ទ្វីបអាស៊ីស្វែងរកវិធានការរក្សាកំណើនសេដ្ឋកិច្ច
(VOVWORLD) - កិច្ចប្រជុំជាប្រចាំឆ្នាំនៃវេទិកាទ្វីបអាស៊ីបូអាវ (Boao) ឆ្នាំ២០១៩ (BFA) ដែល បានបិទបញ្ចប់នៅប្រទេសចិនកាលពីសប្ដាហ៍កន្លងទៅ បានអះអាងនូវភាព ចាំបាច់នៃការបង្កើនកិច្ចសហប្រតិបតិ្តការក្នុងតំបន់និងលើទូទាំងសកលលោក ដើម្បីរក្សាសន្ទុះកំណើនសេដ្ឋកិច្ចនាពេលខាងមុខ។ នៅវេទិកាដែលត្រូវបាន ប្រៀបប្រដូចជាវេទិកា Davos នៃទ្វីបអាស៊ីនេះ ដំណោះស្រាយជាច្រើនត្រូវ បានដាក់ចេញក្នុងបរិបទដែលលទ្ធិគាំពារនិយមកំពុងរីកសាយភាយហើយប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងជួបប្រទះនឹងឧបសគ្គកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កិច្ចពិភាក្សាមួយនៅក្នុងក្របខ័ណ្ឌវេទិកាទ្វីបអាស៊ីបូអាវឆ្នាំ២០១៩នៅប្រទេសចិនកាលពីថ្ងៃទី២៧ ខែមីនា (រូបថត៖ Xinhua/TTXVN) |
តាមរបាយការណ៍របស់ BFA បានអោយដឹងថា នាបច្ចុប្បន្នទ្វីបអាស៊ីកំពុងក្លាយទៅជាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោក។ ក្នុងឆ្នាំ២០១៧ GDP សរុបនៃតំបន់នេះសម្រេចបាននូវចំនួន ២៩.៥០០ពាន់លានដុល្លាអាមេរិក ខ្ពស់ជាងបើប្រៀបនឹងតម្លៃ GDP ចំនួន២២.៥០០ពាន់លានដុល្លាអាមេរិករបស់តំបន់អាមេរិកខាងជើង និង២០.២១០ពាន់លានដុល្លាអាមេរិកនៃទ្វីបអឺរ៉ុប។ ទ្វីបអាស៊ីមិនត្រឹមតែក្លាយទៅជាអ្នកផលិតកម្មធំបំផុតលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាទីផ្សារ ធំបំផុតទៀតផង។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ខឿនសេដ្ឋកិច្ចនៃទ្វីបអាស៊ីនៅតែទទួលរងផលប៉ះពាល់អវិជ្ជមាននានា ក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មនិងលទ្ធិគាំពារនិយមកំពុងកើនឡើង។
ឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការពហុភាគី
ដោយស្ដែងចេញពីការយោគយល់រួមដែលចាត់ទុកថាទ្វីបអាស៊ីគឺជាកម្លាំងចលករសំខាន់មួយចំពោះខឿនសេដ្ឋកិច្ចសកលនោះ បណ្ដាប្រទេសចូលរួមវេទិកាបានឯកភាពគ្នាគាំទ្រលទ្ធិពហុភាគីនិយមហើយបន្តជំរុញការធ្វើសកលភាវូបនីយកម្ម។ អង្គប្រជុំមានគោលបំណងចង់អោយលទ្ធិពហុភាគីនិយមនឹងជានិន្នការដឹកនាំដំណើរការអភិវឌ្ឍរួមមួយ។ នេះជាលទ្ធផលសំខាន់បំផុត ហើយក៏ជាសារគួរអោយកោតសរសើរបំផុតនៃវេទិកាទ្វីបអាស៊ីបូអាវឆ្នាំនេះ ផងដែរ។
ក្នុងបរិបទដែលប្រព័ន្ធពាណិជ្ជកម្មសកលកំពុងប្រឈមមុខនឹងឧបសគ្គកាន់តែច្រើនឡើងៗនោះ គឺទ្វីបអាស៊ីនៅតែបង្ហាញអោយឃើញសក្ដានុភាពសេដ្ឋកិច្ចជាច្រើន ហើយត្រូវបានរំពឹងទុកថា នឹងក្លាយទៅជាតំបន់សហប្រតិបត្តិការធំបំផុតលើពិភពលោក។ សូមគូសបញ្ជាក់ថា ក្នុងចន្លោះពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ មានកិច្ចព្រមព្រៀងថ្មីចំនួន១៧ត្រូវបានចុះហត្ថលេខា ហើយមានកិច្ចព្រមព្រៀងទ្វេភាគីចំនួន៧០កំពុងត្រូវបានដាក់អោយដំណើរការរវាងប្រទេសនានាក្នុងតំបន់។ ប្រការនេះបានសរអោយឃើញថា ការតភ្ជាប់ផ្នែកពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសអាស៊ីនានាគឺជានិន្នាការដែលមិនអាចជៀសវាងបានឡើយ។
ចំណុចលេចធ្លោមួយទៀតគឺនៅ វេទិកា BFA ឆ្នាំ២០១៩លើកនេះ ឯកសារសហប្រតិបតិ្តការមួយរវាងស្ថាប័នចងសម្ព័ន្ធអន្តរជាតិទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចសង្គម (UNDESA) ជាមួយវេទិកា BFA ត្រូវបានចុះហត្ថលេខារួចរាល់។ ប្រការនេះនឹងជំរុញកិច្ចសហប្រតិបតិ្តការស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ ក៏ដូចជាជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ក្នុងនិន្នាការសកលភាវូបនីយកម្មនាបច្ចុប្បន្ន ប្រទេសអាស៊ីនានាក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យាបៃតង។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានដាក់ចេញដំណោះស្រាយវិជ្ជមានចំពោះកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដើម្បីឆ្ពោះទៅរកការកសាងទីផ្សារអាស៊ីប្រកបដោយភាពស្វាហាប់។
ការសាកល្បង
ប៉ុន្តែ បញ្ហានិងហានិភ័យកំពុងកើតមានឡើងជាច្រើន បានគំរាមកំហែងដល់លទ្ធភាពអភិវឌ្ឍនៃទ្វីបអាស៊ី។ លេចធ្លោបំផុតគឺជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក ហើយបន្ទាប់មកគឺល្បឿនកំណើនត្រូវបានព្យាករណ៍ពីការថយចុះនៃខឿនសេដ្ឋកិច្ចធំៗមួយចំនួនដូចជាប្រទេសចិន ការចុះខ្សោយនៃសកម្មភាពផលិតកម្មនៅម៉ាឡេស៊ីនិងសឹង្ហបុរី ជាដើម។ ក្រៅពីនោះ ភាពខុសប្លែករវាងប្រទេសអាស៊ីនានា ក៏នាំទៅរកបញ្ហាជាច្រើនដូចជាគម្លាតសេដ្ឋកិច្ចសង្គម ជម្លោះជាតិសាសន៍និងសាសនា អំពើពុករលួយ ភាពក្រីក្រ និងការចុះខ្សោយនៃប្រព័ន្ធអេកូឡូស៊ី។ បញ្ហាទាំងអស់នេះសុទ្ធតែ ប៉ះពាល់ទៅលើការអភិវឌ្ឍនៃសេដ្ឋកិច្ចទ្វីបអាស៊ីនាពេលខាងមុខ។
សេដ្ឋកិច្ចអាស៊ីត្រូវបានចាត់ទុកថា ជាកម្លាំងចលករស្នូលដើម្បីជំរុញកំណើនសេដ្ឋកិច្ចសកល។ ដោយមានការយោគយល់រួមដែលទើបនឹងសម្រេចបាននៅវេទិកាអាស៊ីបូអាវឆ្នាំ២០១៩ សាធារណៈ មតិបានជឿជាក់ថា សកម្មភាពពាណិជ្ជកម្មនៅទ្វីបអាស៊ីនឹងត្រូវបានបង្កើនថែមទៀតដោយឈរលើមូលដ្ឋាននៃការជំរុញពាណិជ្ជកម្មពហុភាគី ទោះបីជាខឿនសេដ្ឋកិច្ចតំបន់នៅតែប្រឈមមុខនឹងការសាកល្បងជាច្រើនយ៉ាងណាក៏ដោយ៕