ចំណាប់អារម្មណ៍អំពីលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងក្រសែភ្នែកអ្នកការទូត
(VOVWORLD) - ភាពសាមញ្ញ ភាពរស់រាយរាក់ទាក់ ភាពស្និទ្ធស្នាល និងភាពស្លូតបូត គឺជាចំណាប់អារម្មណ៍របស់អ្នកការទូតទាំងជាតិ និងអន្តរជាតិចំពោះអគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong ពេលបានជួបប្រាស្រ័យទាក់ទងនិងធ្វើការជាមួយលោក។ ក្រៅពីការគោរព និងការកោតសរសើរចំពោះបញ្ញាដ៏ជ្រាលជ្រៅរបស់លោកអគ្គលេខាបក្សមក អ្នកការទូតទាំងនេះក៏មានអារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះអ្នកដឹកនាំដែលមានបុគ្គលិកលក្ខណៈសាមញ្ញបំផុតរូបនេះ។
“ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំគឺលោកអគ្គលេខាបក្សជាមនុស្សសាមញ្ញ ស្លូតបូតមួយរូប។ លោកអ៊ំ គឺសាមញ្ញទាំងក្នុងអាកប្បកិរិយា សាមញ្ញទាំងក្នុងការទំនាក់ទំនង ក៏ដូចជាសាមញ្ញក្នុងសម្លៀកបំពាក់ទៀតផង”។
“ខ្ញុំទើបបានជួបលោកតែម្តង ហើយពេលនោះខ្ញុំបាននៅជិតលោក។ ខ្ញុំមានអារម្មណ៍ថាគាត់ជាអ្នកដឹកនាំដែលមានភាពរួសរាយរាក់ទាក់ ឈ្លាសវៃ និងស្និទ្ធស្នាលណាស់។ លោកមានសកស្កូវ សាមញ្ញ ហើយតែងតែញញឹមដាក់អ្នករាល់គ្នា”។
“រាល់ពេលដែលខ្ញុំបានជួបប្រាស្រ័យទាក់ទងជាមួយលោកអគ្គលេខាបក្ស ក្នុងអំឡុងពេលធ្វើដំណើរទៅក្រៅប្រទេស ឬនៅទីក្រុងហាណូយ រចនាប័ទ្មសាមញ្ញ រាក់ទាក់ និងស្មោះត្រង់របស់លោកអគ្គលេខាបក្សបានបន្សល់ទុកនូវមនោសញ្ជេតនាល្អចំពោះខ្ញុំ”។
ការចែករំលែករបស់កម្មាភិបាលកំពុងបំពេញការងារកិច្ចការបរទេសរបស់វៀតណាមបង្ហាញថា លោកអគ្គលេខាបក្ស Nguyen Phu Trong មិនត្រឹមតែជាថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់ និងជាបក្ខជនកុម្មុយនិស្តពិតមួយរូបប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់អ្នកការទូតទាំងនេះ លោកក៏ជាគំរូនៃភាពជាអ្នកដឹកនាំដ៏សាមញ្ញ ជិតស្និទ្ធ និងជាមនុស្សដែលមានសណ្តានចិត្តល្អ”។
លោកអគ្គលេខាបក្សអញ្ជើញថ្លែង នៅក្នុងសន្និសីទការទូតលើកទី៣២ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ VOV |
សាស្ត្រាចារ្យរង Chu Hoang Long នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយវៀតណាមនៅសកលវិទ្យាល័យជាតិអូស្ត្រាលី អនុប្រធានសមាគមបញ្ញវន្ត និងអ្នកជំនាញវៀតណាម-អូស្ត្រាលី នៅតែចងចាំជារៀងរហូតនូវអនុស្សាវរីយ៍មុននេះ ១៦ ឆ្នាំ នៅពេលដែលលោកអគ្គលេខាបក្ស Nguyen Phu Trong មកបំពេញទស្សនកិច្ចជាផ្លូវការ ទៅអូស្ត្រាលី៖
“ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកអ៊ំ Trong ទៅកាន់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០៨ ដែលពេលនោះនៅក្នុងតួនាទីជាប្រធានរដ្ឋសភាវៀតណាម ពេលនិយាយនិងឃើញខ្ញុំប្រើទាំងឈ្មោះ និងមុខតំណែងដោយការគោរពខ្ពង់ខ្ពស់ លោកអ៊ំ Trong បានប្រាប់ខ្ញុំយ៉ាងស្និទ្ធស្នាលថា “គ្រាន់តែ ហៅខ្ញុំថាជាអ៊ំឬពូបានហើយ”។ ដូច្នេះចាប់ពីពេលនោះមកក្នុងការសំណេះសំណាល់នីមួយៗ ខ្ញុំនៅតែប្រើឃ្លាថា “លោកអ៊ំ Trong” ដើម្បីនិយាយអំពីលោកអគ្គលេខាបក្សផងដែរ។ គ្រួសារយើងនឹងមិនភ្លេចអនុស្សាវរីយ៍ឡើយ នៅពេលលោកចង្អុលដៃទៅកាន់កូនប្រុសខ្ញុំដែលមានអាយុត្រឹមតែ៣ឆ្នាំនៅពេលនោះ ហើយនិយាយថា “តោះមកនេះតាពរតិចណា”។ មកដល់ថ្ងៃនេះ ទោះបីកូនប្រុសខ្ញុំមានអាយុជិត២០ឆ្នាំក៏ដោយ ក៏គាត់នៅតែចងចាំ ហើយពេលខ្លះរៀបរាប់ថា កាលពីគាត់នៅក្មេង ត្រូវបានលោកតា Trong ពរដែរ”។
នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ រូបថត៖ VOV |
លោកឯកអគ្គរដ្ឋទូត Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជានិងអង់គ្លេស ទទួលបន្ទុកអៀរឡង់ មានសំណាង និងកិត្តិយសពីរដងដែលបានទទួលស្វាគមន៍លោកអគ្គលេខាបក្ស Nguyen Phu Trong មកបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៣ និងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០១៩។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh មានប្រសាសន៍ថា លោកបានទៅពីការភ្ញាក់ផ្អើលមួយទៅមួយទៀត នៅពេលដែលលោកអគ្គលេខាបក្ស ទោះបីលោកទើបតែធ្វើដំណើរដ៏យូរ និងក្នុងអាកាសធាតុត្រជាក់ក្នុងរដូវរងាអឺរ៉ុប ហើយលោកត្រូវផ្តាសសាយក៏ដោយ ប៉ុន្តែលោកនៅតែប្ដេជ្ញាថាមិនពន្យារពេលជួបសំណេះសំណាលជាមួយប្រជាអាណិកជនវៀតណាមនៅបរទេស នៅស្ថានទូតដូចការគ្រោងទុក។ នាពេលនោះ បងប្អូនអាណិកជនពិតជាសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលលោកអគ្គលេខាបក្សស្រាប់តែលេចមុខមក ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីបានទទួលដំណឹងថា លោកមិនអាចមកបាន។ នោះជាការជួបជុំគ្នាដ៏កក់ក្តៅនិងពោរពេញដោយមនោសញ្ជេតនាជាជនរួមជាតិ ជាមួយនឹងអារម្មណ៍ដែលឯកអគ្គរដ្ឋទូត Vu Quang Minh មិនធ្លាប់បានឃើញ។ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមទទួលបានការស្រឡាញ់រាប់អាន និងគោរពពីថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសដទៃទៀត ខណៈពេលដែលមានភាពសាមញ្ញ និងជិតស្និទ្ធជាមួយកម្មាភិបាល និងតែងតែផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់នូវមតិយោបល់របស់បងប្អូនអាណិកជន។
នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកជំទាវបានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ រូបថត៖ VOV |
លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានបន្សល់ទុកនូវរូបភាពដ៏ល្អប្រសើរជាមួយមន្ត្រីការទូតបរទេសអំពីរូបភាពថ្នាក់ដឹកនាំមួយរូបដ៏ស្មោះត្រង់ សាមញ្ញ និងតែងតែឆ្ពោះទៅប្រជាជនជានិច្ច។ ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន បានចែករំលែកចំណាប់អារម្មណ៍ និងមនោសញ្ចេតនាផ្ទាល់ខ្លួនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong យ៉ាងដូច្នេះ៖
“ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានស្គាល់ និងជួបលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយផ្ទាល់ជាច្រើនដងក្នុងពេលមកបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម ក៏ដូចជាពេលដែលលោកអគ្គលេខាបក្សមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកអគ្គលេខាបក្ស តែងតែបង្ហាញពីភាពសុខដុម ភាពស្និទ្ធស្នាល និងមិត្តភាពជានិច្ច”។
ភាពសាមញ្ញ ស្មោះស រាក់ទាក់រួសរាយ គំរូ និងភាពស្និទ្ធស្នាល គឺជាចំណាប់អារម្មណ៏ដែលមិនអាចបំភ្លេចបានអំពីលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងដួងចិត្តអ្នកការទូតវៀតណាម និងអន្តរជាតិ៕