រយៈពេល ២៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក៖ បណ្ដាសញ្ញាសម្គាល់នៃកិច្ចសហប្រតិបត្តិការ
(VOVWORLD) - ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៩៥ (ពោលគឺថ្ងៃទី ថ្ងៃទី ១២ ខែកក្កដា តាមម៉ោងអាមេរិក) បានក្លាយទៅជាទិវាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក ខណៈដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្រកាសនៅចំពោះមុខពិភពលោកនូវប្រក្រតីភាពទំនាក់ទំនងការទូតទាំងស្រុងជាមួយគ្នា ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ( រូបថត៖ Nhat Bac) |
ឆ្លងកាត់ឧបសគ្គ និងភាពខុសប្លែកពីគ្នាជាច្រើន អស់រយៈពេល ២៥ ឆ្នាំកន្លងទៅ វៀតណាម និងសហរដ្ឋអាមេរិកបានកសាងទំនុកទុកចិត្តយ៉ាងពិតប្រាកដ ហើយក្លាយទៅជាដៃគូគ្រប់ជ្រុងជ្រោយជាមួយគ្នា។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍយ៉ាងស៊ីជម្រៅរនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែស្ថិតនៅកម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងពហុភាគីទៀតផង។
បណ្ដាសមិទ្ធិគួរឱ្យចាប់អារម្មណ៍
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ជាមួយនឹងទស្សនវិស័យ និងការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរនោះ វៀតណាម និងសហរដ្ឋអាមេរិកបានជំនះពុះពារលើការលំបាកសាកល្បង ទុកអតីតកាលនៅមួយអន្លើ ឆ្ពោះទៅរកអនាគត បង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពដែនដី និងរបៀបរបបនយោបាយរបស់គ្នាទៅវិញទៅមក។ គោលការណ៍ទាំងនេះ បាន និងកំពុងត្រូវបានបង្ហាញលើគ្រប់វិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោងតាមការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកបានឈានដល់កម្រិតមួយដែលគ្មាននរណា នឹកស្មានដល់កាលពី ២៥ ឆ្នាំមុន។ មិនត្រឹមតែមានទំនាក់ទំនងនយោបាយ ការទូតប៉ុណ្ណោះទេ ថែមទាំងលើវិស័យដទៃទៀត ចាប់ពីទ្វេភាគី តំបន់ រហូតដល់កិច្ចសហប្រតិបត្តិការសកលលោកទៀតផង គឺសុទ្ធតែទទួលបានលទ្ធផលជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ បានក្លាយជាវិស័យស្នូល ហើយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនជាង ១៧០ ដង ពី ៤៥០ លានដុល្លារអាមេរិក នាឆ្នាំ ១៩៩៥ ដល់ ៧៧,៦ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៩។ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានអះអាងថា៖
“ខ្ញុំគិតថាប្រការ ដែលមានអត្ថន័យបំផុតគឺ យើងបានយកឈ្មះលើអតីតកាល កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ វៀតណាមនិងសហរដ្ឋអាមេរិកសុទ្ធតែជាដៃគូគួរឲ្យជឿទុកចិត្តរបស់គ្នាទៅវិញទៅមក ដើម្បីវិបុលភាពដូចគ្នា។ ខ្ញុំមានមោទនភាពចំពោះអ្វីៗ ដែល យើង បានរួម ដៃគ្នាអនុវត្តន៍ ហើយខ្ញុំគិតថា ទំនាក់ទំនងភាពជាដៃគូវៀតណាម - សហរដ្ឋអាមេរិកកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់“។
បង្កើតសន្ទុះសម្រាប់ទំនាក់ទំនងរយៈពេល ២៥ ឆ្នាំ ខាងមុខ
នាបច្ចុប្បន្ន ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកល COVID-19 ក៏ដោយ ប៉ុន្តែវៀតណាម និងសហរដ្ឋអាមេរិកនៅតែរក្សាសន្ទុះសហប្រតិបត្តិការ ហើយថែមទាំងពង្រីកលើវិស័យថ្មីមួយចំនួនដូចជា៖ ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ការ ផ្គត់ផ្គង់សំភារៈ បរិក្ខាពេទ្យ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថេរភាព និងប្រសិទ្ធភាព។ ជាពិសេស ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានសម្របសម្រួល ជំរុញបណ្ដាសកម្មភាពសហប្រតិបត្តិការសុខាភិបាលរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងនោះមានការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។
នាបច្ចុប្បន្ននេះ អាទិភាពចម្បងមួយ គឺធានានិន្នាការអភិវឌ្ឍន៍ វិជ្ជមាននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម -វិនិយោគ និងជួយឧបត្ថម្ភដល់ដំណើការស្ដារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ការបម្លាស់ទីនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ដោយសារជំងឺរាតត្បាត កំពុងបង្កើតឱកាសសម្រាប់ភាគីទាំងពីរពង្រឹងយ៉ាងខ្លាំងក្លាថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ។ រដ្ឋាភិបាលវៀតណាមសន្យាបន្តកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសសហរដ្ឋអាមេរិក ដើម្បីសហរដ្ឋអាមេរិកក្លាយទៅជាវិនិយោគិនជួរមុខនៅវៀតណាមនាពេលឆាប់ៗខាងមុខ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc បានមានប្រសាសន៍ថា៖
“ដំណើរការកសាងជំនឿចិត្ត ក្រោយរយៈពេល ២៥ ឆ្នាំ ទទួលបានការបោះជំហានដ៏ធំធេង ហើយបង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរពិចារណា និងជំរុញគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការថ្មីនាពេលខាងមុខ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរចាំបាច់ត្រូវបន្តសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈមនានា ដោយសារបម្រែបម្រួលដ៏ស្មុគស្មាញ នៃស្ថានភាពតំបន់ និងនៅលើពិភពលោក ដែលក្នុងនោះមានការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ គោរពច្បាប់អន្តរជាតិ ដោះស្រាយជំលោះដោយសន្តិវិធីនៅសមុទ្រខាងកើត និងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិយាយរួម និងដោះស្រាយបញ្ហានៅសេសសល់មួយចំនួនក្នុងទំនាក់ទំនងទ្វេភាគី។ ខ្ញុំមានសុទិដ្ឋិនិយមនិងជឿជាក់ថា ប្រទេសទាំងពីរនឹងពង្រីក សមិទ្ធិផលក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ជំនះពុះពារលើការលំបាកសាកល្បង ដើម្បីនាំទំនាក់ទំនងវៀតណាម - អាមេរិកឡើងកំពស់ថ្មីមួយ“។
ទំនាក់ទំនងសហរដ្ឋអាមេរិក - វៀតណាមមានការរីកចម្រើនជាច្រើន រួមមានទាំងលក្ខណៈគ្រប់ជ្រុងជ្រោយ និងយុទ្ធសាស្ត្រ។ បើប្រៀបធៀបទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាប្រទេស ដែលកំពុងជាដៃគូលើគ្រប់ជ្រុងជ្រោយ ឬយុទ្ធសាស្ត្រនោះ គឺទំនាក់ទំនងរវាងវៀតណាម - សហរដ្ឋអាមេរិកជាទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងពិតប្រាកដ៕