ជំរុញការអភិវឌ្ឍទីផ្សារដើម្បីសម្រេចបានគោលដៅទ្វេដង
(VOVWORLD) - វៀតណាមកំពុងអនុវត្តគោលដៅទ្វេដងនោះ គឺបង្ការ ទប់ស្កាត់ជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព និងធានាគោលដៅកំណើនសេដ្ឋកិច្ចសង្គម។ នៅចំពោះ មុខភារកិច្ចនេះ ផ្នែកឧស្សាហ-ពាណិជ្ជកម្មនិងសហគ្រាសវៀតណាមកំពុងខិតខំ ប្រឹងប្រែងអភិវឌ្ឍទីផ្សារនាំចេញ ព្រមទាំងរក្សាស្ថិរភាព ទីផ្សារក្នុងស្រុក ដើម្បី ធានាថា ពាណិជ្ជកម្មនឹងរួមវិភាគទានដ៏សំខាន់ទៅក្នុងកំណើ GDP ក្នុងឆ្នាំ២០២០។
យោងតាមក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានជម្រាបថា ទោះបីជាជំងឺ Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ ដែលបង្កឡើងការលំបាកជាច្រើនចំពោះការផលិត ដោះដូរទំនិញក្ដី ប៉ុន្តែកំណើននាំចេញនាំចូលក្នុងរយៈពេល២ខែដើមឆ្នាំរបស់វៀតណាម នៅតែសម្រេចបានចំនួន៨,៤% ខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។
ផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍទីផ្សារបរទេស
តាមពិតទៅ រចនាសម្ព័ន្ធទំនិញនាំចេញនាំចូលរបស់វៀតណាមក្នុងរយៈ ពេល២ខែដើមឆ្នាំ២០២០ ក៏មានការផ្លាស់ប្ដូរមួយចំនួន ក្នុងនោះទំហំនាំចេញ កសិផល ជលផល ដែលជាឧត្តមភាពរបស់វៀតណាមតាំងពីមុនមកសុទ្ធតែធ្លាក់ ចុះ។ អ្នកដឹកនាំផ្នែកឧស្សាហ-ពាណិជ្ជកម្មបានសំណូមពរឲ្យអង្គភាពពាក់ព័ន្ធ នានា វាយតម្លៃនិងកសាងផែនការយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងការវិវត្តន៍ ថ្មីៗនៃទីផ្សារក្រោមផលប៉ះពាល់បង្កឡើងដោយជំងឺរាតត្បាត ជាពិសេសគឺទីផ្សារ ជាដៃគូធំៗរបស់វៀតណាមដូចជាអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអាស៊ីមួយ ចំនួន។ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Tuan Anh បានអះអាងថា៖
“នាយកដ្ឋានឧស្សាហកម្មបានសហការជាមួយនាយកដ្ឋាននាំចេញនាំចូលនិង មន្ទីរទទួលបន្ទុកទីផ្សារបរទេសផ្សេងៗ ដើម្បីវាយតម្លៃចំពោះផលប៉ះពាល់ទៅ លើវៀតណាម ស្វែងរកទីផ្សារជំនួស ទីផ្សារបំពេញបន្ថែម ក៏ដូចជាចាត់វិធាន ការទប់ទល់នៅហ្នឹងទីផ្សារដែលកំពុងជួបការលំបាកទាំងនោះ តាមនោះដាក់ ចេញផែនការ ដំណោះស្រាយចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ។ ធ្វើយ៉ាងណា ដើម្បីធានាគោលដៅរួមក្នុងផលិតកម្ម ការអភិវឌ្ឍទីផ្សារ ក៏ដូចជាការអភិវឌ្ឍខ្សែ សង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺទីផ្សារចិន កូរ៉េខាងត្បូងចំពោះផលិតផលនៃវិស័យ អេឡិចត្រូនិក គ្រឿងឈើ កសិផល ជលផល និងទីផ្សារអឺរ៉ុប អាមេរិក ចំពោះ ផលិតផលនៃវិស័យឧស្សាហកម្មកែច្នៃ កសិផល ជលផលនិងបង្កបង្កើត”។
ដើម្បីអនុវត្តភារកិច្ចនេះ តំណាងនាយកដ្ឋាននាំចេញនាំចូលបានដំណើរការ ត្រួតពិនិត្យឡើងវិញនូវទីផ្សារសំខាន់ៗ ជាពិសេសគឺទីផ្សារដែលរងផលប៉ះពាល់ មិនសូវធ្ងន់ធ្ងរដោយជំងឺ Covid-19 ដើម្បីបើកទូលាយទីផ្សារថ្មីសម្រាប់សហគ្រាស វៀតណាម។ ទន្ទឹមនឹងនោះ ណែនាំឲ្យសហគ្រាសនាំចេញឡើងវិញទៅកាន់ ទីផ្សារចិន កូរ៉េខាងត្បូង ជប៉ុន ក្រោយពីស្ថានភាពជំងឺនៅបណ្ដាប្រទេសនេះមាន ភាពធូរស្រាល។ ចំពោះទីផ្សារ EU អាមេរិក និងអាស៊ាន ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមក៏បានអនុវត្តដំណោះស្រាយជាក់លាក់ដើម្បីរក្សារឹងមាំនូវគោលដៅនាំចេញក្នុងបរិបទនៃជំងឺរាតត្បាតផងដែរ។ ជាពិសេសគឺ ក្រសួងប្ដេជ្ញា ចិត្តសម្រេចសំណុំឯកសារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU (EVFTA) ដាក់ជូនរដ្ឋសភាអនុម័តយ៉ាងឆាប់ៗ សំដៅជំរុញការរីកចម្រើននៃ វិស័យនាំចេញនាំចូលក្នុងប៉ុន្មានខែចុងឆ្នាំ២០២០។
យកចិត្តទុកដាក់ដល់ការរក្សាស្ថិរភាពនៃទីផ្សារក្នុងស្រុក
រួមជាមួយការអភិវឌ្ឍទីផ្សារបរទេស ក្រសួងឧស្សាហ-ពាណិជ្ជកម្មក៏បាន សំណូមពរឲ្យសហគ្រាសចាត់វិធានការរក្សាស្ថិរភាព ទីផ្សារក្នុងស្រុកទៀតផង ក្នុងនោះយកចិត្តទុកដាក់ជាពិសេសដល់ឧត្តមភាពនៅពេលអនុវត្តកិច្ចព្រមព្រៀង EVFTA ដើម្បីអាចឆ្លៀតយកឱកាសជំរុញការនាំចេញទៅកាន់ទីផ្សារ EU ឲ្យបាន ខ្លាំងក្លាផង ហើយធានាកម្លាំងប្រកួតប្រជែងនៅទីផ្សារផ្ទៃក្នុងផង។ លោករដ្ឋមន្រ្តី Tran Tuan Anh បានបន្ថែមទៀតថា៖
“ទីផ្សារក្នុងស្រុក ប្រព័ន្ធចែកចាយលក់រាយ និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជ កម្ម នឹងទទួលរងការប្រកួតប្រជែងពីផលិតផលនាំចូលពី EU និងដៃគូផ្សេងៗ។ ហេតុដូច្នេះ យើងមិនត្រឹមតែរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម កសិកម្មឡើងវិញ ប៉ុណ្ណោះទេ ថែមទាំងពាណិជ្ជកម្ម សេវាកម្ម និងវិស័យទាំងអស់នៃខឿនសេដ្ឋកិច្ច ទៀតផង។ ខ្ញុំចាត់ទុកថា កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលបង្ហាញបាននូវប្រការ នេះហើយ ប៉ុន្តែផែនការនិងរបៀបរៀបចំអនុវត្តរបស់ក្រសួងឧស្សាហ-ពាណិជ្ជ កម្មត្រូវល្អថែមទៀត”។
ជំងឺរាតត្បាត Covid-19 ជាការសាកល្បងធំមួយចំពោះវិស័យនាំចេញ របស់វៀតណាមនិយាយដោយឡែកនិងពាណិជ្ជកម្មនិយាយរួម។ សំណូមពរ ដែលត្រូវបានដាក់ចេញនោះ គឺក្នុងគ្រប់កាលៈទេសៈ ត្រូវផ្ដល់អាទិភាពដល់ការ អភិវឌ្ឍទីផ្សារ ដើម្បីបង្កើនការរួមវិភាគទានរបស់ពាណិជ្ជកម្មចំពោះកំណើន GDP។ ចាត់វិធានការដ៏សមស្របដើម្បីជួយសហគ្រាសអភិវឌ្ឍផលិតកម្ម ផ្ដល់ អាទិភាពដល់ការអភិវឌ្ឍទីផ្សារបរទេស រក្សាស្ថិរភាព ទីផ្សារក្នុងស្រុក ជារបៀប ដែលវៀតណាមកំពុងអនុវត្តដើម្បីធានាគោលដៅកំណើនដោយផ្សាភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិបទដែលជំងឺ Covid-19 នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនា បច្ចុប្បន្ន៕