ឆ្នាំ២០១៩៖ លោតផ្លោះដើម្បីអភិវឌ្ឍន៍

(VOVWORLD) - វៀតណាមបានបញ្ចប់ឆ្នាំ២០១៨ដោយសម្រេចបាននូវលទ្ធផលគួរអោយ ចាប់អារម្មណ៍នានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បន្តសន្ទុះនោះ ចាប់តាំងពី ប៉ុន្មានថ្ងៃដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលវៀតណាមបានសរបញ្ជាក់អោយឃើញ នូវការប្ដេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅនៃឆ្នាំទាំងមូល។
ឆ្នាំ២០១៩៖ លោតផ្លោះដើម្បីអភិវឌ្ឍន៍ - ảnh 1 ឆ្នាំ២០១៩៖ លោតផ្លោះដើម្បីអភិវឌ្ឍន៍

  ឆ្នាំ២០១៩ជាឆ្នាំសំខាន់ដើម្បីបោះជំហានលោតផ្លោះក្នុងដំណាក់កាល២០១៦-២០២០ ហើយក៏ជាឆ្នាំសំខាន់ដើម្បីឆ្ពោះទៅរកគោលដៅក្នុងរយៈពេលយូរអង្វែងទៀតផង។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ គឺទាមទារអោយរដ្ឋាភិបាលត្រូវមានការប្ដេជ្ញាចិត្តនិងភាពម្ចាស់ការចាប់តាំងពីឥឡូវនេះតទៅ។

        ការបោះជំហានលោតផ្លោះក្នុងគោលនយោបាយ

        ស្មារតីបោះជំហានលោតផ្លោះ មុនបង្អស់គឺត្រូវបានបង្ហាញតាមរយៈការប្ដេជ្ញាចិត្តសម្រេចបាននូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៩។ រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តសំខាន់ចំនួន២ ដែលមានអត្ថន័យគន្លឹះក្នុងការសម្រេចផែនការដែលត្រូវបានដាក់ចេញ។ នោះគឺសេចក្ដីសម្រេចចិត្តលេខ០១ស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩និងសេចក្ដីសម្រេចចិត្តលេខ០២ស្ដីពីការបន្តអនុវត្តន៍ភារកិច្ចនិងដំណោះស្រាយសំខាន់ៗដើម្បីកែលម្អបរិយាកាសធ្វើអាជីវកម្មក៏ដូចជាលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិផងដែរ។ ឯកសារគតិយុត្តទាំងពីរនេះ សុទ្ធតែចូលជាធរមានចាប់តាំងពីថ្ងៃដំបូងនៃឆ្នាំ២០១៩។ ប្រការនេះបានសរបញ្ជាក់អោយឃើញថា រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីប្ដេជ្ញាចិត្តយ៉ាងខ្លាំងដើម្បីបង្កើតឡើងជំហានលោតផ្លោះប្រកបដោយគុណភាពក្នុងឆ្នាំ២០១៩។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអោយដឹងថា សេចក្ដីសម្រេចចិត្តលេខ០១បានបង្ហាញយ៉ាងច្បាស់លាស់នូវស្មារតីលោតផ្លោះក្នុងយន្តការ គោលនយោបាយ ជាពិសេសគឺការជួយសម្រួលដល់បែបបទរដ្ឋបាល។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “សេចក្ដីសម្រេចចិត្តនេះគឺសំដៅបង្កើតឡើងការផ្លាស់ប្ដូរដ៏ជាក់ស្ដែងថែមទៀតក្នុងការអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រនានា ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន ក៏ដូចជាការជំរុញខ្លាំងនវានុវត្តភាព ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿននៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ប្រកបដោយប្រសិទ្ធភាព ផងដែរ”។

        ក្នុងពេលជាមួយគ្នានោះ សេចក្ដីសម្រេចចិត្តលេខ០១ស្ដីពីការកែលម្អបរិយាកាសធ្វើអាជីវកម្មនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ គឺពឹងផ្អែកលើការរៀបចំណាត់ថ្នាក់របស់អង្គការអន្តរជាតិនានាស្ដីពីសន្ទស្សន៍ចំនួន៧ក្រុម ដើម្បីដាក់ចេញគោលដៅជាក់ស្ដែងសម្រាប់ឆ្នាំ២០១៩និងឆ្នាំ២០២១។ លោក Nguyen Dinh Cung ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានវាយតម្លៃថា៖

        “សេចក្ដីសម្រេចចិត្តលេខ០២បានប្រើប្រាស់ការរៀបចំណាត់ថ្នាក់របស់អន្តរជាតិចំពោះវៀត ណាម ហើយយកចំណាត់ថ្នាក់ទាំងនោះធ្វើជារង្វាស់ ដើម្បីប្រៀបធៀបការរីកចម្រើននិងលទ្ធផលដែលសម្រេចបានព្រមទាំងស្វែងរកដំណោះស្រាយផងដែរ។ មានវិស័យចំនួន៤ដែលរដ្ឋាភិបាលបញ្ជាណែនាំយ៉ាងខ្លាំងក្លា ក្នុងនោះមានកាត់បន្ថយ ជួយសម្រួលដល់លក្ខខ័ណ្ឌធ្វើអាជីវកម្ម កាត់បន្ថយបរិមាណទំនិញដែលត្រូវត្រួតពិនិត្យមុនពេលឆ្លងដែន បង្កើនការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ និងផ្គត់ផ្គង់សេវាកម្មសាធារណៈថ្នាក់ទី៤។ កិច្ចការទាំងនេះនឹងជួយបង្កើនតម្លាភាពក្នុងការគ្រប់គ្រងផង ហើយរួមចំណែកបង្ការប្រឆាំងអំពើពុករលួយទៀតផង”។

        ក្រៅពីសេចក្ដីសម្រេចចិត្តលេខ០១និង០២ រដ្ឋាភិបាលក៏បានសំណូមពរអោយរដ្ឋមន្រ្តី ថ្នាក់ដឹកនាំស្ថាប័ននិងប្រធានគណៈកម្មការធិការប្រជាជនខេត្តក្រុងទាំងអស់ក្នុងទូទាំងប្រទេសចាំបាច់ត្រូវបញ្ជាណែនាំយ៉ាងខ្លាំងក្លា ហ៊ានគិត ហ៊ានធ្វើ ក៏ដូចជាត្រួតពិនិត្យយ៉ាងហ្មត់ចត់ការអនុវត្តនៅតាមគ្រប់ជាន់ថ្នាក់ ផងដែរ។

       ឆ្លៀតយកកាលានុវត្តភាពដើម្បីបោះជំហានលោតផ្លោះ

        យន្តការនិងគោលនយោបាយដើម្បីបង្កើតគ្រឹះស្ថានសម្រាប់ជំហានលោតផ្លោះបានមានស្រាប់ហើយ។ ការងារនៅសេសសល់គឺវៀតណាមត្រូវឆ្លៀយយកបាននូវកាលានុវត្តភាពដើម្បីលោតផ្លោះ។ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមកំពុងឈានទៅដំណាក់កាលថ្មី ដោយតភ្ជាប់យ៉ាងស្អិតរមួតជាមួយខឿនសេដ្ឋកិច្ចតំបន់និងសកល។ ការរីកចម្រើនយ៉ាងខ្លាំងក្លានៃតំបន់សេដ្ឋកិច្ចឯកជនក៏ជាគ្រឹះស្ថានសំខាន់មួយដែលរួមវិភាគទានដ៏ធំធេងសម្រាប់ខឿនសេដ្ឋកិច្ច វៀតណាមផងដែរ។ ក្នុងពេលជាមួយគ្នានោះ ការដែលកិច្ចព្រមព្រៀង CPTPP ចូលជាធរមាននោះ ក៏ជាកត្តាមួយដែលត្រូវឆ្លៀតយកភ្លាមមួយរំពិចចាប់តាំងពីឆ្នាំ២០១៩ ដើម្បីបន្តបើកទូលាយទីផ្សារ។ លំហូរទុនវិនិយោគលើពិភពលោករំពឹងទុកថា នឹងបន្តមានការផ្លាស់ប្ដូរ ជាច្រើនក្នុងឆ្នាំនេះ ដែលក្នុងនោះតំបន់អាស៊ាននិងវៀតណាមនៅតែជាទីផ្សារគួរអោយទាក់ទាញចំពោះវិនិយោគិនអន្តរជាតិ។ វៀតណាមចាំបាច់ត្រៀមរៀបចំអោយបានល្អដើម្បីក្ដាប់ជាប់កាលានុវត្តភាព ក៏ដូចជាទទួលយកដោយមានការជ្រើសរើសចំពោះគម្រោងបច្ចេកវិទ្យាខ្ពស់ គម្រោងស្និទ្ធស្នាលជាមួយបរិស្ថាន និងគម្រោងដែលតភ្ជាប់យ៉ាងល្អជាមួយសហគ្រាសក្នុងប្រទេស ផងដែរ។

        ដោយមានការប្រតិបត្តិប្រកបដោយនវានុវត្តភាពរួមជាមួយមហិច្ឆតាឈានទៅមុខ វៀតណាមកំពុងត្រៀមខ្លួនជាស្រេចក្ដាប់ជាប់កាលានុវត្តភាពទាំងអស់ដើម្បីបោះជំហានលោតផ្លោះ ព្រមទាំងជំរុញល្បឿនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ