ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអភិវឌ្ឍកសិកម្ម

(VOVWORLD) - នាពេលកន្លងទៅ អាស្រ័យដោយមានការយកចិត្តទុកដាក់ បញ្ជាណែនាំ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួងនិងស្ថាប័ននានា អញ្ចឹងបានជាសកម្មភាពវិទ្យា សាស្ត្រ បច្ចេកវិទ្យានិងច្នៃប្រឌិត បានបង្កើតកម្លាំងចលករដ៏ខ្លាំងក្លា បម្រើដោយ ផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ស្នាដៃវិទ្យាសាស្ត្របច្ចេកវិទ្យាជាច្រើនត្រូវ បានអនុវត្តយ៉ាងទូលំទូលាយក្នុងវិស័យសុខាភិបាល សំណង់ ព័ត៌មាន ធនាគារ ទេសចរណ៍ ជាពិសេសគឺរួមចំណែកអភិវឌ្ឍកសិកម្ម ទៀតផង។
ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការអភិវឌ្ឍកសិកម្ម - ảnh 1 ការផលិតបន្លែដោយអនុវត្តបច្ចេកវិទ្យាខ្ពស់នៅភូមិ Van Thanh ទីក្រុង Da Lat (រូបថត៖ VOV)

  ក្នុងឆ្នាំ២០១៩ កម្មវិធីធ្វើសកម្មភាពរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលត្រូវបានអនុវត្តជាក់ស្ដែងលើបណ្ដាវិស័យដូចជា៖ ការពង្រីកប្រភពធនធាននានា បង្កើនការកៀងគរប្រភពធនធានសង្គមវិនិយោគសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិត ដំណើរការដំណោះស្រាយនានាដើម្បីរៀនសូត្រនិងធ្វើម្ចាស់លើបច្ចេកវិទ្យាគន្លឹះនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏បានជំរុញខ្លាំងនូវការត្រួតពិនិត្យ រៀបចំរចនាសម្ព័ន្ធកម្មវិធីវិទ្យាសាស្ត្របច្ចេកវិទ្យាជាតិឡើងវិញ ដោយយកសហគ្រាសជាសម្ឈមណ្ឌលនៃប្រព័ន្ធផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតជាតិ។

       ជួយឧបត្ថម្ភដល់ការបោះទុនចូលវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា

        ក្នុងសម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Chu Ngoc Anh បានជម្រាបថា យុទ្ធសាស្ត្ររបស់ក្រសួងនោះគឺជំរុញខ្លាំងនូវការអភិវឌ្ឍវិស័យឧស្សាហកម្មឧបត្ថម្ភនិងវិស្វកម្មមេកានិក ព្រមទាំងបង្កើនថវិកាសម្រាប់សកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យានៅតាមតំបន់ផងដែរ។ លោករដ្ឋមន្រ្តីបានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពុងផ្ដោតទៅលើ ការជួយឧបត្ថម្ភដល់សហគ្រាសក្នុងការស្រាវជ្រាវ អនុវត្ត ផ្លាស់ប្ដូរថ្មីនិងផ្ទេរប្រគល់បច្ចេកវិទ្យាសំដៅអភិវឌ្ឍផលិតផលតាមខ្សែសង្វាក់តម្លៃផលិតកម្ម។ រដ្ឋមន្រ្តីលោក Chu Ngoc Anh បានជម្រាបជាបន្តថា៖

        “សហគ្រាសនឹងទទួលបានជំនួយឧបត្ថម្ភដើម្បីលើកកំពស់សមត្ថភាពស្រូបយកបច្ចេកវិទ្យា ហើយត្រូវបានផ្ទេរប្រគល់បច្ចេកវិទ្យាទៀតផង។ ក្នុងបណ្ដាពិព័រណ៍ឧបករណ៍បច្ចេកវិទ្យានាពេលកន្លងទៅ មានបច្ចេកវិទ្យាចំនួន៣៣ពាន់ត្រូវបានផ្ទេរប្រគល់អោយសហគ្រាស។ ក្រៅពីនោះ ការបង្កើនការអនុវត្តបច្ចេកវិទ្យាក្នុងដំណើរការកែច្នៃនិងក្រោយពីការប្រមូលផលក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ”។

        ជំរុញល្បឿននៃដំណើរការជួយឧបត្ថម្ភដល់សហគ្រាសដើម្បីអភិវឌ្ឍកសិកម្មដោយបច្ចេកវិទ្យា

        នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងបញ្ជាណែនាំអោយត្រួតពិនិត្យនិងបំពេញបទបញ្ញត្តិច្បាប់អោយបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់សកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យានិងច្នៃប្រឌិត។ ទន្ទឹមនឹងនោះ ចេញផ្សាយគោលនយោបាយជាក់ស្ដែងដើម្បីជួយឧបត្ថម្ភដល់ការផ្ទេរប្រគល់បច្ចេកវិទ្យា បង្កើនការតភ្ជាប់រវាងវិទ្យាស្ថានស្រាវជ្រាវ សកលវិទ្យាល័យ ជាមួយសហគ្រាស លើកកំពស់កម្រិតបច្ចេកវិទ្យានិងសមត្ថភាពស្រូបយកបច្ចេកវិទ្យារបស់សហគ្រាស សំដៅឆ្លើយតបនឹងសំណូមពរនាពេលចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤។

        ចំពោះដំណោះស្រាយរបស់រដ្ឋាភិបាលដើម្បីជួយសម្រួលដល់ការអភិវឌ្ឍកសិកម្មដោយបច្ចេក វិទ្យានាពេលខាងមុខ នៅក្នុងកិច្ចប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានលើកច្បាស់ថា៖

        “ត្រូវតែចាត់វិធានការប្រមូលផ្ដុំដីធ្លីអោយបានទូលំទូលាយគ្រប់គ្រាន់ដើម្បីអោយសហគ្រាសធំៗចូលរួម ព្រមទាំងអភិវឌ្ឍសហករណ៍និងសេដ្ឋកិច្ចសមូហភាពអោយបានខ្លាំងក្លា ក្នុងនោះអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពក្នុងផលិតកម្ម។ យើងខ្ញុំសង្ឃឹមថា រាល់វិធានការពោលខាងលើនឹងជួយបង្កើនបរិមាណសហគ្រាស ដូចទៅនឹងប្រសាសន៍របស់លោករដ្ឋមន្រ្តីក្រសួងកសិកម្មដែលថា នាប៉ុន្មានឆ្នាំកន្លងទៅ បរិមាណសហគ្រាសបានកើន៣ដង ជាពិសេសគឺបរិមាណ សហគ្រាសអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា”។

        រួមជាមួយការជំរុញខ្លាំងនូវការទាក់ទាញដើមទុនចូលមកតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាជំរុញសកម្មភាពបណ្ដុះសហគ្រាសបច្ចេកវិទ្យាខ្ពស់នោះ គឺរដ្ឋាភិបាលថែមទាំងផ្ដោតទៅលើការកសាងកម្មវិធីសំខាន់ថ្នាក់ជាតិស្ដីពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ទៀតផង។ ក្រៅពីនោះ បន្តយកចិត្តទុកដាក់ដល់ការកសាង អភិវឌ្ឍកម្មាភិបាលខាងវិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំងយកចិត្តទុកដាក់ដល់ការជំរុញចលនាចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតក្នុងសហគមន៍ ជាពិសេសគឺជំនាន់វ័យក្មេង ផងដែរ៕

c

ប្រតិកម្មទៅវិញ

ផ្សេងៗ