ជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយលក្ខណៈទំនើបនិងចីរភាព

(VOVWORLD) - សេចក្ដីសម្រេចចិត្តលេខ២៦របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១០ ស្ដីពីការអភិវឌ្ឍវិស័យកសិកម្ម កសិករ និងជនបទ ត្រូវ បានវៀតណាមដំណើរការអនុវត្តន៍ចាប់តាំងពីឆ្នាំ២០០៨មក។ គោលដៅនៃ សេចក្ដីសម្រេចចិត្តនេះគឺសំដៅអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយលក្ខណៈ ទំនើបនិងចីរភាព កសាងជនបទថ្មីដែលមានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមទំនើប និងវណ្ណៈកម្មករដែលមានឫទ្ធានុភាពនយោបាយដ៏គ្រប់គ្រាន់ដើម្បីគ្រប់គ្រង ជនបទថ្មី។ ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តនេះ វិស័យ កសិកម្មបានរួមចំណែកទៅក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រង អតិផរណា ការបង្កើតការងារបន្ថែម ការកាត់បន្ថយភាពក្រីនិងលើកកំពស់ឋានៈ របស់វៀតណាមលើឆាកអន្តរជាតិផងដែរ។

រហូតមកដល់ឆ្នាំ២០១៧ សន្តិសុខស្បៀងអាហាររបស់វៀតណាមត្រូវបានធានាយ៉ាងរឹងមាំ។ មុខទំនិញកសិផលនាំចេញនានារបស់វៀតណាមបានអះអាងនូវកិត្យានុភាពនិងលទ្ធភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិដូចជាស្រូវអង្ករ កៅស៊ូ កាហ្វេ គ្រាប់ស្វាយចន្ទី បង្កង និងផ្លែឈើ។ ការកសាងជនបទថ្មីបានក្លាយទៅជាចលនាដ៏ទូលំទូលាយ ដោយមានឃុំជាង៣០០០កន្លែងដែលត្រូវបានទទួលស្គាល់ថាជាជនបទថ្មី និងពលករជនបទប្រមាណ៧លាន២សែននាក់ដែលត្រូវបានបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

        បន្តបោះជំហានលោតផ្លោះក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ

        ការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញតាមសេចក្ដីសម្រេចចិត្តលេខ២៦ទទួលបានលទ្ធផលដ៏ធំធេងជាច្រើន ដែលមុនបង្អស់និងសំខាន់បំផុតនោះគឺ វាបានបង្កើតឡើងការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុងមនសិការរបស់សង្គមចំពោះភាពចាំបាច់នៃការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ ប៉ុន្តែ ផលិតផលកសិកម្មរបស់វៀតណាមនាបច្ចុប្បន្នត្រូវមានការផ្លាស់ប្ដូរថ្មីជាច្រើនថែមទៀតដើម្បីសមស្របទៅនឹងតម្រូវការនៃទីផ្សារ ក៏ដូចជាបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ ម្យ៉ាងវិញទៀត កសិផលវៀតណាមត្រូវបាននាំចេញទៅទីផ្សារប្រមាណ១៨០លើពិភពលោក ដូច្នេះហើយទាមទារអោយការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ត្រូវមានទស្សនៈវិស័យដ៏ឆ្ងាយជាងបើប្រៀបធៀបនឹងរយៈពេល១០ឆ្នាំមុននេះ។ ដោយហេតុនេះ ចាំបាច់ត្រូវបង្កើតបន្ថែមនូវយន្តការ គោលនយោបាយថ្មីៗដើម្បីទាក់ទាញសហគ្រាសបណ្ដាក់ទុនចូលក្នុងវិស័យកសិកម្ម ជំរុញខ្លាំងការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរប្រគល់បច្ចេកវិទ្យា និងការអនុវត្តបច្ចេកវិទ្យាទំនើបចូលក្នុងការធ្វើផលិតកម្មកសិកម្មផងដែរ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Nguyen Xuan Cuong បានអោយដឹងថា៖

        “យើងនឹងបន្តជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ តាមរយៈការត្រួតពិនិត្យឡើងវិញនូវក្រុមទំនិញនីមួយៗ ដើម្បីផ្ដោតទៅលើក្រុមទំនិញដែលវៀតណាមមានឧត្តមភាព ឬក៏ក្រុមទំនិញដែលពិភពលោកកំពុងមានតម្រូវការដ៏ធំធេង។ ដោយឈរលើមូលដ្ឋាននោះ យើងនឹងអនុវត្តន៍ វិទ្យាសាស្ត្របច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីរៀបចំការធ្វើផលិតកម្មប្រកបដោយប្រសិទ្ធភាពនិងចីរភាព”។

        កសាងខឿនកសិកម្មទំនើបដែលមានលទ្ធភាពប្រកួតប្រជែងជាមួយពិភពលោក

        ភារកិច្ចរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនឹងត្រូវបានប្រទេសវៀតណាមអនុវត្តន៍នាពេលខាងមុខ សំដៅកសាងខឿនកសិកម្មអោយបានទំនើបនិងមានលទ្ធភាពប្រកួតប្រជែងខ្ពស់។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានលើកឡើងយ៉ាងច្បាស់ថា៖

        “គោលដៅរួមក្នុងដំណាក់កាលខាងមុខគឺកសាងខឿនកសិកម្មមួយអោយបានឆ្លាតវៃ ទំនើប និងមានលទ្ធភាពប្រកួតប្រជែងជាមួយពិភពលោក។ បើយើងចង់ប្រកួតប្រជែងបានគឺយើងត្រូវមានគុណភាព ទិន្នផល ប្រសិទ្ធភាព និងលទ្ធភាពបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ។ រួមជាមួយគ្នានោះ គឺយើងត្រូវលើកស្ទួយតម្លៃបង្កើន អភិវឌ្ឍន៍ប្រកបដោយចីរភាពក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទផងដែរ។ ទន្ទឹមនឹងនោះ យើងត្រូវចាត់ទុកសហគ្រាសនិងសហករណ៍គឺជាកម្លាំងចលករស្នូលនៃការអភិវឌ្ឍ ហើយចាត់ទុកប្រជាជនជាមុខសញ្ញាដើម្បីយើងបម្រើ។ នោះគឺកត្តាដែលសម្រេចជោគជ័យនៃដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងអភិវឌ្ឍន៍វិស័យកសិកម្ម”។

        ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ២០២០ វៀតណាមដាក់ចេញគោលដៅគឺបង្កើនតម្លៃកសិកម្មយ៉ាងហោចណាស់៣%ក្នុងមួយឆ្នាំ បង្កើនផលិតភាពពលកម្មក្នុងវិស័យកសិកម្មយ៉ាងហោចណាស់៣,៥%ក្នុងមួយឆ្នាំ និងបង្កើនចំណូលរបស់ប្រជាជននៅតំបន់ជនបទឡើងយ៉ាងហោចណាស់១,៨ដងបើប្រៀបនឹងឆ្នាំ២០១៥។ ដើម្បីទទួលបានលទ្ធផលទាំងនេះ វៀតណាមនឹងកសាងអ័ក្សកសិកម្មស្នូលទាំង៣រួមមាន៖ ក្រុមផលិតផលមុខព្រួយថ្នាក់ជាតិ ក្រុមផលិតផលមុខព្រួញថ្នាក់ខេត្ត និងក្រុមផលិតផលតាមរូបសណ្ឋាន “ឃុំមួយមានផលិតផលមួយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ