បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែធ្នូ បានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ រយៈពេល៣ថ្ងៃនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc។ នេះជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យ សំដៅនាំទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឡើងកំពស់ថ្មី។
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងកម្ពុជា - ảnh 1ការជ្រើសរើសវៀតណាមដែលជាប្រទេសភូមិផងរបងជាមួយគ្នាដើម្បីអញ្ជើញមកបំពេញទស្សនកិច្ចបន្ទាប់ពីជាប់ឆ្នោតនោះ បានបង្ហាញនូវការគោរពរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះទំនាក់ទំនងមិត្តភាពជាមួយវៀតណាម។ (រូបថត៖ TTXVN)


 
នេះជាដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការលើកដំបូងរបស់សម្ដេច តេជោ ហ៊ុន សែននៅវៀតណាម ក្រោយពីរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ត្រូវបានបង្កើតឡើងកាលពីខែកញ្ញាកន្លងទៅ។ ការជ្រើសរើសវៀតណាមដែលជាប្រទេសភូមិផងរបងជាមួយគ្នាដើម្បីអញ្ជើញមកបំពេញទស្សនកិច្ចបន្ទាប់ពីជាប់ឆ្នោតនោះ បានបង្ហាញនូវការគោរពរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះទំនាក់ទំនងមិត្តភាពជាមួយវៀតណាម។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាលើបញ្ហាជាច្រើនទាំងទ្វេភាគីនិងពហុភាគី សំដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរអោយកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាព។

       ប្រទេសទាំងពីរបាននិងកំពុងរួមគ្នាស្ថាបនាសម័យកាលប្រវត្តិសាស្ត្រថ្មីមួយ

        វៀតណាមនិងកម្ពុជាជាប្រទេសភូមិផងរបងជាមួយគ្នា ដែលមានទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបតិ្តការតាំងពីយូរលង់ណាស់មកហើយ។ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំជាច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងពូនជ្រុំក្នុងអំឡុងពេលជាង៥០ឆ្នាំកន្លងទៅ។

        កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ទទួលបាន៣ពាន់ ៨រយលានដុល្លាអាមេរិក ពោលគឺកើន២៨%បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសរុបឡើងដល់ទៅ៥ពាន់លានដុល្លាអាមេរិកនាប៉ុន្មានឆ្នាំខាងមុខ។ លើវិស័យវិនិយោគ វៀតណាមមានគម្រោង វិនិយោគប្រមាណ១៩៦គម្រោងនៅកម្ពុជាដោយដើមទុនសរុបជាង២ពាន់៩រយលានដុល្លាអាមេរិក ដែលផ្តោតទៅលើវិស័យកសិកម្មនិងរុក្ខកម្ម។ វៀតណាមស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេសធំបំផុតទាំង៥នៅកម្ពុជា។ ក្នុងពេលជាមួយគ្នានោះ កម្ពុជាមានគម្រោងវិនិយោគចំនួន១៨គម្រោងនៅវៀតណាម ដោយដើមទុនសរុបជាង៥៨លានដុល្លាអាមេរិក។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Vu Quang Minh បានអះអាងថា៖

        “សហគ្រាសជួរមុខរបស់វៀតណាមសុទ្ធតែមានឋានៈដ៏រឹងមាំនៅទីផ្សារកម្ពុជា។ កម្ពុជាជាទីផ្សារតូចមួយប៉ុន្តែមានល្បឿនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សណាស់។ កម្ពុជាក៏ជាទីផ្សារដែលវៀតណាមមានអតិរេកពាណិជ្ជកម្មចំនួន២ពាន់លានដុល្លាអាមេរិកផងដែរ”។

        ក្នុងឆ្នាំ២០១៧ មានភ្ញៀវទេសចរវៀតណាមប្រមាណ៨៣៥ពាន់នាក់ បានទៅទស្សនាកម្ពុជា ដែលឈរលំដាប់ថ្នាក់ទី២ក្រោយពីប្រទេសចិន។ វៀតណាមនិងកម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតទ្វេដងហើយកំពុងសុក្រិតកិច្ចចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតំបន់ព្រំដែនផងដែរ។ ទន្ទឹមនឹងនោះ កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្របច្ចេកទេសវៀតណាម-កម្ពុជា ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីកំណត់ទិសដៅជាក់ស្ដែងក្នុងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសគឺវិស័យសេដ្ឋកិច្ចក្នុងសម័យកាលថ្មី។

        វាយតម្លៃចំពោះទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានាសព្វថ្ងៃ ប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាលោក Vu Mao បានចាត់ទុកថា៖

        “នាសព្វថ្ងៃ ដោយទិសស្លោក ជាអ្នកជិតខាងល្អ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាពនិងយូរអង្វែងនោះ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាកំពុងរីកចម្រើនដោយឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងឆ្នាំ២០១៧ ប្រទេសយើងទាំងពីរបានរៀបចំ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១៧” ប្រកបដោយជោគជ័យ ដោយមានសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាច្រើនពីថ្នាក់មជ្ឈឹមទៅថ្នាក់តំបន់ តាមនោះរួមចំណែកលើកស្ទួយចំណេះដឹងរបស់ជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ”។

        នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជា ណាចក្រកម្ពុជាកាលពីខែវិច្ឆិកាកន្លងទៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង ក៏បានសង្កត់ធ្ងន់ទៅលើទស្សនៈដ៏ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានគោលបំណងបង្កើនទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងជឿជាក់ថា ទំនាក់ទំនងនេះនឹងរីកចម្រើនដោយឥតឈប់ឈរលើគ្រប់វិស័យ ផងដែរ។

        ដំណើរទស្សនកិច្ចបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា

        ដោយប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាពដ៏ស្និទ្ធស្នាល ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ការជួយឧបត្ថម្ភគ្នាទាន់ពេលវេលា ស្មោះត្រង់និងប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលជាងពាក់កណ្ដាលសតវត្សកន្លងទៅនោះ ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាមានសក្ដានុពលជាច្រើនដើម្បីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងពេញលេញនាពេលខាងមុខ។ ប្រទេសទាំងពីរកំពុងឈានចូលដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយ ដោយនាំទំនាក់ទំនងមិត្តភាពទ្វេភាគីឡើងកំពស់ថ្មី។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីក្នុងនាមជាអ្នកជិតខាងដ៏ល្អប្រសើរនិងឆ្ពោះទៅរកអនាគត រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ