រដ្ឋសភាមានសុទិដ្ឋិនិយមអំពីគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០១៨

(VOVWORLD) - គោលដៅកំណើន GDP របស់វៀតណាមឆ្នាំ២០១៨ដែលបានដាក់ចេញគឺ៦,៧%។ នៅសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ សមាជិកសភាភាគច្រើនបានវាយតំលៃថាខឿនសេដ្ឋកិច្ចជាតិកំពុងមានការអភិវឌ្ឍដ៏ល្អប្រសើរ ហើយបរិយាកាសវិនិយោគក៏មានកត្តាងាយស្រួលជាច្រើនដែរ។ ដោយហេតុនេះ វៀតណាមអាចសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញ។
រដ្ឋសភាមានសុទិដ្ឋិនិយមអំពីគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០១៨ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh

តាមរបាយការណ៍ដែលត្រូវបានឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បំភ្លឺនៅចំពោះមុខរដ្ឋសភានិងអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសស្ដីពីសភាពការណ៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៧ឲ្យដឹងថា គោលកំណត់សេដ្ឋកិច្ចសង្គមចំនួន៧ក្នុងចំណោមបគោលកំណត់សេដ្ឋកិច្ចសង្គមក្នុងប្រទេសទាំង១៣ គឺទទួលបានលទ្ធផលវិជ្ជមាន។ ប្រការគួរឲ្យកត់សម្គាល់គឺល្បឿនកំណើន GDP ទទួលបាន៦,៨១% ទំហំនៃការនាំចេញកើនឡើង២១% និងអតិរេកការនាំចេញសម្រេចបានទឹកប្រាក់២,៩ពាន់លានដុល្លាអាមេរិក។ នេះជាសញ្ញាដ៏រឹងមាំសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមនាឆ្នាំ២០១៨។

        បន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

        ចាប់ពីដើមឆ្នាំ២០១៨កន្លងមក ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយគោលនយោបាយរូបិយវត្ថុត្រូវបានប្រតិបត្តិដោយភាពម្ចាស់ការនិងបត់បែន។ លោក Tran Hoang Ngan សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានចាត់ទុកថា នាពេលកន្លងទៅ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ តាមនោះជួយផ្នែកសេវាកម្ម ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងកសិកម្មទទួលបានកំណើនដ៏ខ្លាំងក្លា។

        “ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូលនិងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល “ធ្វើសកម្មភាព តម្លភាពនិងស្ថាបនា” យើងដណ្ដើមបានសមិទ្ធផលសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ២០១៧និងចាប់ពីដើមឆ្នាំ២០១៨កន្លងមក។ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ការចំណាយហួសកំណត់ថវិការដ្ឋឆ្នាំ២០១៧ត្រូវបានកាត់បន្ថយទឹកប្រាក់ចំនួន៤លានលានដុង”។

        សមាជិកសភាជាច្រើននាក់ចាត់ទុកថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំទោះបីជានៅមានការលំបាកជាច្រើនក្ដី ប៉ុន្តែខឿនសេដ្ឋកិច្ចវៀតណាមអាចសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។

        កែទម្រង់របៀបរបប បង្កភាពងាយស្រួលសំរាប់សហគ្រាស

        ក្នុងកាលៈទេសៈបច្ចុប្បន្ន បរិយាកាសវិនិយោគ ធ្វើអាជីវកម្មក្នុងប្រទេសកំពុងត្រូវបានកែទម្រង់យ៉ាងខ្លាំងក្លា ដែលនាំមកនូវភាពងាយស្រួលជាច្រើនសំរាប់វៀតណាមនាពេលធ្វើសមាហរណកម្មអន្តរជាតិ។ លោក Trinh Ngoc Phuong សមាជិកសភាមណ្ឌល Tay Ninh បានលើកមតិថា៖

        “ចាំបាច់ត្រូវមានគោលនយោបាយអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច។ យើងមិនគប្បីវិនិយោគចូលក្នុងខេត្តក្រុងតែមួយកន្លែង ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចទាំងមូល ព្រោះថាប្រការនេះនឹងដាក់សម្ពាធទៅលើខេត្តក្រុងទាំងនោះ។ យើងត្រូវការមានមេបញ្ជាការតំបន់និងមូលនិធិវិនិយោគសំរាប់តំបន់នីមួយៗ ដើម្បីនាពេលចង់វិនិយោគគឺយើងមានប្រភពទុនជាស្រេច”។

        ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសចីរភាពនិងបង្កើតសន្ទុះដ៏រឹងមាំសំរាប់ប៉ុន្មានឆ្នាំក្រោយៗ បណ្ដាសមាជិកសភាចាត់ទុកថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ដល់ជួរសហគ្រិននិងអាជីវករ។ ដោយសារនេះជាកម្លាំងស្នូល និងជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ច។ ដោយហេតុនេះចាំបាច់ត្រូវកំចាត់ការលំបាកសំដៅជួយកម្លាំងនេះអភិវឌ្ឍន៍។ ព្រមទាំងអនុវត្តន៍កំណែទម្រង់បែបបទរដ្ឋបាល ដើម្បីទាក់ទាញការវិនិយោគពីសហគ្រាសបរទេស។ លោកស្រី Nguyen Thi Thanh ប្រធានគណៈ ប្រតិភូសមាជិកសភាមណ្ឌល Ninh Binh ចាត់ទុកថា៖

        “យើងខ្ញុំមានគោលបំណងថា នាពេលខាងមុខនេះ រដ្ឋសភានិងរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ល្បឿនកំណើន ពិសេសគឺគុណភាពកំណើនក៏ដូចជាសន្ទស្សន៍ពាក់ព័ន្ធនានាដូចជាផលិតភាពពលកម្ម និងបរិយាកាសចីរភាព ជាដើម។ វៀតណាមកំពុងបើកចំហទ្វារខឿនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា នាពេលយើងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន។ ដោយហេតុនេះ ត្រូវធានាតុល្យភាពក្នុងការទាក់ទាញទុនវិនិយោគពីសហគ្រាសនៅក្នុងនិងក្រៅប្រទេស។ តាមនោះ ជួយសហគ្រាសវៀតណាមរីកធំធាត់ និងទាក់ទងអភិក្រមជាមួយបច្ចេកវិទ្យារបស់វិនិយោគិនបរទេស”។

        ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ រដ្ឋាភិបាលវៀតណាមបន្តអនុវត្តន៍យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តនានារបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលស្ដីពីយុទ្ធសាស្ត្រលោតផ្លោះ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយតភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន។ ព្រមទាំងឆ្លៀតប្រើប្រាស់ឲ្យបានល្អនូវឱកាសនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ខិតខំប្រឹងប្រែងសម្រេចបានគោលដៅកំណើន GDP ដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ