របត់ថ្មីនៅក្នុងទំនាក់ទំនងចិន-ជប៉ុន
(VOVWORLD) - នាថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអញ្ជើញ បំពេញទស្សនកិច្ចប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនក្នុងរយៈពេល៣ថ្ងៃ។ ដំណើរ ទស្សនកិច្ចជាផ្លូវការដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនមួយរូបទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១១មក រំពឹងថានាំមកនូវឱកាសសហប្រតិបតិ្តការថ្មីនៅក្នុង ទំនាក់ទំនងទ្វេភាគីជប៉ុន-ចិន ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។ ដំណើរទស្សនកិច្ច លើកនេះក៏ជួយអោយភាគីទាំងពីរខិតមកជិតគ្នាបន្ទាប់ពីភាពតានតឹងពាក់ព័ន្ធ ដល់អធិបតេយ្យភាពនៅសមុទ្រនាពេលកន្លងទៅផងដែរ។
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ Kyodo News) |
ចិននិងជប៉ុនសុទ្ធតែជាមហាអំណាចនៅក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះជានិច្ចកាលពោរពេញទៅដោយភាពតានតឹង ដោយសារជម្លោះនៅក្នុងប្រវត្តិសាស្ត្រនិងជម្លោះអធិបតេយ្យភាពនៅសមុទ្រ Hoa Tung។ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានរដ្ឋចិនលោក Xi Jinping តែងតែមានជំនួបទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំអន្តរជាតិនានា។ ប៉ុន្តែ នាយករដ្ឋមន្រ្តីជប៉ុនមិនបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ចិនចាប់តាំងពីឆ្នាំ២០១១មកហើយប្រធានរដ្ឋចិនក៏មិនមានដំណើរទស្សនកិច្ចណាមួយទៅកាន់ជប៉ុនកាលពីឆ្នាំ២០១០ផងដែរ។
ពេលវេលាដ៏សមស្រប
តាំងពីយូរលង់ណាស់មកហើយ មហាជនមិនឃើញដំណើរទស្សនកិច្ចជាន់ខ្ពស់ជាផ្លូវការណាមួយរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ីភាគឦសាននេះឡើយ ហេតុដូច្នេះដំណើរទស្សនកិច្ចនៅចិនរបស់នាយករដ្ឋមន្រ្តីលោក Shinzo Abe លើកនេះទាក់ទាញបានការយកចិត្តទុកដាក់ជាពិសេស។ នេះជាពេលវេលាដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមិត្តភាព (ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៨)។ ទិវាខួបអនុស្សាវរីយ៍នេះ ត្រូវបានចាត់ទុកថា ជាពេលវេលាដ៏សមស្របដើម្បីតូក្យូនិងប៉េកាំងចាប់ផ្ដើមដាក់គ្រឹះស្ថានសម្រាប់ដំណាក់កាលថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។
នាបច្ចុប្បន្ន ទំនាក់ទំនងចិន-ជប៉ុនកំពុងមានការរីកចម្រើនមួយចំនួនបន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ទៅកាន់តូក្យូ កាលពីខែឧសភាកន្លងទៅ។ ភាគីទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងមួយចំនួនដែលត្រូវបានជំរុញឲ្យដំណើរការនាពេលខាងមុខ។
ក្នុងពេលជាមួយគ្នានោះ ចំពោះចិនវិញ ទំនាក់ទំនងកាន់តែអាក្រក់ទៅៗជាមួយអាមេរិកក្រោមអំណាចរបស់ប្រធានាធិបតីលោក Donald Trump បានជំរុញឲ្យប៉េកាំងបើកទូលាយកិច្ចសហប្រតិបតិ្តការជាមួយជប៉ុន។ ហើយបច្ចុប្បន្ននេះគឺជាពេលវេលាចាំបាច់ដើម្បីប៉េកាំងធ្វើពិពិធកម្មទំនាក់ទំនងជាមួយដៃគូរបស់ខ្លួន ក្នុងនោះមានតូក្យូផងដែរ។
អត្ថប្រយោជន៍នៃដំណើរទស្សនកិច្ច
លើវិស័យនយោបាយ ដំណើរទស្សនកិច្ចលើកនេះនឹងជួយអោយជប៉ុននិងចិនទទួបានការអភិវឌ្ឍថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។ មុននឹងដំណើរទស្សនកិច្ចលើកនេះ លោក Shinzo Abe បានអះអាងថា ជប៉ុនត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនងជាមួយចិន។ លោកបានអះអាងថា ចង់នាំទំនាក់ទំនងទ្វេភាគីឈានទៅដំណាក់កាលថ្មី ហើយសង្កត់ធ្ងន់ដែរថា ជប៉ុននិងចិនមានការទទួលខុសត្រូវរួមក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
លើវិស័យសេដ្ឋកិច្ច ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាន់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ មានថ្នាក់ដឹកនាំសហគ្រាសជប៉ុនប្រមាណ៥០០នាក់នឹងអបដំណើរនាយករដ្ឋមន្រ្តីលោក Shinzo Abe ក្នុងឱកាសនេះ។ ប្រទេសទាំងពីរក៏នឹងរៀបចំវេទិកាធុរកិច្ចរួមមួយដោយមានការចូលរួមរបស់រដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំសហគ្រាសនៃប្រទេសទាំងពីរប្រមាណ១០០០នាក់ ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបតិ្តការវិនិយោគ។ ដោយហេតុនេះ អាចនិយាយបានថា ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសដើម្បីចិនស្នើឲ្យជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ។ សកម្មភាពទាំងនេះមានអត្ថន័យដ៏ធំធេងណាស់ ដោយសារនាបច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ខណៈដែលជប៉ុនជាដៃគូពាណិជ្ជកម្មធំទី២ ហើយជាវិនិយោគិនធំទី៤របស់ចិនផងដែរ។
ទំនាក់ទំនងរវាងចិននិងជប៉ុនដើរតួនាទីដ៏សែនសំខាន់នៅទ្វីបអាស៊ី ដោយជាប់ពាក់ព័ន្ធដល់បញ្ហាស្នូលៗជាច្រើនក្នុងតំបន់។ ហេតុដូច្នេះហើយ នេះជាពេលវេលាដើម្បីប្រទេសទាំងពីរនេះបោះ ចោលការថ្នាំងថ្នាក់ទាំងឡាយ ដើម្បីឆ្ពោះទៅរកដំណាក់កាលសហប្រតិបត្តិការថ្មីមួយ៕