នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី

(VOVWORLD) - នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក លោក Dato' Sri Ismail Sabri bin Yaakob កំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២០ដល់ទី ២១ ខែមីនា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់លោក Dato' Sri Ismail Sabri Yaakob ក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាប់តាំងពីចូលកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២១។ ដោយឈរលើមូលដ្ឋានរយៈពេល ៤៩ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ហើយក្រោយរយៈពេល ៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។

នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក លោក Dato' Sri Ismail Sabri bin Yaakob។ (រូបថត៖ VNA)

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងម៉ាឡេស៊ីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។

ទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

វៀតណាមនិងម៉ាឡេស៊ីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៣ បង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រនៅខែសីហា ឆ្នាំ២០១៥ ហើយកំពុងអនុវត្តន៍យ៉ាងសកម្មនូវកម្មវិធីសកម្មភាពដើម្បីដាក់ឲ្យដំណើរការទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៥។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូហើយមានការជួបប្រាស្រ័យជាន់ខ្ពស់យ៉ាងញឹកញាប់។ ទោះបីជារងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែការជួបប្រាស្រ័យជាន់ខ្ពស់បន្តត្រូវបានរក្សាដោយភាពបត់បែនចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នជាមួយនឹងទម្រង់ជាច្រើនដូចជា ការសន្ទនាតាមទូរស័ព្ទ ការពិភាក្សាតាមប្រព័ន្ធវីដេអូ ជាដើម។

ប្រទេសទាំងពីរបាននិងកំពុងរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីមួយចំនួនដូចជា គណៈកម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេសរវាងវៀតណាម-ម៉ាឡេស៊ី; គណៈកម្មាធិការសហប្រតិបត្តិការការពារជាតិ; គណៈ កម្មាធិការចម្រុះវៀតណាម-ម៉ាឡេស៊ីអំពីពាណិជ្ជកម្ម; គណៈកម្មាធិការសហប្រតិបត្តិការវិទ្យាសាស្ត្រ
បច្ចេកវិទ្យា។

ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ក្នុងឆ្នាំ២០២១ ម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មធំទី២របស់វៀតណាមក្នុងអាស៊ាននិងទី៩លើពិភពលោក ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំទី៣របស់ម៉ាឡេស៊ីក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ចំនួន ១២,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០២១ (កើនឡើង ២៥,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០)។ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ ២០២២ ទំហំនាំចេញ-នាំចូលសរុបរវាង វៀតណាម-ម៉ាឡេស៊ី សម្រេចបានជិត ២,២ ពាន់លានដុល្លាអាមេរិក កើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

លើវិស័យវិនិយោគ ម៉ាឡេស៊ីជាវិនិយោគិនធំទីពីរក្នុងអាស៊ានរបស់វៀតណាម (បន្ទាប់ពីសិង្ហបុរី) ជាប់ចំណាត់ថ្នាក់ទី១០ក្នុងចំណោមប្រទេសនិងដែនដីចំនួន ១៤០ ដែលវិនិយោគនៅវៀតណាម ដោយមានគម្រោងនៅមានសុពលភាពចំនួន ៦៦៨ ក្នុងដើមទុនចុះបញ្ជីសរុបចំនួន ១៣ ពាន់លានដុល្លា។ ក្នុងកិច្ចសហប្រតិបត្តិការអប់រំ នាបច្ចុប្បន្នមាននិស្សិតវៀតណាមចំនួនជាង១០០០នាក់ដែលកំពុងសិក្សានៅម៉ាឡេស៊ី។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអប់រំ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

ក្នុងរយៈពេលពីរឆ្នាំកន្លងមក នៅពេលដែលជំងឺកូវីដ-១៩ផ្ទុះឡើង ប្រទេសទាំងពីរមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីរួមគ្នាឆ្លើយតបនឹងជំងឺរាតត្បាត។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាមបានផ្ដល់ជំនួយសុខាភិបាលដល់ម៉ាឡេស៊ីដោយមានតម្លៃ៥ម៉ឺន ដុល្លាអាមេរិក។ រដ្ឋសភាវៀតណាមបានផ្ដល់ម៉ាស់ពេទ្យចំនួន២ម៉ឺនម៉ាស់ជូនរដ្ឋសភាម៉ាឡេស៊ីតាមរយៈស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងហាណូយ។

នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី - ảnh 2នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Dato' Sri Ismail Sabri bin Yaakob។ (រូបថត៖ VNA)

បន្តជំរុញកិច្ចសហប្រតិបត្តិការ

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob មានអត្ថន័យជាច្រើន។ ដំបូងបង្អស់ ដំណើរទស្សនកិច្ចនេះ គឺសំដៅពង្រឹងថែមទៀតនូវទំនាក់ទំនងទ្វេភាគី ហើយបង្កើនកម្លាំងចម្រុះនៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការនាដំណាក់កាលខាងមុខ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរស្វែងរកទិដ្ឋភាពថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី; ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួម; ជំរុញប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។

ប្រការដ៏សំខាន់នាបច្ចុប្បន្ន ចំពោះទាំងវៀតណាមនិងម៉ាឡេស៊ី នោះគឺការពន្លឿននិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ម៉ាឡេស៊ីយកចិត្តទុកដាក់ដល់ការជំរុញប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលជាមួយវៀតណាម ហើយបង្កើនសកម្មភាពក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការផលិតឆ្លាតវៃ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខអ៊ីនធឺរណែត។ គួរកត់សម្គាល់ថា ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ ម៉ាឡេស៊ីនឹងបើកព្រំដែនជាផ្លូវការទាំង
ស្រុងឡើងវិញ។ រដ្ឋាភិបាលម៉ាឡេស៊ី ចង់បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការបើកទ្វារដល់ពិភពលោក ហើយស្តារសេដ្ឋកិច្ចឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ រួមទាំងវៀតណាមផងដែរ។

អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob មិនត្រឹមតែពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព ដែលតភ្ជាប់ប្រជាជន សហគ្រាស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងវៀតណាម - ម៉ាឡេស៊ីឲ្យកាន់តែរីកចម្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ