វៀតណាមខិតខំប្រឹងប្រែងដកកាតលឿង IUU

(VOVWORLD) - ក្រោយរយៈពេលជិត ៦ ឆ្នាំ (២០១៨-២០២៣) ដែលជលផលវៀតណាមទទួលការដាក់កាតលឿងដោយគណៈកម្មាធិការអឺរ៉ុប (EC) ជាមួយនឹងការចូលរួមយ៉ាងខ្លាំងនៃប្រព័ន្ធនយោបាយទាំងមូល សកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) បាននិងកំពុង ត្រូវបានរុញថយក្រោយ។ នោះគឺជាបុព្វបទដ៏សំខាន់ដើម្បីឲ្យវៀតណាមអាចដក "កាតលឿង" លើជលផលនាពេលឆាប់ៗនេះ បន្ទាប់ពី EC ធ្វើអធិការកិច្ចជុំទី ៤ ចាប់ពីថ្ងៃទី ១០-១៨ខែតុលានៅប្រទេសវៀតណាម។

ក្រុមអធិការកិច្ចរបស់ EC បានចុះត្រួតពិនិត្យលទ្ធផលនៃការអនុវត្តអនុសាសន៍របស់ EC ស្តីពីការបង្ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ចាប់ពីដំណើរអធិការកិច្ចលើកទី៣។ សកម្មភាពអធិការកិច្ច ផ្តោតលើការគ្រប់គ្រងនាវានេសាទដែលបំពានដែនទឹកបរទេស ការគ្រប់គ្រងនាវានេសាទដែលចេញចូលកំពង់ផែ និង ប្រតិបត្តិការនៅសមុទ្រ ការគ្រប់គ្រងវត្ថុធាតុដើមនាំចូល និងតាមដានប្រភពដើមជលផលពីការនេសាទ។

វៀតណាមខិតខំប្រឹងប្រែងដកកាតលឿង IUU - ảnh 1អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមនិងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU លោក Phung Duc Tien។ (រូបថត៖ TTXVN)

ដំណើរនៃកិច្ចខិតខំប្រឹងប្រែងជាមួយនឹងលទ្ធផលជាច្រើន

នាពេលកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តន៍បទប្បញ្ញត្តិច្បាប់ដោយភ្ជាប់នឹងអនុសាសន៍របស់ EC ក្នុងការដក “កាតលឿង”។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមនិងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU លោក Phung Duc Tien បានលើកច្បាស់ថា៖

“ផ្តោតការយកចិត្តទុកដាក់ជាដាច់ខាត ដើម្បីទប់ស្កាត់នាវានេសាទពីការរំលោភបំពានលើដែនទឹកបរទេស។ ប្រការនេះមានអត្ថន័យសំខាន់ និងលក្ខណៈសម្រេច។ ទាក់ទងនឹងការតាមដានប្រភពដើម យើងត្រូវធានាទិន្នផលនេសាទ នៅគ្រប់តំបន់ ហើយគ្រប់មូលដ្ឋានត្រូវតែតាមដានឱ្យបានហ្មត់ចត់នូវប្រភពដើម តាំងពីការកត់ត្រាកំណត់ហេតុ រហូតដល់តំបន់នេសាទ រយៈបណ្តោយ រយៈទទឹង ហើយនៅពេលនាំត្រីចូលកំពង់ផែត្រូវផ្ទៀងផ្ទាត់ប្រភពដើម ហើយនៅពេលនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប ត្រូវតែមានសំណុំឯកសារពីការនេសាទរហូតដល់ទីផ្សារ”។

ដើម្បីមានមូលដ្ឋានច្បាប់ដើម្បីអនុវត្តន៍អនុសាសន៍របស់ EC ចាប់តាំងពីឆ្នាំ ២០១៩ មក វៀតណាមបានសុក្រិតក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន ដោយបំពេញតាមតម្រូវការនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ បន្ទាប់មក វៀតណាមបានពិនិត្យ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមក្របខ័ណ្ឌច្បាប់ ឲ្យស្របតាមការតថភាពជាក់ស្ដែងនៃរបរនេសាទវៀតណាម និងបទប្បញ្ញត្តិអន្តរជាតិ តាមអនុសាសន៍របស់ EC។ វៀតណាមក៏បានចេញផ្សាយកម្មវិធី គម្រោង និងផែនការមេស្ដីពីការអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ធ្វើសមាហរណកម្មអន្តរជាតិ និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជលផលវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

មកទល់នឹងពេលនេះ ខេត្តក្រុងជាប់មាត់សមុទ្រចំនួន ២៦/២៨ ក្រោមឱវាទរដ្ឋាភិបាល បានសម្រេចរួចរាល់នូវការត្រួតពិនិត្យនាវានេសាទដែលមានស្រាប់នៅក្នុងមូលដ្ឋាន កំណត់កូតានេសាទក្នុងដែនទឹកជាប់ឆ្នេរនិងតំបន់នាយសមុទ្រ អនុលោមតាមបទបញ្ញត្តិនៃមាត្រទី ៤៩ នៃច្បាប់ជលផលឆ្នាំ២០១៧។ កម្មវិធីមូលដ្ឋានទិន្នន័យជលផលថ្នាក់ជាតិ Vnfishbase ក៏ត្រូវបានដាក់ពង្រាយនៅខេត្តក្រុងចំនួន ៣១ ដែលមាននាវាចូលរួមប្រតិបត្តិការនេសាទ បំពេញតាមតម្រូវការមូលដ្ឋានទាក់ទងនឹងការគ្រប់គ្រងការនេសាទ ក្នុងនោះ ទិន្នន័យនាវានេសាទស្តីពីការចុះបញ្ជី ការផ្ដល់អាជ្ញាប័ណ្ណនេសាទសម្រាប់នាវានេសាទ ត្រូវបានធ្វើបច្ចុប្បន្នភាពនិងប្រើប្រាស់ជាប្រចាំនៅលើកម្មវិធី។

វៀតណាមខិតខំប្រឹងប្រែងដកកាតលឿង IUU - ảnh 2អធិការជលផលពិនិត្យឧបករណ៍ឃ្លាំមើលការធ្វើដំណើរនៅលើនាវានេសាទនៅសមុទ្រ។ (រូបថត៖TTXVN)

បន្តដោះស្រាយអនុសាសន៍របស់ EC ឱ្យបានល្អ

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីដកការព្រមាន "កាតលឿង" របស់ EC លើជលផល នាពេលកន្លងមកនេះ ប្រព័ន្ធនយោបាយទាំងមូលពីមជ្ឈិមដល់មូលដ្ឋានបានចូលរួមយ៉ាងខ្លាំងក្លា ហើយអនុវត្តន៍ជាបន្ទាន់នូវច្បាប់ប្រឆាំងនឹងការនេសាទខុសច្បាប់ ក៏ដូចជាដាក់ពង្រាយដំណោះស្រាយដើម្បីដោះស្រាយដល់ឬសគល់នូវបញ្ហានៅសេសសល់ ស្របតាមអនុសាសន៍របស់ EC។ លោក Tran Dinh Luan ប្រធាននាយកដ្ឋានជលផលបានមានប្រសាសន៍ថា៖

“ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងការនេសាទ IUU បានចុះមូលដ្ឋានដោយផ្ទាល់ដើម្បីត្រួតពិនិត្យ ដឹកនាំ និងដាស់តឿនជាបន្តបន្ទាប់។ ចំណែកគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រសួងកសិកម្មបានចុះទៅមូលដ្ឋានដែលនៅតែមានករណីរំលោភបំពានដើម្បីណែនាំផ្ទាល់។ តាមរយៈអធិការកិច្ច បានបង្ហាញឱ្យឃើញថា ប្រព័ន្ធនយោបាយទាំងមូល ពីមជ្ឈិមដល់មូលដ្ឋាន បានចូលរួមយ៉ាងប្ដូរផ្ដាច់ ដើម្បីដោះស្រាយការរំលោភបំពាន ហើយប្តេជ្ញាចិត្តដកកាតលឿង”។

បច្ចុប្បន្ននេះ វៀតណាមបានដំឡើងឧបករណ៍ឃ្លាំមើលការធ្វើដំណើរ (VMS) លើនាវានេសាទដែលមានប្រវែង ១៥ម៉ែត្រឡើងទៅ សម្រេចបានអត្រា ៩៧,៦៥% (ស្មើនឹងនាវានេសាទចំនួន ២៨.៧៨០ គ្រឿង)។ ប្រព័ន្ធឃ្លាំមើលនាវានេសាទត្រូវបានដាក់ពង្រាយដោយព្រមៗគ្នា ពីមជ្ឈិមដល់មូលដ្ឋាន ដោយមានការចែករំលែក និងតភ្ជាប់រវាងបណ្ដាស្ថាប័ននិងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ; រៀបចំការយាមប្រចាំការ ២៤/២៤ ម៉ោងដើម្បីតាមដាន និងគ្រប់គ្រងសកម្មភាពនាវានេសាទនៅសមុទ្រ។ វៀតណាមក៏បានទប់ស្កាត់ និងបញ្ឈប់ស្ថានការណ៍រំលោភបំពានរបស់នាវានេសាទវៀតណាមនៅក្នុងបណ្តាប្រទេស និងប្រទេសកោះប៉ាស៊ីហ្វិកផងដែរ។ ការងារអនុវត្តច្បាប់ ចាត់ការលើករណីបំពានដោយវិធានការរដ្ឋបាលត្រូវបានដាក់ពង្រាយយ៉ាងសកម្មនៅក្នុងមូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រជាច្រើន។

កិច្ចខិតខំប្រឹងប្រែងដើម្បីដក “កាតលឿង” ដោយបទប្បញ្ញត្តិច្បាប់ពេញលេញ ការសន្យាដ៏ខ្លាំងក្លា និងដំណោះស្រាយជាក់លាក់ជាច្រើនពីមជ្ឈិមដល់មូលដ្ឋាន មិនត្រឹមតែស្ដារឡើងវិញនូវកិត្យានុភាពរបស់ជលផលវៀតណាមនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការអភិវឌ្ឍរបរនេសាទវៀតណាមឲ្យកាន់តែទំនើបនិងប្រកបដោយចីរភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ