នៅពីក្រោយការសម្រេចចិត្តបញ្ចប់ភារកិច្ចប្រយុទ្ធរបស់អាមេរិកនៅអ៊ីរ៉ាក់
(VOVWORLD) - នៅថ្ងៃទី២៦ ខែកក្កដា កន្លងទៅ រដ្ឋអំណាចអាមេរិកបានសម្រេចចិត្ត នឹង បញ្ជប់ទាំងស្រុងភារកិច្ចប្រយុទ្ធរបស់កងទ័ពខ្លួននៅសមរភូមិអ៊ីរ៉ាក់នាចុងឆ្នាំ២០២១ តាមនោះបញ្ចប់ជាផ្លូវការនូវយុទ្ធនាការដាក់ពង្រាយកងទ័ពនៅឯបរទេស ក្នុងអំឡុងពេលជិត២ទសវត្សរិ៍កន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ នេះ មិនមែនជាការសម្រេចចិត្តដកទ័ពដោយឯកតោភាគីដូចនឹងវិធីបញ្ចប់ការប្រយុទ្ធនៅអាហ្គានីស្ថានឡើយ ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងជាក់ស្ដែងមួយរវាងអាមេរិកនិងអ៊ីរ៉ាក់ គឺជាការបោះជំហានមួយត្រូវបានចាត់ទុកថា មានការគិតគូរផលប្រយោជន៍យុទ្ធសាស្ត្រពីភាគីទាំងពីរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden ជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhimi នៅបន្ទប់ការិយាល័យពងក្រពើកាលពីថ្ងៃទី២៦ កក្កដា។ (រូបថត៖ New York Times) |
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhimi ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការស្តីពីការបញ្ចប់ប្រតិបត្តិការប្រយុទ្ធរបស់កងទ័ពអាមេរិកនៅអ៊ីរ៉ាក់ ក្នុងជំនួបចរចាដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោណ កាលពីថ្ងៃទី២៦ ខែកក្កដា។ តាមកិច្ចព្រមព្រៀងនេះ អាមេរិកនឹងបញ្ចប់យុទ្ធនាការដាក់ពង្រាយកងកម្លាំងប្រយុទ្ធដែលបានអូសបន្លាយក្នុងអំឡុងពេល១៨ឆ្នាំនៅអ៊ីរ៉ាក់។ ទោះជាយ៉ាងនេះក្ដី វាមិនដូចវិធីអភិក្រមក្នុងបញ្ហាអាហ្គានីស្ថានឡើយ ការបញ្ចប់ប្រតិបត្តិការប្រយុទ្ធនៅអ៊ីរ៉ាក់បង្កប់អត្ថន័យដ៏ខុសប្លែក។ តាមនោះ អាមេរិកនឹងនៅតែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអ៊ីរ៉ាក់បន្ទាប់ពីការដកទ័ព សំដៅបម្រើផលប្រយោជន៍ស្នូលៗរបស់ខ្លួន។
អាមេរិកនៅតែចង់រក្សាទំនាក់ទំនងសហប្រតិបត្តិការយោធាដ៏ជិតស្និទ្ធជាមួយអ៊ីរ៉ាក់
យោងតាមការវិភាគជាច្រើនចាត់ទុកថា មូលហេតុដែលអាមេរិកចង់កសាងកិច្ចព្រមព្រៀងជាផ្លូវការតាមរយៈកិច្ចចរចាជាមួយអ៊ីរ៉ាក់ មិនមែនជាការសម្រេចចិត្តដោយឯកតោភាគីចំពោះការបញ្ចប់ភារកិច្ចប្រយុទ្ធនៅប្រទេសអារ៉ាប់មួយនេះ គឺសំដៅបម្រើការគិតគូរយុទ្ធសាស្ត្ររបស់អាមេរិកពាក់ព័ន្ធដល់អ៊ីរ៉ាក់ក៏ដូចជាតំបន់ទាំងមូល។ រដ្ឋអំណាចអាមេរិកចង់ឲ្យអ៊ីរ៉ាក់ក្លាយទៅជាទីបង្អែកសម្រាប់ស្ថិរភាពនៅមជ្ឈឹមបូព៌ា។ ពីព្រោះថា ប្រទេសអ៊ីរ៉ាក់មួយដោយស្ថិរភាពតាមការគិតគូររបស់វ៉ាស៊ីនតោណ មិនត្រឹមតែមានប្រយោជន៍សម្រាប់អាមេរិកខិតមកជិតប្រភពធនធានធម្មជាតិដ៏សម្បូររបស់អ៊ីរ៉ាក់ប៉ុណ្ណោះទេ ថែមទាំងជាកត្តាចាំបាច់សម្រាប់ការធានានិងរក្សាឥទ្ធិពលរបស់អាមេរិកនៅមជ្ឈឹមបូព៌ាទៀតផង។ ក្នុងយុទ្ធសាស្ត្រនេះ អាមេរិកនឹងបន្តខិតខំប្រឹងប្រែងជួយអ៊ីរ៉ាក់កាត់បន្ថយការពឹងផ្អែកលើអ៊ីរ៉ង់ ជាពិសេសក្នុងវិស័យថាមពល។
ច្បាស់លាស់ថា បើធៀបនឹងការសម្រេចចិត្តដកទ័ពចេញពីសមរភូមិអាហ្គានីស្ថាន គឺវិធីអភិក្រមរបស់រដ្ឋអំណាចអាមេរិកក្នុងការបញ្ចប់ការប្រយុទ្ធនៅអ៊ីរ៉ាក់មានភាពខុសប្លែកដ៏ធំ។ ទោះជាការដកទ័ពមែនក្តី ប៉ុន្តែអាមេរិកនៅតែចង់ស្វែងរកទំនាក់ទំនងភាពជាដៃគូយោធាដ៏យូរអង្វែងជាមួយអ៊ីរ៉ាក់។ ប្រការនេះបានបកស្រាយហេតុផលដែលលោកប្រធានាធិបតី Biden សន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ាក់ក្នុងការងារហ្វឹកហ្វឺន ជួយគាំទ្រកងទ័ពអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។ ល។ ក្នុងន័យផ្សេងទៀត វ៉ាស៊ីនតោណមិនចង់កាត់ផ្ដាច់ទេ ផ្ទុយទៅវិញនៅតែចង់រក្សាទំនាក់ទំនងយោធាដ៏ជិតស្និទ្ធជាមួយអ៊ីរ៉ាក់ដដែល។
កងទ័ពអាមេរិកបំពេញភារកិច្ចនៅអ៊ីរ៉ាក់។ (រូបថត៖ កងទ័ពអាមេរិក)។ |
ការចាប់ផ្ដើមថ្មីសម្រាប់អ៊ីរ៉ាក់
ចំពោះភាគីអ៊ីរ៉ាក់វិញ ការសម្រេចបានកិច្ចព្រមព្រៀងដកកងទ័ពតាមកាលកំណត់លម្អិតជាមួយអាមេរិក ត្រូវបានចាត់ទុកថា ជាជ័យជំនះនយោបាយនិងការទូតដ៏សំខាន់មួយរបស់រដ្ឋអំណាចនាយករដ្ឋមន្រ្តី Mustafa al-Kadhimi។ តាមពិតទៅ លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi កំពុងទទួលរង សម្ពាធដ៏ធំពី កម្លាំងនយោបាយជិតស្និទ្ធនឹងអ៊ីរ៉ាក់ក្នុងរដ្ឋាភិបាល។ កម្លាំងនេះបានដាក់សម្ពាធជាបន្តបន្ទាប់ ដោយទាមទារឲ្យលុបបំបាត់យ៉ាងពេញលេញវត្តមាននៃកងកម្លាំងបរទេស ដែលដឹកនាំដោយកងទ័ពអាមេរិក នៅអ៊ីរ៉ាក់។ ដូច្នេះ ជាមួយនឹងកិច្ចព្រមព្រៀងដែលទើបសម្រេចបាននោះ រដ្ឋអំណាចអ៊ីរ៉ាក់បានបំពេញការទាមទាររបស់កម្លាំងប្រឆាំងផង ហើយធានាបាននូវការជួយគាំទ្រខាងសន្តិសុខនិងយោធាដ៏សំខាន់ពីអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ដឹកនាំដោយ IS ទៀតផង។ ជាងនេះទៅទៀត អាចនិយាយបានថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi បានបង្កើតឡើងតុល្យភាពចាំបាច់ដំបូងក្នុងទំនាក់ទំនងដ៏ពិបាកដោះស្រាយជាមួយទាំងអាមេរិកនិងអ៊ីរ៉ង់។
ទោះជាយ៉ាងណាក៏ដោយ នេះត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ មិនមែនជាការធានាយ៉ាងរឹងមាំនិងច្បាស់លាស់សម្រាប់អនាគតមួយដោយស្ថិរភាពរបស់អ៊ីរ៉ាក់ឡើយ។ មានមូលហេតុជាច្រើនដើម្បីព្រួយបារម្ភពីហានិភ័យដែលអាចកើតមានឡើង ចំពោះប្រទេសនៅឈូងសមុទ្រពែក្សនេះ ក្រោយពីអាមេរិកដកទ័ពចេញទាំងស្រុង។ ដំបូងឡើយគឺការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅរវាងកងកម្លាំងនិងភាគីនយោបាយនានានៅអ៊ីរ៉ាក់ចាប់តាំងពីច្រើនឆ្នាំកន្លងមកនេះ។ ភស្តុតា ងថ្មីបំផុតគឺការដែលកម្លាំងនយោបាយជាច្រើនបានប្រកាសធ្វើពហិការការបោះឆ្នោតសកលនាពេលខាងមុខ ព្រមទាំងរិះគន់យ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយអាមេរិក។ បន្ទាប់មក គឺកំហិតក្នុងសមត្ថភាពឆ្លើយតបនឹងវិបត្តិរបស់រដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅពេលដែលប្រភពហិរញ្ញវត្ថុកំពុងតែរីងខះមួយថ្ងៃទៅមួយថ្ងៃដោយសារគ្រោះពុករលួយ អស្ថិរភាពសង្គម ក៏ដូចជាផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩។ ក្នុងពេលជាមួយគ្នានោះ IS កំពុងបង្ហាញឲ្យឃើញសមត្ថភាពនិងការលេចឡើងយ៉ាងខ្លាំងក្លានៅអ៊ីរ៉ាក់នាពេលកន្លងមក តាមរយៈករណីធ្វើការវាយប្រហារជាបន្តបន្ទាប់តម្រង់ទៅលើផលប្រយោជន៍របស់អាមេរិកក៏ដូចជាគោលដៅនានារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ។
នៅចំពោះមុខស្ថានភាពនេះ ជំនាញការជាច្រើនក្នុងតំបន់បានព្រមានថារដ្ឋាភិបាលអ៊ីរ៉ាក់ចាំ បាច់ត្រូវក្រឡែកមើលលើមេរៀនជាក់ស្ដែងដែលកំពុងប្រព្រឹត្តទៅនៅអាហ្គានីស្ថាន ដើម្បីមានការត្រៀមរៀបចំចាំបាច់សម្រាប់អនាគតខាងមុខរបស់ប្រទេសនេះ ក្នុងបរិបទនយោបាយនិងយោធាតំបន់ដ៏ស្មុគស្មាញនាបច្ចុប្បន្ន៕