ពូនជ្រំទំនាក់ទំនងវៀតណាម - ឡាវ
(VOVWORLD) -នាប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវ បានរៀបចំសកម្មភាពរំលឹកខួបលើកទី៧០ នៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅឡាវ (ថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៤៩ - ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩)។ កាយវិការដ៏ថ្លៃថ្លានេះ បានជួយពង្រឹងចំណងមិត្តភាព រឹតបន្តឹងទំនាក់ទំនងដ៏ពិសេស វៀតណាម - ឡាវ ក៏ដូចជារួមចំណែកពូនជ្រំទំនាក់ទំនងនេះឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ទង់ជាតិនៃប្រទេសទាំងពីរ (រូបថត៖ chinhphu.vn) |
ការតភ្ជាប់ដោយធម្មជាតិ
តាំងពីគ្រាដំបូងនៃការតស៊ូរំដោះជាតិ លោកប្រធានហូជីមិញជានិច្ចកាលកំណត់ថា ការរក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាពប្រយុទ្ធរបស់ប្រទេសជាតិទាំងពីរ វៀតណាម - ឡាវ គឺជាភារកិច្ចស្លាប់រស់របស់ប្រជាជាតិទាំងពីរ។ ចាប់តាំងពីពេលនោះមក ជោគវាសនារបស់ប្រទេសទាំងពីរត្រូវបានឆ្លាក់ជាប់ក្នុងចិត្តគំនិតរបស់ប្រជាជនឡាវ និងវៀតណាមរាប់លាននាក់ជានិច្ច ប្រជាជាតិទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នាជាង។ ប្រជាជននៃប្រទេសទាំងពីរបានក្លាយជាយុទ្ធមិត្ត ប្រកៀកស្មានឹងគ្នា។ ក្នុងសង្គ្រាមប្រឆាំងនឹងពួកអាណានិគមបារាំង និងពួកចក្រពត្តិនិយមអាមេរិក ដើម្បីរំដោះជាតិនៃប្រទេសនីមួយៗនោះ ការរួមសហការគ្នាអស់ពីចិត្តពីថ្លើម ត្រៀមខ្លួនជាស្រេចពលីជីវិតរបស់ប្រជាជាតិវៀតណាម - ឡាវគឺជាកត្តាសំខាន់ នាំមកនូវជោគជ័យក្នុងបដិវត្តនៃប្រទេសនីមួយៗ។
ទំនាក់ទំនងវៀតណាម - ឡាវពិតជាពិសេសណាស់។ ការតភ្ជាប់រវាងបណ្ដាជំនាន់កងទ័ព ស្ម័គ្រចិត្តវៀតណាមជាមួយកុលសម្ព័ន្ធឡាវ ដែលត្រៀមខ្លួនជាស្រេចពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ បានក្លាយទៅជានិមិត្តរូបដ៏ភ្លឺស្វាងនៃ ទំនាក់ទំនងមិត្តភាពមានតែមួយ គ្មានពីរនៃយុគសម័យ។ វាយតម្លៃអំពីទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានចាត់ទុកថា៖
“វៀតណាម - ឡាវគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធិនឹងគ្នា ដែលមានភ្នំ និងទន្លេជាប់គ្នារដឹក។ ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងស្មោះសរនឹងគ្នា។ ជាពិសេស ចាប់តាំងពីបក្សកុម្មុយនិស្តវៀតណាមនិងបក្សបដិវត្តប្រជាជនឡាវត្រូវបានបង្កើតមក ទំនាក់ទំនងទ្វេភាគីកាន់តែត្រូវបានពង្រឹង និងពង្រីកឡើងកម្ពស់ថ្មីមួយ។ ដោយមានពាក្សស្លោក ដែលពេញទៅដោយលក្ខណៈមនុស្សធម៌ និងអត្ថន័យនយោយបាយយ៉ាងស៊ីជម្រៅ របស់លោកប្រធានហូជីមិញគឺ៖ ជួយមិត្តគឺជាជួយខ្លួនឯង ប្រជាជាតិវៀតណាម និងឡាវបានប្រកៀកស្មានឹងគ្មា រួមសុខរួមទុក្ខនិងគ្នា កសាងទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ប្រភពធនធានដ៏មានតំលៃ និងជាកត្តាដ៏សំខាន់ ធានាជោគជ័យនៃបដិវត្តនៃប្រទេសនីមួយៗ”។
រួមដំណើរគ្នានៅលើកំណាត់ផ្លូវអភិវឌ្ឍន៍ថ្មី
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលយុគសម័យថ្មី ដែលជាយុគសម័យសន្តិភាព ឯករាជ្យ និងរួមដៃគ្នាកសាងសង្គមនិយម។ បក្សទាំងពីរ រដ្ឋទាំងពីរបានអះអាងនូវទំនាក់ទំនងសាមគ្គីភាពពិសេសមុនក៏ដូចជាក្រោយ គាំទ្រ ជួយឧបត្ថម្ភគ្នាក្នុងកិច្ចការការពារឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដី បង្កើនកិច្ចសហប្រតិបត្តិការកិច្ចការបរទេសសំដៅលើកស្ទួយឋានៈរបស់ប្រទេសនីមួយនៅតំបន់ និងលើឆាកអន្តរជាតិ។ នេះក៏ជាមូលដ្ឋានគតិយុត្តដ៏រឹងមាំសម្រាប់ការរីកចម្រើននិងពង្រីកទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវក្នុងសករាជថ្មី បង្កើតកម្លាំងចលករដ៏ធំធេង ដើម្បីប្រទេសទាំងពីរអភិវឌ្ឍន៍រួមគ្នា។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា ប្តេជ្ញាចិត្តណែនាំដល់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ពីមជ្ឈឹម ចុះមកមូលដ្ឋាននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងរួមគ្នាអនុវត្តន៍ល្អនូវភារកិច្ចសំខាន់ៗដូចជា៖ពង្រឹងការអប់រំដោយឥតឈប់ឈរ ពង្រឹងនឹងពង្រីកថែមទៀតនូវទំនាក់ទំនងនយោបាយពិសេស កម្រ មិនត្រឹមតែនៅថ្នាក់ជាន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេងទៀតផង។ លោក Ta Minh Chau អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវមានប្រសាសន៍ថា៖
“វៀតណាមនិងឡាវចាំបាច់ត្រូវពង្រីកទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ទំនាក់ទំនងវៀតណាម - ឡាវកាន់តែស្អិតរមួត និងកាន់តែអភិវឌ្ឍន៍ បាននាំ មកនូវផលប្រយោជន៍ជាក់ស្ដែងបំផុតដល់ប្រជាជននៃប្រទេសទាងពីរ ហើយធ្វើឲ្យវៀតណាម និងឡាវមានស្ថិរភាព និងរឹងមាំជានិច្ច។ ប្រការនេះក៏បានជួយអាស៊ានមានភាពរឹងមាំ និងលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់”។
ការដែលប្រទេសទាំងពីរបានអះអាងបីការប្ដេជ្ញាចិត្តបន្តពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសនឹងរួមចំណែកជាវិជ្ជមានទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមនៅប្រទេសនីមួយៗ រក្សាយ៉ាងរឹងមាំនូវសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ នៅ តំបន់និង លើពិភពលោក៕