ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥៖ រីកសាយភាយបរិយាកាសធ្វើការរហ័សរហួន វិជ្ជមាន និងមានប្រសិទ្ធភាព
(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបិទបញ្ចប់ក្រោយរយៈពេល ១៩ថ្ងៃកន្លះ ធ្វើការ។ ក្នុងដំណាក់កាលទី១នេះ រដ្ឋសភាបានបង្ហើយការងារបុគ្គលិក សួរដេញដោលនិងឆ្លើយសំណួរដេញដោល ពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសង្គម និងអនុម័តលើសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥។
សម័យប្រជុំលើកទី ៨ គឺជាសម័យប្រជុំដ៏សំខាន់ ដោយមានទំនួនខុសត្រូវក្នុងការរៀបចំការអនុវត្តសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី ១០ ត្រៀមរៀបចំសម្រាប់ឆ្នាំ ២០២៥ ជាមួយការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ស លើកទី ១៣។ ដូច្នេះហើយ ដំណាក់កាលទី១ នៃសម័យប្រជុំបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា មានបរិមាណការងារច្រើនណាស់ ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានស្មារតីធ្វើការយ៉ាងរហ័សរហួន វិជ្ជមាននិងមានការច្នៃប្រឌិតយ៉ាងខ្លាំង រដ្ឋសភាបានពិចារណានិងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន អញ្ជើញថ្លែងក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥។ រូបភាព៖ រដ្ឋសភា |
ចំណុចលេចធ្លោក្នុងសម័យប្រជុំ
នៅថ្ងៃធ្វើការដំបូង (ថ្ងៃទី ២១ ខែតុលា) សម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ បានសុក្រិតការងារបុគ្គលិកសម្រាប់ជ្រើសតាំងប្រធានរដ្ឋ។ ដោយមានការឯកភាពទាំងស្រុងពីសមាជិកសភាទាំង ៤៤០រូប ដែលចូលរួមបោះឆ្នោត រដ្ឋសភានីតិកាលទី ១៥ បានជ្រើសតាំងលោក Luong Cuong ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២១-២០២៦។
ការដែលរដ្ឋសភាបានសុក្រិតការងារបុគ្គលិកសំខាន់ៗ បានឆ្លើយតបនឹងការរំពឹងទុករបស់ម្ចាស់ឆ្នោតនិងប្រជាជនទូទាំងប្រទេស។ ប្រការនេះ បង្ហាញពីសាមគ្គីភាពនិងការឯកភាពខ្ពស់របស់រដ្ឋសភា ក៏ដូចជាទំនួលខុសត្រូវខ្ពស់របស់សមាជិកសភាម្នាក់ៗ ចំពោះប្រទេសជាតិនិងប្រជាជន។
បន្ទាប់ពីសុក្រិតការងារបុគ្គលិកសំខាន់ៗ និងបន្ទាប់ពីសុន្ទរកថាដឹកនាំចំនួនពីររបស់លោកអគ្គលេខាបក្ស និងលោកប្រធានរដ្ឋសភា បរិយាកាសការងារយ៉ាងរហ័សរហួនបានរីកសាយភាយក្នុងចំណោមសមាជិកសភានិងស្ថាប័ននានារបស់រដ្ឋសភា។ លោក Tran Hoang Ngan សមាជិកសភាមកពីទីក្រុងហូជីមិញបានសម្តែងថា៖ “លោកអគ្គលេខាបក្ស តូឡឹម បានបញ្ជូនថាមពលវិជ្ជមានដល់ប្រតិភូរដ្ឋសភា រួមទាំងរូបខ្ញុំផ្ទាល់ផងដែរ។ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ក៏បានសម្តែងនូវទស្សនៈនិងស្មារតីរបស់រដ្ឋសភា ដែលត្រៀមខ្លួនជាស្រេចសម្រាប់ អមដំណើរនិងចែករំលែកជាមួយរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងគណៈកម្មការនានាក៏បានត្រៀមខ្លួនជាស្រេច ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបង្ហើយខ្លឹមសារដែលបានដាក់ចេញនៅក្នុងសម័យប្រជុំនេះ”។
ក្នុងដំណាក់កាលដំបូងនៃសម័យប្រជុំលើកទី៨ រដ្ឋសភាបានបង្ហើយការងារសំខាន់ៗមួយចំនួនធំ គឺការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ ពិភាក្សាអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋឆ្នាំ២០២៤ ផ្តល់យោបល់លើគម្រោងច្បាប់ជាបន្តបន្ទាប់។ ..លោកស្រី Nguyen Thi Suu ប្រតិភូរដ្ឋសភាខេត្ត Thua Thien Hue បានអះអាងថា៖ “បរិមាណការងារគឺច្រើនណាស់ ប៉ុន្តែការចូលរួមរបស់សមាជិកសភាមានល្បឿនលឿន រឹងមាំ និងស៊ីសង្វាក់គ្នា ហាក់ដូចជាមនុស្សគ្រប់គ្នាចង់រួមចំណែកនូវទំនួលខុសត្រូវ និងការយល់ដឹងរបស់ខ្លួនអំពីច្បាប់និងខ្លឹមសារនៃឯកសារច្បាប់ ក៏ដូចជាបញ្ហានានាដែលរដ្ឋសភាបានដាក់ចេញ”។
ក្នុងអំឡុងពេលជាង ១៩ ថ្ងៃធ្វើការ រដ្ឋសភាបានចំណាយពេលភាគច្រើនដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; គ្រប់គ្រងអតិផរណា អត្រាប្តូរប្រាក់ និងទំនិញសំខាន់ៗ; កែលម្អទីផ្សាររូបិយវត្ថុ ស្តារឡើងវិញផលិតកម្ម អាជីវកម្ម និងប្រតិបត្តិការរបស់សហគ្រាស បង្កើតការងារធ្វើ និងលុបបំបាត់ "ការរាំងស្ទះអំពីស្ថាប័ន"។ ប្រតិភូរដ្ឋសភាបានចង្អុលបង្ហាញដោយត្រង់ នូវចំណុចខ្វះខាត និងដែនកំណត់ ហើយស្នើឱ្យកំណត់ឲ្យកាន់តែច្បាស់នូវបញ្ហាប្រឈម ដើម្បីរដ្ឋាភិបាលអាចមានទិសដៅនិងការគ្រប់គ្រងសមស្រប រួមចំណែកសម្រេចបាននូវគោលដៅកំណើននិងគោលដៅសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងឆ្នាំ២០២៤...។ ដោយឈរលើមូលដ្ឋាននោះ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥; សេចក្តីសម្រេចចិត្តស្តីពីការឍពង្រាងថវិការដ្ឋឆ្នាំ ២០២៥; ពិភាក្សា និងផ្តល់យោបល់លើគោលការណ៍វិនិយោគនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង ដើម្បីធ្វើការបោះឆ្នោតអនុម័តនៅចុងបញ្ចប់នៃសម័យប្រជុំនេះ។
លោកប្រធានរដ្ឋ លឿង គឿង ស្បថចូលកាន់តំណែង។ រូបថត៖ baochinhphu.vn |
សកម្មភាពសួរនិងឆ្លើយសំណួរដេញដោល
ក្នុងដំណាក់កាលទី ១ រដ្ឋសភាបានចំណាយពេល២ថ្ងៃ ដើម្បីសួរដេញដោលនិងឆ្លើយសំណួររបស់សមាជិករដ្ឋាភិបាលលើក្រុមបញ្ហាចំនួន ៣ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ទេសាភិបាលធនាគាររដ្ឋវៀតណាម រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ។ សកម្មភាពសួរដេញដោលបានប្រព្រឹត្តទៅយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ដោយមានការសួរដេញដោលរបស់ប្រតិភូចំនួន ១៣៦ លើក និងការជជែកពិភាក្សារបស់ប្រតិភូចំនួន ១៨ លើក។ បណ្តារដ្ឋមន្ត្រីនិងប្រធានផ្នែកជាមួយការទទួលខុសត្រូវខ្ពស់ ក្តាប់យ៉ាងម៉ឺងម៉ាត់លើវិស័យដែលទទួលបន្ទុក បញ្ជាក់យ៉ាងច្បាស់ពីបញ្ហាដែលបានលើកឡើងដោយប្រតិភូ ហើយបានស្នើដំណោះស្រាយជាច្រើននាពេលខាងមុខ។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា៖ "មានចំណុចរួមមួយដែលសមាជិករដ្ឋាភិបាលបានលើកឡើងជាច្រើនដងក្នុងសម័យសួរដេញដោលនេះ នោះគឺ៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ; សូមទទួលយកមតិ សូមទទួលខុសត្រូវផ្ទាល់ខ្លួន និងប្តេជ្ញាអនុវត្ត...។ ខ្ញុំបាននិយាយដូច្នេះ ដើម្បីបង្ហាញថា បណ្តារដ្ឋមន្ត្រីនិងប្រធានផ្នែក តែងតែបង្ហាញពីភាពហ្មត់ចត់ ការឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងក្នុងការអនុវត្តទំនួលទទួលខុសត្រូវដែលបានប្រគល់ជូន។ ការសួរដេញដោលបានបញ្ចប់ប្រកបដោយជោគជ័យ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងទិសដៅគ្រប់គ្រងប្រតិបត្តិការ”។
សមិទ្ធិផលដែលសម្រេចបានក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី១៥ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់រដ្ឋសភាក្នុងការរួមដំណើរជាមួយរដ្ឋាភិបាល ស្ថាប័ន និងអង្គការនានាក្នុងប្រព័ន្ធនយោបាយទាំងមូល ដោយប្តេជ្ញាជំនះពុះពារលើរាល់ការលំបាកនិងបញ្ហាប្រឈម ខិតខំសម្រេចបានក្នុងកម្រិតខ្ពស់បំផុត នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់៕