កិច្ចប្រជុំកំពូលអនាគតកំណត់រូបរាងពិភពលោកនៃសតវត្សទី ២១

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិបានដាក់ចេញគោលដៅ កំណត់រូបរាងនៃអនាគតថ្មីប្រកបដោយភាពយុត្តិធម៌ បរិយាប័ន្ន និរន្តរភាព និងការតភ្ជាប់កាន់តែរឹងមាំនៅក្នុងសតវត្សទី ២១។

គំនិតនៃកិច្ចប្រជុំកំពូល ដើម្បីពិភាក្សាអំពីអនាគតត្រូវបានអង្គការសហប្រជាជាតិ (UN) ស្នើឡើងក្នុងឆ្នាំ ២០២០ ចំខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ (១៩៤៥-២០២០) និងនៅពេលដែលជំងឺរាតត្បាត Covid-១៩ បានធ្វើឲ្យពិភពលោកត្រូវភ្ញាក់រលឹកអំពីភាពចាំបាច់នៃការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ នូវគំរូអភិបាលកិច្ចសកលក្នុងសតវត្សទី ២១។

កិច្ចប្រជុំកំពូលអនាគតកំណត់រូបរាងពិភពលោកនៃសតវត្សទី ២១ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)

ពិភពលោកផ្សេងមួយទៀត

នៅក្នុងសារឆ្លើយតបទៅនឹង "សេចក្ដីអំពាវនាវជាសកល" សម្រាប់កិច្ចប្រជុំកំពូល អនាគត ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលសកល គឺជាផែនការដ៏មានមហិច្ឆិតា ដែលត្រូវបានសង្ឃឹមទុកអស់រយៈពេលជាច្រើនឆ្នាំរបស់សហគមន៍អន្តរជាតិ ព្រមទាំងជាការដាស់តឿនធ្វើសកម្មភាព នៅចំពោះមុខបញ្ហាប្រឈមថ្មីៗកាន់តែសម្បូរបែប និងស្មុគស្មាញនៅលើពិភពលោកបច្ចុប្បន្ន។ ប្រមុខអង្គការពហុភាគីដ៏សំខាន់បំផុតនៅលើភពផែនដីបានចាត់ទុកថា ស្ថាប័នបច្ចុប្បន្នត្រូវបានរចនាឡើងសម្រាប់យុគសម័យផ្សេងគ្នា ដូច្នេះវាមិនត្រូវបានបំពាក់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសតវត្សទី ២១ ដូចជាការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃបច្ចេកវិទ្យាជាដើម។ ដូច្នេះហើយ កិច្ចប្រជុំកំពូលអនាគតនឹងជំរុញការពិភាក្សា ដើម្បីកំណត់រូបរាងពិភពលោកថ្មីមួយ ជាមួយនឹងរចនាសម្ព័ន្ធថ្មី និងអាទិភាពថ្មី។

ទស្សនៈនេះរបស់អង្គការសហប្រជាជាតិ បានទទួលការឆ្លើយតបយ៉ាងខ្លាំងក្លាពីប្រទេសសមាជិកជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាហ្រ្វិក ឬអាមេរិកខាងត្បូង ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមក តែងតែទាមទារឱ្យមានសម្លេងកាន់តែខ្លាំងជាង នៅក្នុងយន្តការពហុភាគី។ ប្រធានាធិបតីណាមីប៊ី លោក Nangolo Mbumba បានធ្វើអត្ថាធិប្បាយថា៖

“យើងកំពុងឈរនៅផ្លូវបំបែកប្រវត្តិសាស្ត្រ។ បញ្ហាប្រឈមដែលយើងជួបប្រទះ ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់វិសមភាពសកល ពីភាពតានតឹងភូមិសាស្ត្រនយោបាយ រហូតដល់តម្រូវការបន្ទាន់នៃការអនុវត្តរបៀបវារៈអំពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នោះ ទាមទារការសន្យាជាសមូហភាពដ៏ខ្លាំងក្លា។ អនាគតរបស់អង្គការសហប្រជាជាតិ អាស្រ័យលើសមត្ថភាពរបស់យើងក្នុងការធ្វើសកម្មភាពដូចយន្តការមួយប្រកបដោយភាពបរិយាប័ន្ន ប្រសិទ្ធភាព និងភាពច្នៃប្រឌិតជាងមុន”។

កិច្ចប្រជុំកំពូលអនាគតកំណត់រូបរាងពិភពលោកនៃសតវត្សទី ២១ - ảnh 2អធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ (រូបថត៖ TTXVN)

ប្រទេសលោកខាងលិចជាច្រើន ទោះបីជាត្រូវបានចាត់ទុកថា ទទួលបានអត្ថប្រយោជន៍ពី
សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នក៏ដោយ ក៏ទទួលស្គាល់តម្រូវការបន្ទាន់សម្រាប់ការផ្លាស់ប្តូរផងដែរ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានធ្វើអត្ថាធិប្បាយថា៖

“សណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយប្រសិទ្ធភាពណាមួយ ក៏ត្រូវឆ្លុះបញ្ចាំងឲ្យបាននូវប្រព័ន្ធពហុប៉ូលរបស់ពិភពលោក។ បណ្ដាប្រទេសនៅអាស៊ី អាហ្រ្វិក និងអាមេរិកបានរីកចម្រើនទាំងចំនួនប្រជាជន និងសេដ្ឋកិច្ច។ មនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោកបានរួចផុតពីភាពក្រីក្រ ហើយបានចូលរួមក្នុងវណ្ណៈកណ្តាល។ មនុស្សទាំងនេះមានសិទ្ធិទាំងអស់ដើម្បីទទួលបានវិបុលភាព ការចូលរួម និងឥទ្ធិពលសកល ដូចពលរដ្ឋនៃទ្វីបអឺរ៉ុបនិងអាមេរិកខាងជើង”។

កំណត់អាទិភាពថ្មី

មុនពេលកិច្ចប្រជុំកំពូលអនាគត អង្គការសហប្រជាជាតិបានរៀបចំ "ទិវានៃសកម្មភាព" នៅថ្ងៃទី ២០-២១ ខែកញ្ញា សម្រាប់តំណាងប្រទេស អង្គការសង្គមស៊ីវិល យុវជន មជ្ឈដ្ឋានអ្នកប្រាជ្ញ ឬរដ្ឋាភិបាលតំបន់ ... ពិភាក្សាលើប្រធានបទទាំងអស់ដែលនៅតែមានការជាប់ជំពាក់ជំពិននៅក្នុងសេចក្តីព្រាងឯកសារ។ កិច្ចពិភាក្សាទាំងនេះបានរួមចំណែកលម្អិតចុងក្រោយដល់ឯកសារចំនួនបី ដែលរំពឹងថានឹងត្រូវបានអនុម័តដោយប្រមុខរដ្ឋ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិនៅឯកិច្ចប្រជុំកំពូលអនាគត រួមមាន៖ សន្ធិសញ្ញានៃអនាគត; សេចក្តីថ្លែងការណ៍អំពីជំនាន់អនាគត; សន្ធិសញ្ញាឌីជីថលសកល។

នៅក្នុងបរិបទដែលមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ (UNGA-៧៩) ដែលប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលអនាគត (ថ្ងៃទី ២៤-២៨ ខែកញ្ញា) នោះ បញ្ហាកំណែទម្រង់របស់អង្គការសហប្រជាជាតិក៏ទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres តម្រូវការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ជាពិសេសចំនួនសមាជិក និងយន្តការប្រតិបត្តិការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានដាក់ចេញអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយមិនអាចបន្តពន្យារពេលបានទេ។

“ទិដ្ឋភាពមួយដ៏សែនសំខាន់នៅកិច្ចប្រជុំកំពូលអនាគតលើកនេះ គឺការទទួលស្គាល់ថាស្ថាប័នរបស់យើងត្រូវការកំណែទម្រង់ ហើយស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលត្រូវការកំណែទម្រង់គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បញ្ហាសំខាន់ដែលជាប់ពាក់ព័ន្ធនឹងអនាគតនៅទីនេះ គឺតួនាទីរបស់ប្រទេសសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ និងភាពចាំបាច់នៃការបែងចែកអំណាចឡើងវិញ”។

ក្រៅពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ថាប័នមួយទៀតរបស់អង្គការសហប្រជាជាតិ ក៏ប្រឈមនឹងតម្រូវការនៃកំណែទម្រង់យ៉ាងទូលំទូលាយដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន គឺក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC)។ លើសពីនេះ កិច្ចពិភាក្សាលើកំណែទម្រង់របស់អង្គការសហប្រជាជាតិ ក៏លើកឡើងពីការបង្កើនអំណាចនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាវេទិកាសម្រាប់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ ប៉ុន្តែគ្មានអំណាចសម្រេចចិត្តលើបញ្ហាធំៗជាច្រើនអំពីសន្តិភាពនិងសន្តិសុខអន្តរជាតិនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ