ការពិតគឺជាចម្លើយដ៏មោះមុតបំផុត
(VOVWORLD) - មជ្ឈដ្ឋានអ្នកជំនាញនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ កំពុង ផ្តោតអារម្មណ៍ទៅលើការ “ស្វែងយល់” ពីជោគជ័យរបស់វៀតណាម បន្ទាប់ពី វៀតណាមបានឆ្លងកាត់រយៈពេល ៧០ ថ្ងៃ ដោយគ្មានករណីឆ្លងថ្មី COVID-19 នៅក្នុងសហគមន៍ ហើយករណីវិជ្ជមានសម្រាប់វីរុស SARS- CoV-2 ភាគច្រើននៅ វៀតណាមបានជាសះស្បើយ ដោយគ្មានករណីណាស្លាប់នៅឡើយ។ ការពិតនៃជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 គឺជាចម្លើយដែលមានឥទ្ធិពលបំផុត ចំពោះរាល់ការចោទប្រកាន់ទាំងឡាយ ដែលមូលបង្កាច់នូវសមិទ្ធិផលដ៏អស្ចារ្យនេះ។
វៀតណាមបានបង្កើតជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជំងឺរាតត្បាត |
កន្សោមពាក្យដូចជា “ភាពអច្ឆរិយរបស់វៀតណាម” ឬ “វៀតណាមប្រទេសគំរូ” ត្រូវបានសារព័ត៌មានអន្តរជាតិលើកឡើងជាញឹកញាប់ នៅពេលពិពណ៌នាអំពីជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។ ប៉ុន្តែ នៅមានមតិមួយចំនួនដែលប្រឆាំងនឹងការយល់ឃើញជាទូទៅរបស់សហគមន៍អន្តរជាតិអំពីការខិតខំប្រឹងប្រែងនិងសមិទ្ធិផលដែលមិនអាចប្រកែកបានរបស់វៀតណាម។ ជាក់ស្តែងគឺករណីលោក Steve Hanke សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចវិទ្យានៃសាកលវិទ្យាល័យ John Hopkins (សហរដ្ឋអាមេរិក) នៅលើទំព័រ Twitter ផ្ទាល់ខ្លួន បានដាក់ប្រទេសវៀតណាមក្នុងបញ្ជី “ប្រទេសដែលលាក់បាំងជំងឺរាតត្បាត” ខណៈពេល ទិន្នន័យដោយទំព័រ worldometers.info ធ្វើស្ថិតិបានបង្ហាញថា អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមគ្មានករណីឆ្លងថ្មីណាមួយឡើយ។ ចំណែកឯអតីតអ្នកយកព័ត៌មាន BBC លោក Bill Hayton បានរិះគន់វៀតណាមថា ចាត់វិធានការ “រឹតត្បិតសិទ្ធិមនុស្ស” ក្នុងការគ្រប់គ្រងជំងឺឆ្លង។
ការពិតជាក់ស្តែងបានបញ្ជាក់ពីភាពផ្ទុយស្រឡះ
ស្តាថើស Twitter របស់សាស្រ្តាចារ្យជនជាតិអាមេរិកនិងអត្ថបទរបស់អតីតអ្នកយកព័ត៌មាន BBC ដែលទើបបានចុះផ្សាយ រងការពើបប្រទះនូវការរិះគន់របស់អង្គការអន្តរជាតិនិងជនបរទេសដែលធ្លាប់តាមដាននូវព័ត៌មាននៅវៀតណាម ដោយសារតែការពិតបានបញ្ជាក់ភាពផ្ទុយស្រឡះទាំងស្រុង។ ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈនិងតម្លាភាពនៃព័ត៌មានអំពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលជាកត្តា ជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការ ទប់ស្កាត់ជំងឺ របស់អាមេរិក (CDC) បានអះអាងថា វៀតណាមមានតម្លាភាពទាំងស្រុង ក្នុងការឆ្លើយតបនឹងជំងឺឆ្លង COVID-19។ លោក John MacArthur នាយកការិយាល័យ CDC ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា “គ្មានសញ្ញាណាដែលបង្ហាញថា ចំនួនករណីឆ្លងនៅវៀតណាមគឺមិនត្រឹមត្រូវឡើយ”។ យោងតាមលោករូបនេះ ការប្តេជ្ញាចិត្តខាងនយោបាយ និងការតម្លាភាពផ្សព្វផ្សាយព័ត៌មាន បានជួយវៀតណាមលេចចេញជាគំរូនៃភាពជោគជ័យ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកលដ៏កាចសាហាវនេះ។ កាសែត Spiegel (Mirror) ក៏បានវាយតម្លៃថា វៀតណាមបានអនុវត្តគោលនយោបាយព័ត៌មានយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់តាមរយៈការដែលក្រសួងសុខាភិបាលបានផ្ញើសារទៅកាន់លេខទូរស័ព្ទចល័តរបស់អតិថិជនទាំងអស់ជារៀងរាល់ថ្ងៃ ស្តីពីជំងឺរាតត្បាត ព្រមទាំងប្រើប្រាស់ប្រព័ន្ធបំពងសម្លេងសាធារណៈដើម្បីអំពាវនាវឲ្យប្រជាជនបង្ការជំងឺនិងការពារសុខភាពខ្លួនទៀតផង។ អ្នកកាសែត David Hutt អ្នកជំនាញខាងនយោបាយអាស៊ីអាគ្នេយ៍បានសង្កត់ធ្ងន់ថា “បក្សនិងរដ្ឋវៀតណាមមានតម្លាភាពនិងមានការបើកចំហក្នុងការចែករំលែកនិងធ្វើបច្ចុប្បន្នភាពទិន្នន័យស្តីពីស្ថានភាពជំងឺ COVID-19 ហើយតែងតែចាត់ទុកសុខភាពប្រជាជនជាអាទិភាពចម្បង។ តាមរយៈរាល់វិធានការយ៉ាងឆាប់រហ័សនិងខ្លាំងក្លាដើម្បីគ្រប់គ្រងការរាតត្បាត ក៏ដូចជាជួយដល់ពលករដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត “ដើម្បីកុំអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រៅ”នោះ ប្រជាជនវៀតណាមកាន់តែមានទំនុកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល។ លទ្ធផលនៃការស្ទង់មតិជាសកលមួយ ដោយទីភ្នាក់ងារស្រាវជ្រាវសង្គមសាំងហ្គាពួរអនុវត្តន៍កាលពីខែឧសភាបានបង្ហាញថា ប្រជាជនវៀតណាមរហូតដល់ទៅ ៩៤ ភាគរយបាននិយាយថា ការរក្សាព័ត៌មានដោយតម្លាភាពអំពីស្ថានភាពជំងឺរាតត្បាតនេះ បានជួយប្រជាជនឱ្យមានការជឿជាក់ទាំងស្រុងលើរដ្ឋាភិបាល។
លោក Mathew Moore (នាយកកម្មវិធីសន្តិសុខសុខភាពសកល (GHS) មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការ ទប់ស្កាត់ជំងឺ របស់អាមេរិក (CDC) |
គេមិនអាចប្រកែកបាន ចំពោះសមិទ្ធិផលប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាមឡើយ
បណ្ឌិតជនជាតិអាមេរិក លោក Mark Ashwill អ្នកជំនាញអប់រំអន្តរជាតិដែលបានបំពេញការងារនៅវៀតណាមអស់រយៈពេល ១៥ ឆ្នាំមកហើយនោះ ពេលសរសេរនៅលើគេហទំព័រ Counter Punch លោកបានរិះគន់ទស្សនៈរបស់លោក Bill Hayton ចំពោះវិធានការដែលវៀតណាមបានអនុវត្តន៍ថាជា “ការមូលបង្កាច់” របស់អ្នកដែលមិនដឹងអ្វីសោះអំពីវៀតណាមនៃឆ្នាំ២០២០នេះ។ យោងតាមលោករូបនេះ មុនពេលបញ្ចេតមតិអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់វៀតណាម អតីតអ្នកយកព័ត៌មាន Bill Hayton គួរតែអានអត្ថបទចុះផ្សាយលើកាសែត The Diplomat (ដែលមានទីតាំងនៅសហរដ្ឋអាមេរិក) ក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមបានគ្រប់គ្រងជំងឺដោយជោគជ័យ ដោយសារផ្អែកទៅលើយុទ្ធសាស្ត្រនៃការស្រុះចិត្តរបស់សង្គមទាំងមូល។ រីឯទស្សនាវដ្តីឈានមុខគេ The Nation របស់អាមេរិកក៏បានចាត់ទុកថា វៀតណាមគឺជាប្រទេសដែលបានឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ប្រកបដោយប្រសិទ្ធិភាពបំផុត។ លើគេហទំព័រ Eastasiaforum.org បានសរសេរថា នៅប្រទេសវៀតណាម “ទាំងកងកម្លាំងយោធានិងកម្លាំងប៉ូលីសសុទ្ធតែទទួលបានការស្រឡាញ់រាប់អានរបស់ប្រជាជន ខណៈដែលពួកគេដែលតែងតែឈរក្បែរប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយកិត្យានុភាពនៃកងកម្លាំងទាំងពីរនេះបានកើនឡើងដែលមិនធ្លាប់មានពីមុនមក។ ការវាយតម្លៃទាំងនេះត្រូវបានបង្ហាញដោយទិន្នន័យនៃការស្ទង់មតិមួយដែលធ្វើឡើងដោយគេហទំព័រ daliaresearch.com (ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់) សរឲ្យឃើញថា វៀតណាមមានចំនួនប្រជាជនខ្ពស់បំផុតលើពិភពលោកដែលជឿជាក់លើវិធានការរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ផងដែរ។ រឺក៏លទ្ធផលនៃការស្ទង់មតិសកលដោយក្រុមហ៊ុនវិភាគទិន្នន័យនិងស្រាវជ្រាវទីផ្សារ YouGov (ចក្រភពអង់គ្លេស) ដែលបានប្រកាសនៅថ្ងៃទី ១០ ខែមិថុនា ក៏បានចាត់ទុកថា វៀតណាមគឺជាប្រទេសដែលមានការឆ្លើយតបយ៉ាងល្អបំផុតចំពោះជំងឺរាតត្បាតនិងកម្រិតនៃការពេញចិត្តរបស់ប្រជាជនចំពោះវិធានការប្រឆាំងនឹងការរាតត្បាតរបស់រដ្ឋាភិបាល ឡើងទៅដល់ ៩៥%។
រាល់ការពិតជាក់ស្តែង ដែលត្រូវបានសារព័ត៌មានផ្សព្វផ្សាយ និងស្ថាប័នល្បីឈ្មោះនៅលើពិភពលោកប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺជាចម្លើយជាក់ស្តែងនិងមោះមុតបំផុតចំពោះមតិមូលបង្កាច់ និងកង្វះសុច្ឆន្ទៈរបស់អតីតអ្នកកាសែត Bill Hayton ឬសាស្រ្តាចារ្យសាកលវិទ្យាល័យ John Hopkins អំពីសមិទ្ធិផលដែលមិនអាចប្រកែកបានរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នោះឡើយ៕