ទំនាក់ទំនងអាមេរិក-ទួរគីជួបប្រទះនឹងការសាកល្បងជាច្រើន
(VOVWORLD) - ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោនជាមួយក្រុងអង់ការ៉ាកំពុងប្រឈមមុខនឹងការសាកល្បងថ្មី ក្រោយពីអង់ការ៉ាមិនធ្វើសម្បទានក្នុងការដោះលែងអេវែក សញ្ជាតិអាមេរិកលោក Andrew Brunson ដែលត្រូវក្រុងអង់ការ៉ាចោទប្រកាន់ពី អំពើភេរវកម្មនិងចារកម្ម។ សេតវិមានបានអនុវត្តន៍បទដាក់ទណ្ឌកម្មដំបូង ប៉ុន្តែ នេះមិនមែនជារបៀបដោះស្រាយជម្លោះក្នុងទំនាក់ទំនងទ្វេភាគីប្រកបដោយ ប្រសិទ្ធភាពឡើយ។
ឥស្សរៈជនស្នូលដែលបង្កឲ្យកើតមានឡើងជម្លោះរវាងប្រទេសទាំងពីរគឺអេវែក Andrew Brunson ដែលធ្វើការនៅទួរគីក្នុងអំឡុង២០ឆ្នាំ ហើយត្រូវចាប់ខ្លួនកាលពីខែតុលាឆ្នាំ២០១៦ នៅទួរគី និងត្រូវយកមកកាត់ទោសក្រោយរយៈពេល១ឆ្នាំកន្លះដាក់ពន្ធនាគារ។ រដ្ឋអាជ្ញាទួរគីបានចោទប្រកាន់អេវែក Brunson ថា បានជួយឧបត្ថម្ភអង្គការរបស់បុព្វជិតអ៊ីស្លាម Fethullah Gulen ជាឥស្សរៈជនដែលត្រូវរដ្ឋអំណាចអង់ការ៉ាចោទប្រកាន់ឈរនៅពីក្រោយក្នុងករណីរដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ២០១៦នៅទួរគី ហើយកំពុងនិរទេសខ្លួននៅអាមេរិក។ នាថ្ងៃទី២៥ ខែកក្កដា កន្លងទៅ ទួរគីបានផ្លាស់លោក Brunson ទៅការឃុំខ្លួននៅក្នុងផ្ទះ ក្រោយរយៈពេល២១ខែដាក់ពន្ធនាគារ។ ប៉ុន្តែក្រុងវ៉ាស៊ីនតោននៅតែបន្តសំណូមពរឲ្យអង់ការ៉ាដោះលែងអេវែករូបនេះ។
ការដាក់ទណ្ឌកម្ម
ក្រោយពីការចរចាជាច្រើនលើកច្រើនសារមិនសម្រេចជោគជ័យមក នាថ្ងៃទី១ ខែសីហា អាមេរិកបានដាក់ចេញបទដាក់ទណ្ឌកម្មដំបូងតម្រង់ទៅលើមន្ត្រីទួរគីចំនួន២រូបនោះគឺរដ្ឋមន្ត្រីយុត្តិធម៌លោក Abdullhamit Gul និងរដ្ឋមន្រ្តីមហាផ្ទៃលោក Suleyman Soylu។ បទដាក់ទណ្ឌកម្មតាមបទបញ្ជារបស់ប្រធានាធិបតីលោក Donald Trump ខាងលើ ត្រូវបានវាយតំលៃថា ជាបទដាក់ទណ្ឌកម្មមិនធ្លាប់មានតាំងពីមុនមករបស់វ៉ាស៊ីនតោនចំពោះអង់ការ៉ា។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា ប្រការនេះត្រឹមតែបណ្ដាលឲ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាន់តែអាក្រក់ទៅៗប៉ុណ្ណោះ។
មុននឹងចេញបទដាក់ទណ្ឌកម្មនេះ ភាគីអាមេរិក បានដៀមដាមគំរាមកំហែងទៅលើទួរគី សម្បីតែប្រធានាធិបតីលោក Donald Trump ក៏បានព្រមានជាសាធារណៈថា នឹងដាក់ទណ្ឌកម្មដ៏តឹងរឹងទៅលើអង់ការ៉ា ប្រសិនបើគេមិនដោះលែងលោក Brunson ទេ។ ប៉ុន្តែ អ្វីៗទាំងអស់ដែលអាមេរិកទទួលបានជាការក្រវីក្បាលរបស់អង់ការ៉ាតែប៉ុណ្ណោះ។
ជម្លោះតាំងពីយូរណាស់មកហើយ
ការចាប់ខ្លួនអេវែក Brunson បណ្ដាលឲ្យរដ្ឋអំណាច Trump ធ្វើសកម្មភាពយ៉ាងតឹងរឹងដូច្នេះ ព្រោះថា នេះមិនត្រឹមតែជាប្រជាពលរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងដើម្បីសហគមន៍អ្នកកាន់សាសនាប្រូតេស្តង់ ជាក្រុមអ្នកបោះឆ្នោតសំខាន់ដែលគាំទ្រប្រធានាធិបតីអាមេរិកលោក Trump ទៀតផង។
ប៉ុន្តែ រឿងក្ដីពាក់ព័ន្ធដល់អេវែក Brunson ប្រហែលជាចំណែកមួយក្នុងទំនាក់ទំនងរវាងអាមេរិកនិងទួរគីតែប៉ុណ្ណោះ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្ត NATO ទាំងពីរនេះបានកើតមានឡើងស្នាមប្រេះឆាជាច្រើនហើយ។ ទួរគីខកចិត្តនាពេលអាមេរិកជួយឧបត្ថម្ភក្រុមប្រដាប់អាវុធជន Kurd YGP នៅស៊ិរី ខណៈដែលគោលដៅចម្បងរបស់អង់ការ៉ានៅស៊ីរី គឺរាំងស្កាត់ការដែល YGP បង្កើតតំបន់ស្វយ័តរបស់ជន Kurd នៅជាប់ព្រំដែនជាមួយទួរគី។ ទំនាក់ទំនងទ្វេភាគីបានតានតឹងឡើង ក្រោយពីទួរគីបើកយុទ្ធនាការយោធាសំដៅរុញថយក្រោយកម្លាំង YGP នៅតំបន់ប៉ែកពាយ័ព្យស៊ីរី។ ទន្ទឹមនឹងនោះ ការដែលវ៉ាស៊ីនតោនបដិសេធសំណូមពររបស់អង់ការ៉ាស្ដីពីការធ្វើបត្យាប័នបុព្វជិត Fethullah Gulen ដែលកំពុងនិរទេសខ្លួននៅរដ្ឋ Pennsylvannia របស់អាមេរិក ក៏ធ្វើឲ្យទំនាក់ទំនងរវាងភាគីទាំងពីរអាក្រក់ទៅផងដែរ។
អាមេរិកប្រហែលជាកំពុងមានឧត្តមភាពក្នុងការបង្ខិតបង្ខំឲ្យទួរគីដោះលេងអេវែក Andrew Brunson ប៉ុន្តែការប្រេះឆាក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធយុទ្ធសាស្ត្រទួរគី ក៏អវិជ្ជមានសំរាប់អាមេរិកដែរ។
រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu គ្រោងនឹងចរចាជាមួយសមភាគីអាមេរិកលោក Mike Pompeo នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅសឹង្ហបុរី ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែសីហា ខាងមុខ។ នេះនឹងជាឱកាសដើម្បីភាគីទាំងពីរអាចបន្ធូរស្រាលភាពតានតឹង៕