ភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនទាន់មានទីបញ្ចប់

(VOVWORLD) - ក្នុងបម្រែបម្រួលមួយសំដៅបង្កើនសម្ពាធទៅលើចិន នាថ្ងៃទី១៨ មិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បន្តប្រកាសផែនការដាក់កម្រិតពន្ធដារចំនួន១០%ទៅលើកញ្ចប់ទំនិញដែលបាននាំចូលពីប្រទេសចិនក្នុងតម្លៃឡើងដល់ទៅ២០០ពាន់លានដុល្លាអាមេរិក សំដៅតបតវិញការបង្កើនពន្ធដារទៅលើទំនិញអាមេរិករបស់រដ្ឋអំណាច ប៉េកាំង។ បម្រែបម្រួលថ្មីបំផុតនេះ បានសរឲ្យឃើញថា ភាពតានតឹងខាងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំង២នេះ មិនអាចត្រូវបានដោះស្រាយដោយភាពងាយស្រួលឡើយ បើទោះបីជាភាគីទាំងពីរបានជៀសវាងសង្គ្រាមពាណិជ្ជកម្មមួយក្ដី។
ភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនទាន់មានទីបញ្ចប់ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និង ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ AFP) 

ក្នុងសេចក្ដីប្រកាសនាថ្ងៃទី១៩ មិថុនា ប្រធានាធិបតីលោក Trump បានអះអាងថា ចាំបាច់ត្រូវមានសកម្មភាពជាបន្តដើម្បីជំរុញឲ្យប្រទេសចិនផ្លាស់ប្ដូរការកំណត់ដ៏អសមភាព បើកទ្វារទីផ្សារចំពោះទំនិញអាមេរិក ហើយយល់ស្របជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្មដ៏សមភាពជាងមុនជាមួយអាមេរិក។ លោក Trump បានបញ្ជាណែនាំឲ្យតំណាងពាណិជ្ជកម្មអាមេរិក កំណត់មុខទំនិញចិន ដែលទទួលរងការដាក់កម្រិតពន្ធដារថ្មី។ តាមលោកថា នេះជាការតបតវិញចំពោះការដែលចិនបានបង្កើនកម្រិតពន្ធដារទៅលើទំនិញអាមេរិកក្នុងតំលៃ៥០ពាន់លានដុល្លាអាមេរិក។

        សកម្មភាពផ្ទុយគ្នាស្រឡះ

        ជិតមួយខែមុននេះ ក្រោយពីជំនួបចរចាដ៏តានតឹងនៅទាំងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន មជ្ឈដ្ឋានមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមដោយអះអាងថា ភាគីទាំងពីរឯកភាពគ្នាលើភាពចាំបាច់នៃការអនុវត្តវិធានការនានាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយកម្រិតឱនភាពពាណិជ្ជកម្មឡើងដល់ទៅ៣០០ពាន់លានដុល្លាអាមេរិករវាងអាមេរិកនិងចិន។ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរនិយាយដោយឡែកនិងលើពិភពលោកនិយាយរួមមានការធូរស្រាលក្រោយពីសេចក្ដីថ្លែងការណ៍រួមខាងលើ ប៉ុន្តែអ្វីៗដែលប្រព្រឹត្តទៅក្រោយនោះ គឺមិនដើរតាមសេចក្ដីសង្ឃឹមឡើយ។

        ត្រឹមមួយសប្ដាហ៍ក្រោយពីសេចក្ដីថ្លែងការណ៍ររួមខាងលើប៉ុណ្ណោះ នាថ្ងៃទី២៩ ឧសភា ប្រធានា ធិបតីអាមេរិកលោក Donald Trump បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា នឹងដាក់ពន្ធដារក្នុងតំលៃឡើងដល់ទៅ៥០ពាន់លានដុល្លាអាមេរិក ទៅលើទំនិញនាំចូលពីប្រទេសចិន ហើយដាក់កំហិតទៅលើការវិនិយោគរបស់ចិនទៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់អាមេរិក។

        បន្ទាប់នោះ ក្រសួងពាណិជ្ជកម្មអាមេរិកបើកការស៊ើបអង្កេតចំពោះទំនិញនាំចូលពីចិន ដោយការចោទប្រកាន់ថា អ្នកផលិតធុងផ្ទុកឧស្ម័ន Propane ដោយថែបបានលក់បង្ខូចតម្លៃហើយទទួលឧបត្ថម្ភធនដោយអសមភាព។

        ពិតប្រាកដថា ចិនមិនអាចនៅស្ងៀមចំពោះទង្វើខាងលើរបស់អាមេរិកបានឡើយ ហើយប៉េកាំងក៏ចេញសេចក្ដីប្រកាសដាក់ពន្ធដារចំនួន៥០ពាន់លានដុល្លាអាមេរិក ដែលផ្តោតទៅលើមុខទំនិញកសិផល ត្រីនិងមធ្យោបាយចរាចរណ៍របស់អាមេរិក។

        ក្រឡែកមើលជាទូទៅ ការដែលមជ្ឈដ្ឋានមន្ត្រីអាមេរិកបានបំបែកបំបាក់ការស្រុះចិត្តគំនិត ដែលភាគីទាំងពីរសម្រេចបាននៅទីក្រុងវ៉ាស៊ីនតោនកាលពីចុងខែឧសភាកន្លងទៅ បានបង្កឡើងការផ្ញាក់ផ្អើលចំពោះប្រទេសចិនផងក៏ដូចជាមជ្ឈដ្ឋានវិនិយោគិនអន្តរជាតិទៀតផង។

        មជ្ឈដ្ឋានវិនិយោគិននៃប្រទេសទាំងពីរព្រួយបារម្ភ

        លើស្ថានភាពជាក់ស្ដែង ដោយសារខឿនសេដ្ឋកិច្ចអាមេរិកនិងចិនកំពុងពឹងផ្អែកគ្នាទៅវិញទៅមក ដូច្នេះបានជាគ្មានវិធីណា ដើម្បីអាមេរិកអាចរារាំងចិនដោយគ្មានបង្កការខូចខាតចំពោះផ្ទាល់ខ្លួនបានឡើយ។ សម្ព័ន្ធក្រុមហ៊ុន Cargill ដែលជាក្រុមហ៊ុនឯកជនធំបំផុតរបស់អាមេរិកដែលធ្វើសកម្មភាពក្នុងវិស័យកសិកម្ម បានអំពាវនាវឲ្យវ៉ាស៊ីនតោននិងប៉េកាំងធ្វើការសន្ទនា ដើម្បីសហគ្រាស ប្រជាជននិងអតិថិជន មិនត្រូវរងផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្មមួយ។ អ្នកនាំពាក្យសម្ព័ន្ធក្រុមហ៊ុន Archer Daniels Midland ដោយជំនាញខាងធ្វើអាជីវកម្មកសិផល ក៏បានសម្ដែងគោលបំណងថា ប្រទេសទាំងពីរគប្បីចូលរួមកិច្ចសន្ទនាទ្វេភាគី ព្រមទាំងសង្កត់ធ្ងន់ថា ចិនបន្តជាទីផ្សារនាំចេញសំខាន់របស់កសិផលអាមេរិក។

        ក្នុងពេលនោះ ក្រុមហ៊ុនធំៗមួយចំនួនរបស់អាមេរិកក៏បានចាប់ផ្ដើមវាយតំលៃចំពោះរាល់ផលប៉ះពាល់ពីវិធានការដាក់ពន្ធដាររបស់ចិន។ Boeing ជាក្រុមហ៊ុនពហុជាតិមួយក្នុងចំណោមក្រុមហ៊ុនពហុជាតិអាមេរិក ដែលងាយរងគ្រោះបំផុតក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សមាគមន៍សម្លៀកបំពាក់និងស្បែកជើងអាមេរិក (AAFA) ក៏បានព្រមានថា វិធានការតបរវិញរបស់ចិន អាចគំរាមកំហែងទៅលើប្រជាកសិករអាមេរិក និងអ្នកផលិតផលិតផលតម្បាញកាត់ដេរ។ ប្រធាន AAFA លោក Rick Helfenbein ចាត់ទុកថា រដ្ឋសភាអាមេរិកចាំបាច់ត្រូវធ្វើអន្តរាគមន៍ដើម្បីបញ្ចប់គ្រោះអាសន្ននេះ។

        ចាប់តាំងពីពេលឡើងកាន់អំណាចមក ប្រធានាធិបតីលោក Donald Trump បានប្ដេជ្ញាចិត្តរៀបចំរចនាសម្ព័ន្ធឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនឲ្យបានសមភាព។ វិធានការដែលត្រូវបានលោក Trump ប្រើប្រាស់គឺគោលនយោបាយពន្ធដារ។ ប៉ុន្តែ រហូតមកដល់ពេលនេះ វិធានការនេះមិនទាន់សរឲ្យឃើញនូវប្រសិទ្ធភាពនៅឡើយ។ ដោយហេតុនេះ ដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មរវាងអាមេរិកនិងចិន ប្រទេសទាំងពីរចាំបាច់ត្រូវបើកចំហសំរាប់ជំនួបចរចាទ្វេភាគី សំដៅរិះរកវិធានការដ៏សមស្របចំពោះគោលដៅនៃភាគីនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ