មួយឆ្នាំនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ ការប្រឈមមុខដាក់គ្នាដែលមិនទាន់មានទីបញ្ចប់
(VOVWORLD) - នៅម៉ោង ៥ និង ៥៥ នាទីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ត្រឹមតែ ២ ថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋស្វ័យប្រកាសចំនួន ២ គឺ Lugansk និង Donetsk នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសពីការចាប់ផ្តើម "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែន។ ៣៦៥ ថ្ងៃក្រោយពីស្នូរសំឡេងកាំភ្លើងដំបូងបានពន្លឺឡើង នៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ជម្លោះនេះនៅតែបន្ត មិនត្រឹមតែបណ្តាលឲ្យភាគីទាំងពីររងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងខាងអាយុជីវិតនិងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងបានរញ្ជួយសណ្តាប់ ធ្នាប់ភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចសកលទៀតផង។ ហើយប្រការគួរឲ្យព្រួយបារម្ភគឺថា សញ្ញានៃច្រកចេញពីជម្លោះមិនទាន់បានរកឃើញនៅឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន
លោក Volodymyr Zelensky។ (រូបថត៖ Reuters) |
នៅក្នុងសុន្ទរកថាផ្ទាល់នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មុនពេលបើក "ប្រតិបត្តិការយោធាពិសេស" នៅភាគខាងកើតអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងសំណើរពីការជួយធានាសន្តិសុខ របស់មេដឹកនាំនៃសាធារណរដ្ឋស្វ័យប្រកាស ទាំងពីរគឺ Donestsk (DPR) និង Lugansk (LPR) នោះ ប្រធានាធិបតីរុស្ស៊ីលោក Putin បានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធារបស់រុស្ស៊ី គឺជាសកម្មភាពស្វ័យការពារ រុស្ស៊ីនឹងមិនទន្ទ្រានកាន់កាប់អ៊ុយក្រែននោះទេ ប៉ុន្តែនឹង “លុបបំបាត់ហ្វាស៊ីនិយម” និង “លុបបំបាត់ការធ្វើយោធូបនីយកម្ម” នៅប្រទេសអឺរ៉ុបខាងកើតនេះ។ ចាប់ពីពេលនោះមក ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលជាជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ បានផ្ទុះឡើងជាផ្លូវការ ហើយបានអូសបន្លាយរហូតមកដល់ពេលនេះ ជាមួយនឹងការវិវឌ្ឍន៍កាន់តែតានតឹងឡើងៗ។
ការខូចខាតយ៉ាងធ្ងន់ធ្ងរ
វិបត្តិរុស្ស៊ី-អ៊ុយក្រែនបច្ចុប្បន្ន ចាប់ផ្ដើមពីមូលហេតុរាំរ៉ៃជាច្រើនតាំងពីយូរលង់មកហើយ។ ពីឧប្បត្តិហេតុ Maidan (រដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០១៤) ការដែលទីក្រុងម៉ូស្គូរួមបញ្ចូលឧបទ្វីប គ្រីមេ នាំទៅដល់ការបង្កើតរដ្ឋស្វ័យប្រកាសទាំងពីរគឺ Lugansk និង Donetsk រហូតដល់ការដែលអ៊ុយក្រែនស្នើរសុំឲ្យចូលជាសមាជិកសម្ព័ន្ធភាពយោធានៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)... ទាំងអស់នេះបាននាំភាពតានតឹងរវាងភាគីទាំងពីរឡើងដល់កម្រិត "កំពូល"។
ក្នុងរយៈពេល ១ ឆ្នាំកន្លងមក ពីវិសាលភាពដំបូងគឺតំបន់ Donbass រុស្ស៊ីបានពង្រីកគោលដៅនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនទៅតំបន់ភាគខាងត្បូង និងតំបន់ផ្សេងទៀត រួមទាំងរដ្ឋធានី គៀវ ផងដែរ។ ជម្លោះនេះបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីនិងអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចពិភពលោកទៀតផង។ ពិភពលោកត្រូវប្រឈមមុខនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ នៅពេលដែលការផ្គត់ផ្គង់ពីឃ្លាំងស្រូវសាលីនិងគ្រាប់ធញ្ញជាតិដ៏ធំទាំងពីរ បានធ្លាក់ចុះ; ការអាក់ខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈទាក់ទងនឹងការដាក់ទណ្ឌកម្មនិងការសងសឹកគ្នាទៅវិញទៅមករវាងទីក្រុងម៉ូស្គូនិងលោកខាងលិចបានរុញច្រានឲ្យតម្លៃថាមពលសកលហក់ឡើង ធ្វើឲ្យអតិផរណានៅក្នុងប្រទេសជាច្រើនហក់ឡើងកម្រិតកំណត់ត្រាជាបន្តបន្ទាប់ ដែលនាំឲ្យមានហានិភ័យនៃអស្ថិរភាពសង្គម។ ជម្លោះក៏បានបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ តួរលេខដែលប្រកាសដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងខែមករា ឆ្នាំ ២០២៣ បង្ហាញថា មនុស្សជាង ១៨ ពាន់នាក់បានស្លាប់ មនុស្សជាង ៧,៩ លាននាក់ត្រូវជម្លៀសទៅកាន់ប្រទេសអឺរ៉ុប និងមនុស្សជាង ២១,៨ លាននាក់ត្រូវការជំនួយមនុស្សធម៌។
ទាហានអ៊ុយក្រែនបើករថក្រោះនៅជិតទីក្រុងខ្សែជួរមុខ Bakhmut ភាគខាងកើតតំបន់ Donetsk កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ Reuters) |
ការវិវឌ្ឍដ៏គ្រោះថ្នាក់ជាច្រើន
ខណៈពេលដែលជម្លោះមិនទាន់រកឃើញច្រកចេញ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៣ ការវិវឌ្ឍន៍ថ្មីៗបានបណ្ដាលឲ្យដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះកាន់តែវែងឆ្ងាយថែមទៀត។
ប្រទេសលោកខាងលិចបានបង្កើនជំនួយយោធាដល់អ៊ុយក្រែន។ កិច្ចប្រជុំរបស់សហភាពអឺរ៉ុប (EU) អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) សុទ្ធតែចេញការសន្យាជំរុញខ្លាំងការផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវ ហើយសន្យាដាក់ពង្រាយរថក្រោះដើម្បីគាំទ្រទីក្រុងគៀវនៅលើសមរភូមិ។ សហភាពអឺរ៉ុបក៏បានពិភាក្សាអំពីកញ្ចប់ទណ្ឌកម្មទី ១០ ប្រឆាំងនឹងទីក្រុងម៉ូស្គូ ទាក់ទងនឹងជម្លោះដ៏វែងអន្លាយនៅអ៊ុយក្រែនផងដែរ។ ក្នុងពេលជាមួយគ្នានោះ ភាគីរុស្ស៊ីបានប្រកាសថា នឹងចាត់ទុកអាវុធរបស់លោកខាងលិចនៅអ៊ុយក្រែនជាគោលដៅវាយប្រហារ។ លោកប្រធានាធិបតី Zelensky ក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ បានបញ្ជាក់ថា គោលដៅរបស់ទីក្រុង គៀវ គឺមិនត្រឹមតែទប់ស្កាត់ការវាយប្រហារថ្មីៗរបស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងដណ្ដើមយកវិញនូវតំបន់ដែនដីទាំងស្រុង ដែលគ្រប់គ្រងដោយទីក្រុងម៉ូស្គូ រួមទាំងឧបទ្វីប គ្រីមេ ផងដែរ។ ដើម្បីធ្វើបានយ៉ាងដូច្នេះ អ៊ុយក្រែនបានអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្តល់ជំនួយកាន់តែច្រើននិងលឿនបំផុត ដែលអនុញ្ញាតឲ្យទីក្រុងគៀវដណ្ដើមបានប្រៀបនៅលើសមរភូមិ។
ទ្វារសន្តិភាពនៅតែបិទ
"ថ្កោលទោស" "អំពាវនាវ" "ដាស់តឿន" ... គឺជាពាក្យដែលបានលេចឡើងជាញឹកញាប់ក្នុងរយៈពេល ១២ ខែកន្លងមក នៅពេលដែលភាគីនានាចង់ឲ្យរុស្ស៊ីនិងអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែនៅតែមិនអាចធ្វើឲ្យភាគីទាំងពីរទម្លាក់អាវុធនៅលើសមរភូមិឡើយ។ ហើយការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ក៏មិនអាចរកឃើញច្រកចេញសម្រាប់ជម្លោះនេះបានដែរ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មប្រហែល ១១ ពាន់បទ ហាមឃាតប្រឆាំងនឹងរុស្សី ដែលភាគច្រើនលើវិស័យចំនួន ៥ រួមមានហិរញ្ញវត្ថុ ពាណិជ្ជកម្ម បច្ចេកវិទ្យា ថាមពល និងមជ្ឈដ្ឋានឥស្សរជនរបស់រុស្ស៊ី ដែលនាំឲ្យរុស្ស៊ីក្លាយជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រដែលទទួលរងចំនួនទណ្ឌកម្មជាកំណត់ត្រា។
នៅចំពោះមុខការវិវឌ្ឍន៍នាពេលបច្ចុប្បន្ន អ្នកវិភាគជាទូទៅបានចាត់ទុកថា កិច្ចព្រមព្រៀងការទូតដើម្បីបញ្ឈប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ទំនងជាមិនអាចសម្រេចបានក្នុងរយៈពេលខ្លីខាងមុខនោះទេ។ ទាំងរុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រកាន់នូវជំហរផ្ទុយគ្នាលើបញ្ហាជាច្រើន។
នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានមហាសន្និបាត លោក Csaba Kőrösi បានព្រមានថា ហានិភ័យដែលជម្លោះកាន់តែតានតឹងឡើង នៅតែមាន ហើយយថាទស្សន៍សន្តិភាពកំពុងថយចុះជាបណ្តើរៗ ការជំរុញកិច្ចសន្ទនាដើម្បីបើកទ្វារសន្តិភាព និងបញ្ឈប់ជម្លោះគឺជាអាទិភាពចម្បងបំផុតនាពេលបច្ចុប្បន្ន៕