មជ្ឈឹមបូព៌ាប្រឈមមុខនឹងគ្រោះអាសន្នអំពើហឹង្សាដ៏ធ្ងន់ធ្ងរ
(VOVWORLD) - នាពេលកន្លងទៅ នៅតំបន់មួយក្នុងចំណោមតំបន់ដ៏ក្ដៅគគុកបំផុតលើ ពិភពលោកក្នុងរយៈពេលច្រើនទសវត្សកន្លងមកនេះ គឺតំបន់មជ្ឈឹមបូព៌ា បានបន្ត កើតមានឡើងការវិវត្តន៍ជាច្រើនគួរអោយព្រួយបារម្ភ ដែលបណ្ដាលអោយតំបន់ នេះត្រូវតែប្រឈមមុខនឹងគ្រោះអាសន្នផ្ទុះឡើងអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ។
ទិដ្ឋភាពនៃទីប្រជុំជនជ្វីហ្វមួយនៅលើតំបន់ដែនដីដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីន (រូបថត៖ AFP/TTXVN) |
ក្នុងកាយវិកាគួរអោយភ្ញាក់ផ្អើលនាពេលថ្មីៗនេះ អាជ្ញាធរសហរដ្ឋអាមេរិក បានបង្ហាញការផ្លាស់ប្ដូរទាំងស្រុងនូវទស្សនៈរបស់ខ្លួនដែលធ្លាប់ត្រូវបានរក្សាអស់រយៈពេលច្រើនទសវត្សកន្លងទៅពាក់ព័ន្ធដល់បញ្ហាទីប្រជុំជនជ្វីហ្វនៅតាមតំបន់ដែនដីដែលអ៊ីស្រាអែលបានទន្ទ្រានកាន់កាប់របស់ជន ប៉ាឡេស្ទីន។ ជាក់ស្ដែងគឺ រដ្ឋ មន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសកាលពីថ្ងៃទី១៨ ខែ វិច្ឆិកា កន្លងទៅថា វ៉ាស៊ីនតោនគាំទ្រចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការកសាង ទីប្រជុំជននានានៅត្រើយខាងលិច។ សេចក្ដីប្រកាសនេះជាការបញ្ច្រាសគោល នយោបាយរបស់អាមេរិកក្នុងអំឡុងពេល៤០ឆ្នាំកន្លងទៅ ដោយច្រានចោល ទស្សនៈខាងគតិយុត្តរបស់ក្រសួងការបរទេសអាមេរិកកាលពីឆ្នាំ១៩៧៨ដែល ចាត់ទុកថា បណ្ដាទីប្រជុំជននោះគឺមិនស្របនឹងច្បាប់អន្តរជាតិនោះឡើយ។
ភ្លាមមួយរំពិច កាយវិកានេះរបស់អាមេរិកបានជួបប្រទះនឹងការប្រឆាំងជំទាស់ និងថ្កោលទោសយ៉ាងខ្លាំងក្លាពីពិភពអារ៉ាប់ ប្រទេសនានាក្នុងតំបន់និងលើ ពិភពលោក ដែលក្នុងនោះមានសម្ព័ន្ធមិត្តជិតស្និទ្ធជាច្រើនរបស់វ៉ាស៊ីនតោនផងដែរ។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិលោក Riyad Mansour បានលើកច្បាស់ថា អាជ្ញាធរប្រធានាធិបតីអាមេរិក Donald Trump បានចេញ សេចក្ដីប្រកាសខុសឆ្គងជាថ្មីម្ដងទៀតស្ដីពីទីប្រជុំជនរបស់អ៊ីស្រាអែល សំដៅ បំផ្លាញចោលឱកាសកសាងសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ ប៉ាឡេស្ទីនបានចាត់ទុកនោះគឺសេចក្ដីប្រកាសមួយដោយគ្មានការទទួលខុសត្រូវ ហើយគ្មានតម្លៃខាងគតិយុត្ត ប្រវត្តិសាស្ត្រ នយោបាយនិងសីលធម៌ផងដែរ។ សម្ព័ន្ធអារ៉ាប់រួមជាមួយប្រទេសសមាជិកនិងប្រទេសផ្សេងៗក្នុងតំបន់ដូចជាអ៊ីរ៉ង់ និងទួរគីក៏បានរិះគន់យ៉ាងខ្លាំងក្លាទៅលើសកម្មភាពរបស់អាមេរិក ដោយចាត់ ទុកថា នេះជាការបោះជំហានដ៏គ្រោះថ្នាក់ បំផ្លិចបំផ្លាញដំណោះស្រាយរដ្ឋចំនួន២ និងកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពនៅមជ្ឈឹមបូព៌ារបស់សហគមន៍អន្តរជាតិ។
ប្រទេសនិងអង្គការជាច្រើននៅទ្វីបអឺរ៉ុបនិងតំបន់ផ្សេងៗលើពិភពលោក ក៏បានសម្ដែងនូវការប្រឆាំងជំទាស់ ព្រមទាំងព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរនៃការ ដែលអាមេរិកទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែលចំពោះទីប្រជុំជនជ្វីហ្វនៅត្រើយខាងលិចផងដែរ។
ហើយតាមពិតទៅ ត្រឹមប៉ុន្មានថ្ងៃក្រោយពីសេចក្ដីប្រកាសពោលខាងលើ របស់អាមេរិកតែប៉ុណ្ណោះ អាជ្ញាធរអ៊ីស្រាអែលបានបិទទ្វារទីភ្នាក់ងារសារព័ត៌មាន ប៉ាឡេស្ទីនជាច្រើននៅ Jerusalem។ អាជ្ញាធរប៉ាឡេស្ទីននិងប្រទេសអារ៉ាប់ផ្សេង ជាច្រើនចាត់ទុកថា នេះជាការបោះជំហានដ៏គ្រោះថ្នាក់ដែលបំបែកបំបាក់ការ សន្យារបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀង Oslo ដែលបានចុះហត្ថលេខានៅ អាមេរិកកាលពីឆ្នាំ១៩៩៣និងនៅអេហ្ស៊ីបកាលពីឆ្នាំ១៩៩៥។ មជ្ឈដ្ឋានអ្នកវិភាគ បានព្រមានថា អ៊ីស្រាអែលនឹងបន្តមានសកម្មភាពជាច្រើនថែមទៀតដែលអាច បណ្ដាលអោយភាពតានតឹងកើនឡើង ខណៈដែលក្រុមប្រដាប់អាវុធជាច្រើន នៅប៉ាឡេស្ទីនបានប្រកាសថា នឹងប្រើប្រាស់អំពើហឹង្សាដើម្បីប្រឆាំងនឹងភាព ទទឹងទទែងរបស់អ៊ីស្រាអែលនិងអាមេរិក។
គេនៅតែចាំថា ការដែលអាមេរិកទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់ អ៊ីស្រាអែលកាលពីចុងឆ្នាំ២០១៧ហើយបន្លាស់ស្ថានទូតមកដល់ទីនេះ បានបង្ក ឡើងការខឹងសម្បារយ៉ាងខ្លាំងក្លារបស់ប្រជាជនប៉ាឡេស្ទីន ដែលនាំទៅដល់ការ ប៉ះទង្គិចដ៏បង្ហូរឈាមនៅតាមព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ Gaza បណ្ដាល អោយមនុស្សរាប់រយនាក់ត្រូវស្លាប់និងរាប់ពាន់នាក់ត្រូវរងរបួស។ ហេតុដូច្នេះបាន ជា ក្នុងបរិបទនោះ ការកើនឡើងភាពតានតឹងនៅតំបន់នេះ អាចបំផ្ទុះឡើង សោកនាដ្ឋកម្មអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ ដែលអាចផ្ដួលរលំ ដំណើរការសន្តិភាព មជ្ឈឹមបូព៌ាដ៏ពោរពេញទៅដោយការសាកល្បងនេះតែម្ដង៕