គុយបាក្នុងដំណើរការផ្ទេរប្រគល់ផ្នែកនយោបាយ

(VOVWORLD) - ប្រទេសគុយបាកំពុងឆ្លងកាត់រយៈពេលដ៏សែនសំខាន់។ នោះគឺពេលវេលា ប្រវត្តិសាស្ត្រ ផ្ទេរប្រគល់មុខតំណែងថ្នាក់ដឹកនាំ នៅពេលដែលលោក Raul Castro លាលែងពីតំណែងប្រធានរដ្ឋគុយបា។
គុយបាក្នុងដំណើរការផ្ទេរប្រគល់ផ្នែកនយោបាយ - ảnh 1សម័យប្រជុំលើកទី១ រដ្ឋសភាគុយបានីតិកាលទី៩ (រូបថត៖ VOV) 

នេះជាលើកដំបូងក្រោយរយៈពេលជាងពាក់កណ្ដាលសតវត្សន៍ដែលមនុស្សមួយរូបនៅក្រៅត្រកូល Castro នឹងឡើងកាន់មុខតំណែងនេះ។ ប៉ុន្តែ ប្រជាជនគុយបាជឿជាក់ថា ថ្នាក់ដឹកនាំជំនាន់ថ្មីនឹងបន្ត និងពង្រីករាល់សមិទ្ធិផលដែលគុយបាដណ្ដើមបានក្នុងអាណត្តិបេសកកម្មទាំង២កន្លងទៅរបស់លោកប្រធាន Raul Castro ហើយលើសពីនេះទៅទៀតគឺសមិទ្ធិបដិវត្តន៍កាលពីសម័យអគ្គមគ្គុទេសលោក Fidel Castro ដើម្បីនាំប្រទេសការាបៀននេះអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។

        នាថ្ងៃទី១៨ និងទី១៩ មេសា រដ្ឋសភាគុយបាបានរៀបចំសម័យប្រជុំលើកទី១ នីតិកាលទី៩ ដើម្បីបោះឆ្នោតជ្រើសតាំងមុខតំណែងប្រធានរដ្ឋ អនុប្រធានក្រុមប្រឹក្សារដ្ឋក្នុងអាណត្តិ៥ឆ្នាំខាងមុខ។ បេក្ខជនតែមួយគត់ដែលបានឧទ្ទេសនាមចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សារដ្ឋនិងប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនោះគឺលោក Miguel Diaz Canel Bermudez ដែលជាអនុប្រធានទី១ក្រុមប្រឹក្សារដ្ឋគុយបា។

        ទោះជាបញ្ចប់អាណត្តិបេសកកម្មជាប្រធានរដ្ឋគុយបាក្ដី ប៉ុន្តែ លោក Raul Castro នៅតែកាន់តំណែងលេខាទី១បក្សកុម្មុយនិស្តគុយបាដល់ឆ្នាំ២០២១។

        ចំណុចលេចធ្លោក្នុងការកែទម្រង់

        ក្នុងអាណត្តិបេសកកម្មទាំងពីររបស់ប្រធានរដ្ឋលោក Raul Castro ប្រទេសគុយបាមានការផ្លាស់ប្ដូរដ៏លោតផ្លោះជាច្រើន ដូចជាការកែទម្រង់ខឿនសេដ្ឋកិច្ចតាមទិសបើកទ្វារទីផ្សារ ដែលទាក់ទាញការវិនិយោគទុនពីបរទេស និងផ្ដោតសំខាន់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។ កាលពីចុងឆ្នាំ២០១១ គុយបា បានអនុញ្ញាតឲ្យបុគ្គលបានទិញនិងលក់លំនៅដ្ឋាន។ ដល់ឆ្នាំ២០១៤ ទីផ្សាររថយន្តត្រូវបានធ្វើសេរីភាវូបនីយកម្ម។ ចាប់ពីឆ្នាំនេះដែរ គុយបាបានធ្វើវិសោធនកម្មច្បាប់ដើម្បីលើកទឹកចិត្តការវិនិយោគពីបរទេស ហើយបើកសម្ពោធកំពង់ផែ Mariel ដ៏ធំទូលាយ។ ជាមួយវិធានការជំរុញសេដ្ឋកិច្ចទាំងនេះ សេដ្ឋកិច្ចគុយបាទទួលបានកំណើន១,៦%ក្នុងឆ្នាំ២០១៧ ដោយមិនអើពើដល់ការសាកល្បងខាងហិរញ្ញវត្ថុឡើយ។ ទោះជាអាមេរិករឹតបន្តឹងបទបញ្ញត្តិស្ដីពីការធ្វើដំណើរក្ដី ប៉ុន្តែគុយបានៅតែទទួលភ្ញៀវទេសចរអន្តរជាតិជាង៤លាន៧សែននាក់។

        ក្នុងវិស័យសុខុមាលភាពសង្គម នាបច្ចុប្បន្ន យើងអាចឃើញការគូសសញ្ញារបស់ត្រកូល Castro តាមរយៈការដែលកុមារទទួលបានការអប់រំដោយឥតគិតថ្លៃ ឬជនចាស់ជរាមិនត្រូវព្រួយបារម្ភអំពីសេវាកម្មថែទាំសុខភាព។ សមភាពភេទជាសមិទ្ធិមួយក្នុងចំណោមសមិទ្ធិធំបំផុតចំនួន២នៅគុយបា ព្រោះថាមានពាក់កណ្ដាលបរិមាណអ្នកតាក់តែងច្បាប់នៃប្រទេសនេះគឺស្ត្រី ដែលជាអត្រាខ្ពស់ទី២លើពិភពលោក។

        ក្នុងវិស័យកិច្ចការបរទេសនិងសន្តិសុខ ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់គឺនាឆ្នាំ២០១៤ លោក Raul បានប្រកាសអំពីដំណើរការខិតមកជិតជាមួយអាមេរិក។ ហើយនាថ្ងៃទី២០ មិថុនា ឆ្នាំ២០១៥ អាមេរិកនិងគុយបាបានតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។ នាខែមីនាឆ្នាំ២០១៦ ប្រធានរដ្ឋលោក Raul បានទទួលប្រធានាធិបតីអាមេរិកលោក Barack Obama នៅរដ្ឋធានី La Habana។

គុយបាក្នុងដំណើរការផ្ទេរប្រគល់ផ្នែកនយោបាយ - ảnh 2ប្រជាជនគុយបាទៅបោះឆ្នោត 

     ការផ្លាស់ប្ដូរមានចរិតលក្ខណៈមរត

        នាឆ្នាំ២០១៣ នៅពេលឧទ្ទេសនាមលោក Miguel Diaz Canel Bermudezដែលជាគំរូមួយរូបនៃជំនាន់វ័យក្មេង ដើម្បីរដ្ឋសភាពិនិត្យមើល បោះឆ្នោតជ្រើសតាំងជាអនុប្រធានទីមួយក្រុមប្រឹក្សារដ្ឋគុយបានោះ ប្រធានរដ្ឋលោក Raul Castro បានសង្កត់ធ្ងន់ថា នេះមិនមែនជាមនុស្សម្នាក់ដែលត្រូវរញ្ជួយក្នុងឋានៈថ្មីទេ ប៉ុន្តែបានឆ្លង់កាត់ដំណើរការហាត់ពត់លត់ដំយ៉ាងហ្មត់ចត់ហើយ។ អាចនិយាយបានថា នេះក៏ជាចរិតលក្ខណៈរួមរបស់ថ្នាក់ដឹកនាំរដ្ឋគុយបានាពេលខាងមុខ។

        ពិតណាស់ថា ការត្រៀមរៀបចំឲ្យថ្នាក់ដឹកនាំជំនាន់ថ្មីនៅគុយបា បានប្រព្រឹត្តទៅក្នុងរយៈពេលច្រើនឆ្នាំមក។ សក្ខីភាពគឺវ័យអាយុជាមធ្យមរបស់សមាជិកសភាទាំង៦០៥រូបដែលទើបនឹងបានបោះឆ្នោតជ្រើសតាំងកាលពីថ្ងៃទី១១ មីនាកន្លងទៅ គឺ៤៩ឆ្នាំ ឬការដែលមានសមាជិកចំនួន៩នាក់ក្នុងចំណោមសមាជិកការិយាល័យនយោបាយមជ្ឈមឹបក្សកុម្មុយនិស្តគុយបាទាំង១៧នាក់នាបច្ចុប្បន្ន ត្រូវបានកើតនិងធំដឹងក្ដីក្នុងសម័យបដិវត្តន៍។ ពួកគេជាស្ពានតភ្ជាប់រវាងជំនាន់បដិវត្តន៍មុនៗជាមួយជំនាន់វ័យក្មេងនាសព្វថ្ងៃ។

        ក្នុងអំឡុងជិត៦ទសវត្សកន្លងមក ប្រជាជនគុយបាជានិច្ចកាលជឿជាក់យ៉ាងខ្លាំងទៅលើមាគ៌ាបដិវត្តន៍ដែលគេបានជ្រើសរើស។ ទោះជាកំណាត់ផ្លូវអភិវឌ្ឍន៍នាពេលខាងមុខនឹងជួបការសាកល្បងជាច្រើនក្ដី ប៉ុន្តែប្រជាជនទាំងមូលនៃប្រទេសការាបៀននេះនៅតែរក្សារឹងមាំជំនឿជាក់ថា ថ្នាក់ដឹកនាំជំនាន់ថ្មីនេះនឹងមានឫទ្ធានុភាពដើម្បីដឹកនាំប្រទេសជាតិជំនះពុះពារលើការលំបាកទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ