ប្រទេសបារាំងខិតខំប្រឹងប្រែងស្ដាររូបភាពឡើងវិញដោយកិច្ចព្រមព្រៀងថ្មីមួយ

(VOVWORLD) - កិច្ចសន្ទនាក្នុងទូទាំងប្រទេសបារាំង បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា។ គំនិតផ្ដួចផ្ដើមនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីលោក Emmanuel Macron សំដៅពិគ្រោះយោបល់របស់ប្រជាជន ក្រោយពីស្ថានការណ៍ អស្ថិរភាពអស់រយៈពេលច្រើនថ្ងៃដែលបានបង្កឡើងដោយបាតុកម្មនៃភាគីអាវ កាក់ពណ៌លឿង។ ថ្នាក់ដឹកនាំបារាំងរូបនេះជឿជាក់ថា រាល់សំណើររបស់ ប្រជាជននឹងជួយកសាងឡើងនូវកិច្ចព្រមព្រៀងថ្មីមួយសម្រាប់ប្រទេសបារាំង រចនាសម្ព័ន្ធសកម្មភាពរបស់រដ្ឋាភិបាលនិងរដ្ឋសភាឡើងវិញ ក៏ដូចជាស្ដារឡើងវិញ នូវតួនាទីរបស់បារាំងនៅទ្វីបអឺរ៉ុបនិងលើឆាកអន្តរជាតិផងដែរ។
ប្រទេសបារាំងខិតខំប្រឹងប្រែងស្ដាររូបភាពឡើងវិញដោយកិច្ចព្រមព្រៀងថ្មីមួយ - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ AFP/TTXVN)


 
ក្នុងលិខិតផ្ញើរទៅកាន់ប្រជាជនបារាំងទាំងមូល ប្រធានាធិបតីលោក E. Macron បានអះអាង
 ថា កិច្ចសន្ទនាក្នុងទូទាំងប្រទេសនឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី១៥ ខែមីនា ខាងមុខ ហើយនេះនឹងមិនមែនជាការបោះឆ្នោតឬការបោះប្រជាមតិនោះឡើយ។ កិច្ចសន្ទនានេះនឹងជួយសម្រុះ សម្រួលការខឹងសម្បារអោយកា្លយទៅជាដំណោះស្រាយដ៏ជាក់ស្ដែងសម្រាប់ប្រទេសជាតិ។

       រូបភាពទឹកដីបារាំងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកុបកម្ម

        ចាប់តាំងពីពេលផ្ទុះឡើងកាលពីពាក់កណ្ដាលខែវិច្ចិកាឆ្នាំ២០១៨មក បាតុកម្មប្រឆាំងរដ្ឋា ភិបាលរបស់ហ្វូងមនុស្សដែលបានប្រកាសខ្លួនឯងថា ចលនា “អាវកាក់ពណ៌លឿង” (gilets jaunes) បានបណ្ដាលអោយតំបន់ក្លោងទ្វារជ័យជំនះ (Arc De Triomphe) នៅរដ្ឋធានីប៉ារីស ក្លាយទៅជាសមរភូមិដ៏ខូចខ្ទេចខ្ទីមួយ។ ទោះជារដ្ឋាភិបាលបារាំងបានធ្វើសម្បទានមួយចំនួនដូចជាបញ្ឈប់ការដំឡើងពន្ធលើឥន្ធនៈក្នុងឆ្នាំ២០១៩ ហើយបង្កកពន្ធអេកូឡូស៊ីក៏ដោយ ប៉ុន្តែបាតុករហាក់ដូចជាមិនទាន់ពេញចិត្តនៅឡើយ។ បន្ទាប់ពីការប្រឆាំងជំទាស់នឹងការដំឡើងពន្ធលើឥន្ធនៈនាគ្រាដំបូង បាតុករ “អាវកាក់ពណ៌លឿង” បានបន្តបង្កើនការទាមទារចំពោះបញ្ហាផ្សេងៗច្រើនទៀត ដែលមិនត្រឹមតែកើតមានឡើងក្នុងអាណត្តិរបស់ប្រធានាធិបតីលោក Macron ប៉ុណ្ណោះទេ ថែមទាំងកើតមានឡើងពីឆ្នាំមុនៗទៀតផង។ បាតុកម្មក៏បានរីករាលដាលទៅកាន់ទីក្រុងផ្សេងៗច្រើនទៀតផងដែរ។ បាតុករចាត់ទុកថា ការដំឡើងពន្ធកាន់តែខ្ពស់របស់រដ្ឋាភិបាលបារាំងក្នុងអំឡុងពេលច្រើនឆ្នាំកន្លងទៅ បានប៉ះពាល់ដល់ប្រាក់ចំណូលនិងការចំណាយជាប្រចាំថ្ងៃរបស់ពួកគេ។ បាតុករច្រើននាក់អោយដឹងថា មុននេះគឹអាចចូលរួមសកម្មភាពលេងកំសាន្តក្នុងឱកាសចុងសប្ដាហ៍ឬពិធីបុណ្យទាននានាបាន ប៉ុន្តែឥឡូវនេះ គេត្រូវកាត់ផ្ដាច់អស់ ហើយរហូតដល់ជួបការលំបាកជាច្រើនក្នុងការចំណាយជាប្រចាំថ្ងៃផងដែរ។

        រាល់ការធ្វើសម្បទានរបស់រដ្ឋាភិបាលបារាំងត្រូវបានបាតុករចាត់ទុកថា ជាសកម្មភាពសំដៅបន្ធូស្រាលភាពតានតឹងតែប៉ុណ្ណោះ មិនមែនជាការសន្យាជាពិតប្រាកដនោះឡើយ។ ក្នុងកាលៈទេសៈនោះ កិច្ចសន្ទនាក្នុងទូទាំងប្រទេសរវាងរដ្ឋាភិបាលនិងប្រជាជនគឺការងារចាំបាច់ណាស់ សំដៅស្វែងរកសម្លេងរួម ហើយដាក់ចេញដំណោះស្រាយដើម្បីកែទម្រង់ប្រទេសជាតិ។

ប្រទេសបារាំងខិតខំប្រឹងប្រែងស្ដាររូបភាពឡើងវិញដោយកិច្ចព្រមព្រៀងថ្មីមួយ - ảnh 2ការធ្វើបាតុកម្មរបស់ភាគី អាវកាក់ពណ៌លឿង នៅទីក្រុងប៉ារីស (រូបថត៖ AP)

        កិច្ចព្រមព្រៀងថ្មីដែលមិនធ្លាប់មាន

        កិច្ចសន្ទនាខាងលើគ្រោងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៥ ខែមីនា ដោយផ្តោតទៅលើប្រធាន បទស្នូលចំនួន៤រួមមាន៖ ពន្ធនិងការចំណាយ សាធារណៈ អង្គការរដ្ឋនិងស្ថាប័នសាធារណៈ ការផ្ទេរប្ដូរអេកូឡូស៊ី ខឿនប្រជាធិបតេយ្យនិងសិទ្ធិពលរដ្ឋ។ ប្រធានាធិបតីលោក Macron ក៏បានសន្យាថា នឹងជូនដំណឹងលទ្ធផលដោយផ្ទាល់ចំពោះប្រជាជន បន្ទាប់ពីបញ្ចប់កិច្ចសន្ទនានេះតែម្ដង។

        តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍អោយដឹងថា ទោះជាពិបាកដើម្បីទទួលបានឯកភាពលើបញ្ហាទាំងអស់រវាងរដ្ឋអំណាចនិងប្រជាជនក្ដី ប៉ុន្តែការដែលប្រធានាធិបតីបារាំងរៀបចំកិច្ចសន្ទនាក្នុងទូទាំងប្រទេសនោះ គឺការបោះជំហានដ៏សំខាន់មួយ សំដៅរួមចំណែកដោះស្រាយជម្លោះពាក់ព័ន្ធដល់បញ្ហាពន្ធ ប្រជាធិបតេយ្យ ការពារបរិស្ថាន និងជនអន្តោប្រវេសន៍។ ប្រការសំខាន់នោះគឺលោក E. Macron នឹងត្រូវធ្វើយ៉ាងម៉េចដើម្បីអាចរក្សាគោលនយោបាយកែទម្រង់របស់ខ្លួនផង ហើយបញ្ចុះបញ្ចូលប្រជាជនបញ្ឈប់អំពើហឹង្សាក្នុងការធ្វើបាតុកម្មទៀតផង។

        ឆ្លើយសម្ភាសន៍នាពេលថ្មីៗនេះ លោក E. Macron បានអោយដឹងថា លោកទទួលយកការពិតជាក់ស្ដែងគឺ រាល់វិធានការកែទម្រង់សេដ្ឋកិច្ចដែលលោកកំពុងអនុវត្តន៍ បានធ្វើអោយកិត្យានុភាពរបស់លោកធ្លាក់ចុះ ក៏ប៉ុន្តែប្រទេសបារាំងនឹងឃើញឥទ្ធិពលជាវិជ្ជមាននៃវិធានការទាំងនេះក្នុងរយៈពេលយ៉ាងហោចណាស់ពី១៨ទៅ២៤ខែខាងមុខជាពុំខាន។ ប្រសិនបើបារាំងជំនះពុះពារលើវិបត្តិនា បច្ចុប្បន្ន អ្នកបោះឆ្នោតនឹងមានរយៈពេល៣ឆ្នាំកន្លះបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់លោក។ ដោយការរៀបចំឡើងកិច្ចសន្ទនាលើកនេះ ប្រធានាធិបតីលោក E. Macron កំពុងផ្ញើរសារថា៖ រដ្ឋាភិបាលត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយប្រជាជនដើម្បីស្វែងរកចម្រើយសម្រាប់បំណងប្រាថ្នានានារបស់ពួកគេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ