វៀតណាមជាសមាជិកដ៏មានការទទួលខុសត្រូវរបស់អាស៊ាន
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី១១ ខែតុលា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃប្រទេសវៀតណាម អញ្ជើញចូលរួមជំនួបប្រជុំ ថ្នាក់ដឹកនាំ អាស៊ាននានា (ALG) នៅក្នុងឱកាសកិច្ចប្រជុំជាប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF)និងធនាគារពិភពលោក (WB) ដែលកំពុងប្រព្រឹត្តទៅនៅកោះ Bali ប្រទេស ឥណ្ឌូនេស៊ី ហើយនឹងទៅបំពេញទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី១១ដល់ ថ្ងៃទី១២ ខែតុលា ផងដែរ។ ដំណើរទស្សនកិច្ចលើកនេះបានអះអាងនូវគោល បំណងចង់ជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀត ណាមជាមួយបណ្ដាប្រទេសអាស៊ាននានានិងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជា មួយឥណ្ឌូនេស៊ី។
កិច្ចប្រជុំជាប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF)និងធនាគារពិភពលោក (WB) ដែលកំពុងប្រព្រឹត្តទៅនៅកោះ Bali (រូបថត៖ jakartapost.com) |
ក្រោមប្រធានបទ “ឆ្លៀតយកជំហានលោតផ្លោះនៃបច្ចេកវិទ្យាដើម្បីកំណត់បាននូវរចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ចគ្របដណ្ដប់នានានៃពេលអនាគត” នោះ កិច្ចប្រជុំជាប្រចាំឆ្នាំនៃក្រុមប្រឹក្សាអភិបាលនៃ IMF និង WB ឆ្នាំ២០១៨ បានពិភាក្សាអំពីទិសដៅ គោលនយោបាយ និងដំណោះស្រាយនានា ដើម្បីឆ្លៀតយកការអភិវឌ្ឍដ៏ខ្លាំងក្លានៃបច្ចេកវិទ្យាសំដៅបម្រើដល់ការអភិវឌ្ឍដោយចីរភាព។
ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ ជំនួបប្រជុំ ថ្នាក់ដឹកនាំអាស៊ានបានប្រារព្ធឡើងនាថ្ងៃទី១១ ខែតុលា ក្រោមប្រធានបទ “ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបតិ្តការតំបន់និងសកលលោក”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc(រូបថត៖ TTXVN) |
សមាជិកមានការទទួលខុសត្រូវរបស់អាស៊ាន
ការចេញដំណើរចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអស៊ានលើកនេះគឺសំដៅអះអាងនូវតួនាទីជាសមាជិកដ៏សកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងប្លុកអាស៊ាន។ ប្រការនេះក៏បង្ហាញនូវការយកចិត្តទុកដាក់របស់វៀតណាមចំពោះយន្តការពហុភាគីសកលលោក ហើយចូលរួមចំណែកលើកស្ទួយឋានៈរបស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរ។
នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំនានានឹងផ្លាស់ប្ដូរគំនិតផ្ដួចផ្ដើម ទិសដៅនិងវិធានការដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការរវាងអាស៊ានជាមួយអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ គម្លាតអភិវឌ្ឍន៍ ជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្មតំបន់។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានដទៃអំពីសភាពការណ៍និងយថាទស្សន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជាការសាកល្បងនានាក្នុងបរិបទនៃសេដ្ឋកិច្ចតំបន់និងសកលលោកនាបច្ចុប្បន្នផងដែរ។
វាយតម្លៃចំពោះការចូលរួមរបស់វៀតណាមក្នុងអាស៊ាន អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក Bui Thanh Son បានអះអាងថា៖
“ក្នុងអំឡុងពេលចាប់តាំងពីចូលជាសមាជិកអាស៊ានមក វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវ ដែលបានរួមចំណែកជាច្រើនក្នុងការរក្សាសាមគ្គីភាព ឯកភាព និងលើកស្ទួយឋានៈរបស់អាស៊ាន។ នាពេលខាងមុខ វៀតណាមនឹងបន្តខិតខំលើកស្ទួយឋានៈនិងកិត្យានុភាពរបស់ខ្លួននៅវេទិកាពហុភាគីទាំងអស់ហើយ ក្នុងនោះអាស៊ានជាតំបន់ដែលយើងយកចិត្តទុកដាក់ជាពិសេសបំផុត”។
គោរពទំនាក់ទំនងជាមួយប្រទេសឥណ្ឌូនេស៊ី
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ហើយក៏ទទួលបានការរីកចម្រើនជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc លើកនេះ នឹងប្រព្រឹត្តទៅតែមួយខែប៉ុណ្ណោះក្រោយពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា)។ ប្រការនេះបង្ហាញនូវការគោរពរបស់វៀតណាមចំពោះតួនាទីនិងឋានៈរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់និងលើសកលលោក ក៏ដូចជាគោលបំណងរបស់វៀតណាមចង់សហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ីនិងប្រទេសដទៃក្នុងតំបន់ ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព វិបុលភាពនិងអភិវឌ្ឍន៍ដោយចីរភាព។
នាពេលថ្មីៗនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណាក់កាល២០១៩-២០២៣។ ក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាលើវិធានការជាច្រើនដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០ពាន់លានដុល្លាអាមេរិកនាពេលខាងមុខផងដែរ។
ដំណើរទស្សនកិច្ចចូលរួម ALG និងដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសរឲ្យឃើញនូវការរួមចំណែកនិងការទទួលខុសត្រូវរបស់វៀតណាមក្នុងការបង្កើនចំណងសាមគ្គីភាព ឯកភាព និងតួនាទីជាស្នូលរបស់អាស៊ាននៅក្នុងតំបន់ ព្រមទាំងអះអាងថា វៀតណាមគោរពនិងមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ីឲ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕