ការបោះជំហានប្រថុយប្រថានរបស់រដ្ឋអំណាចវ៉ាស៊ីនតោន

(VOVWORLD) - នាថ្ងៃទី១៧ ខែមេសា រដ្ឋអំណាចវ៉ាស៊ីនតោនបានប្រកាសបញ្ចប់ការព្យួរ ជំពូកទី៣នៃច្បាប់ Hemls-Burton ដែលយោងតាមនោះ ប្រជាពលរដ្ឋអាមេរិក មានសញ្ជាតិគុយបាក៏ដូចជាសហគ្រាសអាមេរិកអាចប្ដឹងក្រុមហ៊ុនបរទេសដែល កំពុងធ្វើសកម្មភាពដោយ ឈរលើទ្រព្យសម្បត្តិដែលត្រូវបានធ្វើជាតូបនីយកម្មក្នុងបដិវត្តន៍ឆ្នាំ ១៩៥៩នៅប្រទេសគុយបា។

នេះជាការបោះជំហានយ៉ាងប្រថុយប្រថានរបស់អាមេរិកសំដៅដាក់សម្ពាធទៅលើគុយបាអំពីបញ្ហាវេណេហ្ស៊ុយអេឡា ប៉ុន្តែវាក៏នឹងធ្វើអោយកើតមានឡើងជម្លោះថ្មីរវាងអាមេរិកនិង EU ព្រមទាំងធ្វើអោយក្រុមហ៊ុនអាមេរិក កាណាដានិងអឺរ៉ុបជាច្រើនជាប់ពាក់ព័ន្ធនឹងការប្ដឹងតវ៉ាផងដែរ។

        តាមការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនថា តុលាការអាមេរិកនឹងអាចទទួលយកពាក្យបណ្ដឹងតម្រង់ទៅលើក្រុមហ៊ុនបរទេសដែលកំពុងធ្វើអាជីវកម្មជាមួយគុយបា។ មុននោះ កាលពីខែមករាឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានព្រមានថា នឹងធ្វើអោយច្បាប់ Helms-Burton ដែលចេញផ្សាយកាលពីឆ្នាំ១៩៩៦ ត្រូវបានរស់រានមានជីវិតឡើងវិញ ដែលអនុញ្ញាតអោយប្រជាពលរដ្ឋអាមេរិកអាចប្ដឹងក្រុមហ៊ុនសឹងតែទាំងអស់ដែលកំពុងធ្វើអាជីវកម្មនៅភោជនីយដ្ឋាន រោងចក្របារី មូលដ្ឋានបិតស្រានិងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត ដែលត្រូវបានធ្វើជាតូបនីយកម្មដោយរដ្ឋអំណាចគុយបាកាលពីឆ្នាំ១៩៥៩។ច្បាប់នេះត្រូវព្យួរក្នុងអំឡុងពេល២៣ឆ្នាំកន្លងទៅ ដោយសារតែមានការព្រួយបារម្ភថា វានឹងបង្កឡើងភាពវឹកវរក្នុងប្រព័ន្ធតុលាការអាមេរិក ក៏ដូចជាបង្កឡើងជម្លោះពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តនានាផងដែរ។

        សម្ពាធទៅលើគោលនយោបាយទាក់ទាញដើមទុនវិនិយោគពីបរទេសរបស់គុយបា

        សេចក្ដីសម្រេចស្ដារឡើងវិញនូវជំពូកទី៣នៃច្បាប់ Helms-Burton របស់ប្រធានាធិបតីលោក Donald Trump ត្រូវបានចេញផ្សាយក្នុងកាលៈទេសៈដែលគុយបាកំពុងមានការរីកចម្រើនក្នុងសេដ្ឋកិច្ច ជាពិសេសគឺក្នុងការទាក់ទាញដើមទុនវិនិយោគពីបរទេស។ ប្រទេសកោះនេះជានិច្ចកាលត្រៀមខ្លួនជាស្រេចអនុវត្តន៍ ធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គមដើម្បីកែលម្អបរិយាកាសវិនិយោគសម្រាប់វិនិយោគិនអន្តរជាតិ។ រហូតមកដល់ពេលនេះ គុយបាមានគម្រោងវិនិយោគបរទេសចំនួន៥០០គម្រោង ក្នុងតម្លៃសរុបប្រមាណ១១ពាន់លានដុល្លាអាមេរិក។

        ក្នុងក្របខ័ណ្ឌពិព័រណ៍អន្តរជាតិ La Habana ឆ្នាំ២០១៨ គុយបាបានអំពាវនាវអោយមានការបណ្ដាក់ទុនពីបរទេសចូលមកគម្រោងថ្មីប្រមាណ១៧០នៅប្រទេសនេះ ដែលផ្ដោតទៅលើវិស័យចិញ្ចឹមសត្វ ឧស្សាហកម្មចំណីអាហារ ឧស្សាហកម្មស្រាល មេកានិក លោហធាតុ សារធាតុគីមី អណ្ដូងរ៉ែនិងទេសចរណ៍។

        ដោយហេតុនេះ ចំពោះកាយវិកាពោលខាងលើរបស់រដ្ឋាភិបាលអាមេរិក រដ្ឋាភិបាលគុយបាបានអះអាងនូវការប្ដេជ្ញាចិត្តប្រឈមមុខយ៉ាងខ្ជាប់ខ្ជួននឹងសកម្មភាពដោយមានលក្ខណៈអមិត្តរបស់អាមេរិក។ រដ្ឋាភិបាលគុយបាក៏បានអះអាងថា ច្បាប់ Helms-Burton របស់អាមេរិកមិនមានសុពលភាពទាំងស្រុងនៅប្រទេសកោះការាបៀននេះទេ។

        សម្ព័ន្ធមិត្តរបស់អាមេរិកប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា

        ការស្ដារជំពូកទី៣នៃច្បាប់ Helms-Burton ឡើងវិញ មិនត្រឹមតែប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់គុយបាប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើកាណាដានិងប្រទេសអឺរ៉ុបនានាទៀតផង ដោយសារមានក្រុមហ៊ុនកាណាដា អឺរ៉ុប និងអាមេរិកជាច្រើនកំពុងធ្វើអាជីវកម្មនៅប្រទេសនេះ។ ហេតុនេះហើយ ចាប់តាំងពីពេលដែលអាមេរិកមិនទាន់ប្រកាសសេចក្ដីសម្រេចពោលខាងលើ គឺ EU បានព្រមានថានឹងដាក់ពាក្យបណ្ដឹងជូនឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ឯកអគ្គរដ្ឋទូត EU ប្រចាំគុយបាលោក Alberto Navarro បានរិះគន់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺជាអំពើខុសច្បាប់និងអសីលធម៌។ សូមចាំថា ក្នុងដំណើរទស្សនកិច្ចនៅគុយបាកាលពីឆ្នាំ២០១៨ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ EU លោកស្រី Federica Mogherini បានអះអាងថា មិនថាការផ្លាស់ប្ដូរក្នុងគោលនយោបាយរបស់វ៉ាស៊ីនតោនចំពោះគុយបាយ៉ាងណាក៏ដោយ ប៉ុន្តែ EU នឹងបន្តរក្សាចំណងមិត្តភាពនិងទំនាក់ទំនងដ៏រឹងមាំ ស្ថិរភាពនិងគួរអោយជឿទុកចិត្តជាមួយគុយបាជាពុំខាន។ ហេតុដូច្នេះបានជា នាថ្ងៃទី១៧ ខែមេសា លោកស្រី Federica Mogherini បានអះអាងថា នឹងរាំងស្កាត់ការអនុវត្តនិងការទទួលយក សាលក្រមបរទេសនានាដែលពឹងផ្អែកលើច្បាប់ Helms-Burton របស់អាមេរិក។

        មិនត្រឹមតែប៉ុណ្ណោះទេ កាណាដា បារាំង ចក្រភពអង់គ្លេស និងប្រទេសផ្សេងៗជាច្រើនទៀតដែលកំពុងធ្វើអាជីវកម្មជាមួយគុយបា ក៏បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានឹងកាយវិការបស់អាមេរិក ដោយចាត់ទុកថា វ៉ាស៊ីនតោនមានចេតនាធ្វើអន្តរាគមន៍ទៅក្នុងទំនាក់ទំនងអាជីវកម្មរវាងគុយបាជាមួយប្រទេសមានអធិបតេយ្យភាពផ្សេងមួយ ហើយចាប់បង្ខំអោយគេទទួលការខុសត្រូវចំពោះមុខតុលាការអាមេរិក។

        ប្រធានាធិបតីអាមេរិកជំនាន់មុនៗសុទ្ធតែបានព្យួរជំពូកទី៣នៃច្បាប់ Helms-Burton ដើម្បីជៀសវាងជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែការដែលរដ្ឋអំណាចប្រធានាធិបតីលោក Donald Trump អនុញ្ញាតអោយប្ដឹងក្រុមហ៊ុនបរទេសដែលកំពុងធ្វើអាជីវកម្មនៅគុយបានោះ គឺការការផ្លាស់ប្ដូរគោលនយោបាយដ៏ធំមួយក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅ។ កាយវិកានេះជាអាវុធមុខពីរ ព្រោះថាវាអាចដាក់សម្ពាធទៅលើគោលនយោបាយទាក់ទាញវិនិយោគរបស់គុយបា ប៉ុន្តែក៏ធ្វើអោយទំនាក់ទំនងរវាងអាមេរិកជាមួយសម្ព័ន្ធមិត្តនានាចុះខ្សោយទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ