំណុះសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានអះអាងថា៖

        “ដំណើរការត្រួតពិនិត្យនិងជួយសម្រួលដល់លក្ខខ័ណ្ឌធ្វើអាជីវកម្មត្រូវបានអនុវត្តន៍យ៉ាងញឹកញាប់។ គប្បីមានយន្តការត្រួតពិនិត្យដ៏ឯករាជ្យ ដើម្បីគ្រប់គ្រងលក្ខខ័ណ្ឌធ្វើអាជីវកម្មថ្មី និងលិខិតអនុញ្ញាតអោយធ្វើអាជីវកម្មថ្មី ផងដែរ។ ប្រសិនបើក្រសួងនិងស្ថាប័ននានា អាចដាក់ចេញលក្ខខ័ណ្ឌធ្វើអាជីវកម្មដោយមិនអើពើដល់លក្ខខ័ណ្ឌរួមនិងសិទ្ធិធ្វើអាជីវកម្មដោយសេរីភាពនោះ វានឹងជាបរាជ័យពិតប្រាកដនៃដំណើរការជួយសម្រួលដល់លក្ខខ័ណ្ឌធ្វើអាជីវកម្មនិងបែបបទរដ្ឋបាលនៅ វៀតណាម”។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់និងមានសកម្មភាពជាក់ស្ដែងសំដៅអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឯកជន ដើម្បីឆ្ពោះទៅរកគោលដៅមានសហគ្រាសប្រមាណ១លានអង្គភាពនាឆ្នាំ២០២០ ដែលភាគច្រើនគឺសហគ្រាសឯកជន សំដៅអនុវត្តន៍ទស្សនៈវិស័យនិងយុទ្ធសាស្ត្រអភិវឌ្ឍរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ