បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍
(VOVWORLD) -បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍គឺជាខ្លឹមសារឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសដើមឆ្នាំថ្មី ២០១៩។ វិទ្យុសម្លេងវៀតណាមសូមដកស្រង់ខ្លឹមសារឆ្លើយសម្ភាសន៍របស់ថ្នាក់ដឹកនាំវៀតណាមរូបនេះដូចតទៅ។
បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍ |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងនូវក្ដីសប្បាយរីករាយ និងមោទនភាពអំពីលទ្ធផលសំខាន់ៗ លើគ្រប់វិស័យ ដែលប្រទេសជាតិទទួលបានក្នុងឆ្នាំ ២០១៨ ហើយចាត់ទុកថាសមិទ្ធិផលទាំងនេះមិនត្រឹមតែផ្តល់ឱ្យវៀតណាមនូវមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសបន្តអភិវឌ្ឍន៍ ផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មប្រកបដោយជោគជ័យ។
ការវិឌ្ឍព្រមៗគ្នា និងការអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម
តាមអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថា ឆ្នាំ២០១៨ វៀតណាមបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងទូលំទូលាយលើគ្រប់វិស័យ។ កំណើន GDP ទទួលបានជាង 7% ដោយទំហំ GDP ទទួលបានជាង ២៤៥ ពាន់លានដុលា្លរអាមេរិក GDP លើមនុស្សម្នាក់ទទួលបានប្រមាណ
២ ៥៨០ ដុល្លារអាមេរិក។ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព។ ការនាំចេញបន្តកើនឡើង ហើយការនាំចេញហួសកម្រិតទទួលបានកម្រិតឯតទគ្គកម្ម ពោលគឺទទួលបានជាង ៧ ពាន់លានដុល្លារអាមេរិក។ ចលនាចាប់អាជីព ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតត្រូវបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ ដោយមានសហគ្រាសជាង ១៣២ ០០០ ត្រូវបានបង្កើតថ្មី។ ផ្នែកទេសចរណ៍ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៥,៥ លាននាក់ និងភ្ញៀវជាតិចំនួន ៨០ លាននាក់ ហើយអភិវឌ្ឍក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ។
លើវិស័យវប្បធម៌ សង្គមនោះ រាល់លទ្ធផលទទួលបានគឺមានសារៈសំខាន់ណាស់ រួមចំណែកយ៉ាងសកម្មនៃការលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីរបស់ប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវបានជំរុញខ្លាំង រួមចំណែកការពាររឹងមាំនូវឯករាជ្យ អធិបតេយ្យភាពបូរណភាពដែនដី និងរាល់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍ លើកកម្ពស់កិត្យានុភាព ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ បង្ហាញនូវភាពម្ចាស់ការ និងការទទួលខុសត្រូវយ៉ាងសកម្មរបស់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។
ការងារកសាងបក្សត្រូវបានយកចិត្តទុកដាក់
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថា ឆ្នាំ២០១៩ និងបណ្ដាឆ្នាំជាបន្តបន្ទាប់ទៀត វៀតណាមនឹងបន្តពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច រក្សាសន្ទុះកំណើន លើកកម្ពស់គុណភាពកំណើន ផ្លាស់ប្ដូរទម្រង់កំណើន និង រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ នាពេលខាងមុខ វៀតណាមត្រូវមានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់ថែមទៀតក្នុងការធ្វើកំណែទម្រង់រដ្ឋបាល ដោះស្រាយឧបសគ្គចំពោះសកម្មភាពវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្ម។ ព្រមទាំង ផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍន៍វប្បធម៌ សង្គម កសាងធនធានមនុស្ស និងអនុវត្តន៍ការជឿនលឿន និងសមភាពសង្គមក្នុងជំហាននីមួយៗ និងគោលនយោបាយនីមួយៗ។ ភារកិច្ចមួយដែលត្រូវបានយកចិត្តទុកដាក់ ហើយមានអត្ថន័យជា"គន្លឹះ" គឺត្រូវបំពេញការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយប្រកបដោយភាពស្អាតស្អំ ខ្លាំងមាំមួន និងប្រសិទ្ធភាព។
បន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថាការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP) គឺជាជំហានអនុវត្តន៍ជាក់ស្ដែងរបស់បក្ស រដ្ឋវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ អះអាងនូវតួនាទី ឋានៈភូមិសាស្ត្រនយោបាយដ៏សំខាន់របស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ី - ប៉ាស៊ីហ្វិក និងលើឆាកអន្តរជាតិ។ តាមរយៈការចូលរួម CPTPP នោះ វៀតណាមមានលក្ខណៈអំណោយផលជាង ដើម្បីជ្រៀតចូលទីផ្សារដ៏ធំទូលំទូលាយជាមួយអតិថិជនប្រមាណ ៥០០ លាននាក់ ស្រូបយក 13,5% នៃ GDP សកល។ ការអនុវត្តន៍រាល់ការសន្យាក្នុង CPTPP នឹងរួមចំណែកជួយវៀតណាមកែលម្អយ៉ាងសកម្មនូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងទាក់ទាញទុនវិនិយោគបរទេស ក៏ដូចជាបច្ចេកវិទ្យាជឿនលឿនផងដែរ។
តាមអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថា ដោយទទួលបានសមិទ្ធផល និងបទពិសោធន៍ទាំងនេះ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ការស្រុះចិត្តគំនិត និងទំនុកទុកចិត្តរបស់ប្រជាជនទាំងមូលគឺជាប្រភពកម្លាំងចលករដ៏ធំធេង ហើយជាមួលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសម្រេចរាល់គោលដៅ ភារកិច្ចនៃឆ្នាំ ២០១៩ និងប៉ុន្មានឆ្នាំជាបន្តបន្ទាប់ទៀតផងដែរ៕